កីឡា និងសិល្បៈ

សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ ចោទប្រកាន់ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា និងបក្ខពួក ធ្វើប្លង់កម្មសិទ្ធិរំលោភលើដីសហគមន៍

ព្រះសីហនុ៖ ប្រជាសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ ៣៣៩គ្រួសារ បានចោទថា លោក ឆាយ សុគន្ធដា មានតួនាទីជាអភិបាលស្រុកកំពង់សីលា និងបក្ខពួក បានរំលោភយកដីសហគមន៍ ប្រមាណជា ៣០ហិកតា មកធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ ក្នុងដីគម្របបរិស្ថាន។

លោក ឃុត ស៊ីនឿន ជាប្រធានគណៈកម្មការ ក្នុងអាណត្ដិទី៥ សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ បានប្រាប់អង្គភាពសារព័ត៌មានយើងថា សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ បានបង្កើតឡើង កាលពីឆ្នាំ២០០០ មានលោក សំ ថរ ជាប្រធានសហគមន៍ រហូតដល់ឆ្នាំ២០០៩ សហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ ទទួលបានកិច្ចព្រមព្រៀងដើម្បីគ្រប់គ្រង និងការពារដីព្រៃ លើផ្ទៃដីសរុបចំនួន ៧៩៣ ហិកតា ស្ថិតនៅក្នុងភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្ដព្រះសីហនុ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៣៣៩គ្រួសារ ការពារតំបន់ព្រៃឈើក្នុងសហគមន៍នេះ។

លោក ឃុត ស៊ីនឿន បានបន្ដទៀតថា នៅឆ្នាំ២០២២ ស្រាប់តែលេចឮថា ដីសហគមន៍ដែលរូបលោក រួមទាំងប្រជាពលរដ្ឋចំនួន ៣៣៩គ្រួសារ កំពុងគ្រប់គ្រង និងការពារ ជាដីសម្បត្ដិសាធារណៈរបស់រដ្ឋនោះ ត្រូវបានគេធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ហៅថាប្លង់រឹង ចំនួន ០៤ ប័ណ្ណក្បាលដី សរុបទំហំដីជាង ៣០ហិកតា ដែលក្នុងនោះ មានឈ្មោះ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា កាន់កាប់ចំនួន ២ក្បាលដី ទំហំជាង ១៥ ហិកតា និងឈ្មោះ វ៉ាន់ រដ្ឋា ឈ្មោះ លី ស្រីមុំ កាន់កាប់ចំនួន ១ក្បាលដីទំហំ ៧ ហិកតា ព្រមទាំងមួយក្បាលដីទៀត ដោយលោកពុំបានស្គាល់ឈ្មោះអ្នកកាន់កាប់ និងចំនួនទំហំដី នោះទេ។

លោក ឃុត ស៊ីនឿន បានបញ្ជាក់បន្ថែមថា ដល់ឆ្នាំ២០២៣ រូបលោកត្រូវបានគណៈកម្មការ និងសមាជិកក្នុងសហគមន៍ បានបោះឆ្នោតជ្រើសរើសរូបលោកឱ្យធ្វើជាប្រធានសហគមន៍។

លោកបានប្រាប់ទៀតថា ទីតាំងដីសហគមន៍អ្នកតាថ្មព្រង់ខាងលើនេះ ជាសម្បត្ដិសាធារណៈរបស់រដ្ឋ ដែលជាដីគ្រប់គ្រងដោយ ក្រសួងចំនួនពីរ មានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ចាន់ ពន្លក ដែលប្រជាសហគមន៍បានឱ្យដឹងថា មានតួនាទីជា អភិបាលរងស្រុកកំពង់សីលា បានដឹកយកគ្រឿងចក្រមួយគ្រឿង ជាប្រភេទ អេស្កា ធ្វើសកម្មភាពឈូសឆាយ លើដីដែលគ្រប់គ្រងសហគមន៍ ស្ថិតនៅភូមិ ឃុំ ខាងលើ ក្រោមការបញ្ជាដោយលោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា។ ពេញមួយព្រឹក នៅថ្ងៃដដែលនេះ គ្រឿងចក្រអេស្កា ដែលបានដឹកនាំដោយ លោក ចាន់ ពន្លក បានធ្វើសកម្មភាពឈូសឆាយ វាយកម្ទេចព្រៃ ឱ្យរៀបស្មើដី ក្នុងទំហំប្រមាណជាង ៥០០០ ម៉ែតក្រឡា។

បន្ទាប់ពីដឹងថា មានការចូលឈូសឆាយ នៅទីតាំងដីសហគន៍ព្រៃឈើអ្នកតាថ្មព្រង់ ប្រជាសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ជាច្រើននាក់ បានរួមគ្នា ទប់ស្កាត់ និងឃាត់គ្រឿងចក្រដែលបានកំពុងធ្វើសកម្មភាពឈូសឆាយព្រៃនោះភ្លាមៗ។ ក្រោយពីបានធ្វើការទប់ស្កាត់ និងបង្អាក់សកម្មភាពគ្រឿងចក្រខាងលើនេះ ប្រជាសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ បានរាយការណ៍ទៅលោកមេភូមិថ្មី ឈ្មោះ ប៊ូ សាម៉េត និងលោកមេឃុំកំពង់សីលា ឈ្មោះ ផុង គា ដើម្បីពិនិត្យ ដោះស្រាយ និងទប់ស្កាត់ការឈូសឆាយដីសហគមន៍ បន្ដមកទៀត លោក ចាន់ ពន្លក ជាអភិបាលស្រុកកំពង់សីលា បានចុះមកដល់ទីតាំងកើតហេតុ លោកបានប្រកែកជាមួយប្រជាសហគមន៍ ដែលបានធ្វើការទប់ស្កាត់ការឈូសឆាយដីព្រៃនោះ ហើយលោក ក៏បាននិយាយអះអាងថា គេឈូស តែដីដែលមានប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់ តែប៉ុណ្ណោះ មិនបានឈូសឆាយលើដីសហគមន៍នោះទេ រួចក៏បញ្ជាឱ្យដឹកគ្រឿងចក្រចាកចេញពីទីតាំងនោះតែម្ដង ដោយមានកម្លាំនគរបាលមកជាមួយផង។

បន្ដមកទៀត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ មានការបញ្ជាឱ្យដឹកគ្រឿងចក្រ មួយគ្រឿងទៀត បំរ៉ុងនឹងធ្វើសកម្មភាពឈូសឆាយ លើទីតាំងដីដដែល ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋឃ្លាំមើល រយៈពេល៣ថ្ងៃ រួចក៏បានដឹកគ្រឿងចក្រនោះចេញទៅវិញ ដោយពុំបានធ្វើសកម្មភាពអ្វីនោះឡើយ។

ប្រជាពលរដ្ឋក្នុងសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ចំនួន ១៣៥០នាក់ ស្មើនឹង ៣៣៩គ្រួសារ កើតការហួសចិត្ដ ត្បិតអី ដីសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ ដែលជាដីសម្បត្ដិសាធារណៈរបស់រដ្ឋ ត្រូវបានការពារដោយសហគមន៍ ចាប់តាំងពីឆ្នាំ២០០០ មក បែរជាមានអ្នកមកធ្វើប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ដោយប្រជាសហគមន៍ ៣៣៩គ្រួសារ ពុំបានដឹងអ្វីបន្ដិចសោះ ចំពោះលួចលាក់ធ្វើប្លង់ស្ងាត់ៗ លើដីសម្បត្ដិសាធារណៈរបស់រដ្ឋ ទុកជាផលប្រយោជន៍ផ្ទាល់ខ្លួន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ពុំអាចធ្វើការសាកសួរព័ត៌មានលំអិតពីលោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ជុំវិញការចោទប្រកាន់ពីប្រជាសហគមន៍ព្រៃឈើអ្នកតាថ្មព្រង់ បាននោះទេ ដោយខលចូលពុំមានអ្នកលើកទូរសព្ទ រហូតដល់ម៉ោងចេញផ្សាយ។

អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំ ការបំភ្លឺ ឬ ការផ្ដល់ព័ត៌មានលំអិត រៀងរាល់ម៉ោងធ្វើការ។

Related Articles

Back to top button
error: Content is protected !!