នាយរងការិយាល័យសេដ្ឋកិច្ចខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា ដាក់កុងត្រូលជជុះ ចាំជម្រិតយកលុយពីប្រជាពលរដ្ឋដឹកអុស និងដឹកធ្យូង
កំពង់ធំ៖ លោកវរសេនីយ៍ទោ ហួត គឹមហ៊ត ដែលគេស្គាល់ច្បាស់ថា មានតួនាទីជានាយរងការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំដែលមានរហ័ស[នាមឥន្រ្ទី.២] បានដាក់កុងត្រូលជជុះ ហើយបញ្ជារកូនចៅ ចាំជម្រិតយកលុយពីប្រជាពលរដ្ឋដឹកអុសនិងដឹកធ្យូង មិនតែប៉ុណ្ណោះមានលេចឮព័ត៌មានមកថា លោក ហួត គឹមហ៊ត នេះក៏ជាឈ្មួញរកស៊ីបទល្មើសព្រៃឈើលាក់មុខម្នាក់ផងដែរ។
បើតាមប្រជាពលរដ្ឋ ដែលជាអ្នករកស៊ីដឹកអុសក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថាពួកគាត់នៅពេលដែលដឹកជញ្ជូនអុសឆ្លងកាត់ស្នាក់ការកុងត្រូលជជុះរបស់លោក ហួត គឹមហ៊ត តម្រូវឱ្យពួកគាត់បានបង់លុយ ទៅឲ្យកូនចៅរបស់លោក[ឥន្ទ្រី២]ជាប្រចាំ ប្រជាពលរដ្ឋបានបន្ដលេីកឡេីងទៀតថា ក្រោយពីបានបង់លុយឱ្យទៅ កូនចៅលោកឥន្រ្ទី ២ រួចរាល់ហើយ ហេតុម្តេចឡើយ នៅមានលោក{ឥន្ទ្រី១ នាយការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ} បែរជាមកចាប់ឃាត់រថយន្ត និងរ៉ឺម៉កដឹកអុសរបស់ពួកគាត់ទៀត? ពីព្រោះថាអស់លោកទាំងពីរនាក់នេះជានគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំដូចគ្នា។
ប្រជាពលរដ្ឋដដែលបានបន្តទៀតថា លោក ហួត គឹមហ៊ត រហស្សនាម[ឥន្ទ្រី២] សព្វថ្ងៃនេះកំពុងតែយកមន្ត្រីដែលចូលនិវត្តន៍ ថ្នាក់លើបានកាត់ឈ្មោះចេញពីក្របខ័ណ្ឌរួចហើយនោះឱ្យមកដេកចាំជម្រិតយកលុយពីប្រជាពលរដ្ឋ ដូចជារ៉ឺម៉កដឹកធ្យូង និងដឹកអុសជាលក្ខណៈគ្រួសារ ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពព័ត៌មានមួយទៀតបានឲ្យដឹងទៀតថានៅក្នុងស្រុកប្រាសាទបល្ល័ង្គវិញ លោកនាយរងការិយាល័យសដ្ឋកិច្ចខេត្តកំពង់ធំរូបនេះ បានបញ្ជារឱ្យប្រជាពលរដ្ឋម្នាក់ដែលគ្មានតួនាទី នៅអង្គុយចាំយកលុយពីរ៉ឺម៉កដឹកធ្យូងនិងរ៉ឺម៉កដឹកអុសពីប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដូចគ្នាទៅនឹងស្រុកស្ទោងផងដែរ ទង្វើររបស់លោកវរសេនីយ៍ទោ ហួត គឹមហ៊ត ដែលកំពុងអនុវត្តខាងលើនេះ សបញ្ជាក់ឱ្យឃើញថា លោកនាយរងការិយាល័យសដ្ឋកិច្ចខេត្តកំពង់ធំ កំពុងតែប្រព្រឹត្ដិផ្ទុយពីច្បាប់ ក្នុងរូបភាពជម្រិតយកលុយពីប្រជាពលរដ្ឋ និងអ្នករកស៊ីបទល្មើសព្រៃឈើនៅក្នុងតំបន់ ម្យ៉ាងវិញទៀត លោក ហួត គឹមហ៊ត បានលួចប្រមូលទិញឈើស្ងាត់ៗដើម្បីដឹកជញ្ជូនយកទៅលក់បន្តថែមទៀតផង។
ប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថាជាក់ស្ដែងដូចករណីមួយកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋខេត្តកំពង់ធំ រហស្សនាមឥទ្ទ្រី១ បានចាប់រថយន្តដឹកអុសចំនួន២គ្រឿង ប៉ុន្តែលោក ហួត គឹមហ៊ត រហស្សនាមឥន្ទ្រី២ ជាអ្នកអន្តរាគមន៍សម្របសម្រួលឲ្យមានការដោះលែងវិញជាថ្នូរនិងលុយរាប់លានរៀល នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំដូចគ្នាសោះ ចាំបាច់មានម្នាក់ចាប់ មានម្នាក់ដាក់កុងត្រូលជជុះអញ្ចឹងទៅវិញ ?។
ករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋធ្វើការសំណូមពរដល់ លោក ស្នងការនគរបាលខេត្តកំពង់ធំ និងឯកឧត្តមនាយឧត្តមសេនីយ៍ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាជួយពិនិត្យ និងធ្វើការស្រាវជ្រាវក្នុងករណីប្រជាពលរដ្ឋចោទប្រកាន់ លោក វរសេនីយ៍ទោ ហួត គឹមហ៊ត ជានាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំរហស្សនាម[ឥទ្ទ្រី២]។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបកស្រាយបំភ្លឺពីលោក ហួត គឹមហ៊ត នាយរងការិយាល័យសេដ្ឋកិច្ចខេត្តកំពង់ធំ រហស្សនាមឥន្ទ្រី២ បានទេរហូតមកដល់ថ្ងៃចេញផ្សាយ ដោយពុំមានលេខទូរសព្ទទំនាក់ទំនងបាន។
អង្គភាពព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺពីគ្របភាគី នៅរៀងរាល់ម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៃកម្ពុជា។