លោកជំទាវ ងិន លីណា បានដឹកនាំក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បោះជំរុំយុវជន ដើម្បីអបអរទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ក្រោមប្រធានបទ “ទន្លេរបស់យើង អនាគតយើង”

ស្ទឹងត្រែង ៖ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារយេនឌ័រ បោះជំរុំយុវជន ដើម្បីអបអរទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេ ក្រោមប្រធានបទ “ទន្លេរបស់យើង អនាគតយើង” ដើម្បីការពារទន្លេរបស់យើងឱ្យមានសុខភាពល្អ ទាមទារឱ្យមានសកម្មភាពរួមគ្នា ជាកម្លាំងចលកររួម ក្នុងការការពារទន្លេ និងកាត់បន្ថយការបំពុលបរិស្ថាន សំដៅរក្សានូវបានភាពសម្បូរបែបនៃធនធានធម្មជាតិ ធនធានជីវៈចម្រុះ និងធានានិរន្តរភាពបរិស្ថាននិងប្រព័ន្ធអេកូឡូហ្ស៊ី សម្រាប់មនុស្សជំនាន់ក្រោយ។
ថ្លែងក្នុងព្រឹត្តិការណ៍បើកកម្មវិធីបោះជំរុំយុវជន អបអរសាទរទិវាអន្តរជាតិនៃសកម្មភាពដើម្បីទន្លេក្រោមប្រធានបទ “ទន្លេរបស់យើង អនាគតរបស់យើង” រយៈពេលពីរថ្ងៃ នៅថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០២៥ នៅកោះហាន ខេត្តស្ទឹងត្រែង ថាទន្លេមេគង្គមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានជួយស្រោចស្រប់ដល់វិស័យកសិកម្ម ជលផល និងជីវចម្រុះ ព្រមទាំងបានរួមចំណែកដល់ការកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ ជាពិសេសជាសក្តានុពលមួយដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ អភិរក្សនូវផ្នែកវប្បធម៌ប្រពៃណី និងជាប្រវត្តិសាស្ត្រដ៏សំខាន់។ ម្យ៉ាងទៀតតំបន់នេះជាតំបន់រ៉ាមសារ ដែលមានផ្ទៃដីជាង១,៤ម៉ឺនហិកតា គ្របដណ្ដប់ដោយព្រៃលិចទឹក និងអន្លង់ជ្រៅៗ ដែលជាជង្រុកត្រី រួមទាំងសត្វស្លាបចម្រុះ ជាតំបន់មានសក្ដានុពលទេសចរណ៍មួយ ក្នុងខេត្តស្ទឹងត្រែង ដែលអាចទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឲ្យមកកម្សាន្ត។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១អាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» និងគោលដៅយុទ្ធសាស្រ្ត៥ មុំទី៤ នៃយុទ្ធសាស្រ្តនេះបានបង្ហាញច្បាស់អំពី សកម្មភាពអាទិភាពដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយភាព និរន្តរភាព ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងយកចិត្តទុកដាក់ និងសង្កត់ធ្ងន់ទៅលើការលើកកម្ពស់សមភាពយេនឌ័រ និងបរិយាប័ន្នផងដែរ។ លោកជំទាវបានមានប្រសាសន៍ផងដែរថា « ទឹក គឺជិវិត» ហើយប្រធានបទនៃព្រឹត្តិការណ៍ “ទន្លេរបស់យើង អនាគតរបស់យើង” គូសបញ្ជាក់ពីតួនាទីសំខាន់នៃទន្លេដែលមានសុខភាពល្អក្នុងការផ្តល់ទឹកសាបសម្រាប់បរិភាគ និងប្រើប្រាស់ គាំទ្រជីវៈចម្រុះ និងការអភិរក្សបេតិកភណ្ឌវប្បធម៌ ។
លោកជំទាវបានហៅព្រឹត្តិការណ៍នេះថាជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងសហគមន៍ ជាពិសេសយុវជន និងជំរុញការអនុវត្តបរិស្ថានប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោកជំទាវប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់អង្គការ OXFAM កម្ពុជា ដែលបានផ្តួចផ្តើមសកម្មភាពនេះឡើង និងអំពាវនាវ ឱ្យមានសកម្មភាពរួមគ្នា ទាំងប្រជាសហគមន៍ យុវជន អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន រួមគ្នាជាកម្លាំងចលករមួយ ក្នុងការការពារទន្លេ និងកាត់បន្ថយការបំពុលបរិស្ថាន សំដៅរក្សានូវភាពសម្បូរបែពនៃជីវៈចម្រុះ ធានានិរន្តរភាពបរិស្ថាននិងប្រព័ន្ធអេកូឡូហ្ស៊ី សម្រាប់មនុស្សជំនាន់ក្រោយ។
គូសបញ្ជាក់ផងដែរ ព្រឹត្តិការណ៍នេះរៀបចំដោយអង្គការអុកស្វាមកម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងបង្កើនទំនាក់ទំនងជាមួយអ្នកចូលរួម ស្វែងយល់ពីតំបន់ព្រៃលិចទឹកមេគង្គដែលកំណត់ថាជាតំបន់រ៉ាមសារ ព្រមទាំងស្វែងយល់អំពីបញ្ហាប្រឈមនៃបរិស្ថាន និងតម្រូវការបន្ទាន់សម្រាប់កិច្ចសហការដើម្បីអភិរក្សប្រព័ន្ធទន្លេដ៏សំខាន់នេះ។ ព្រឹត្តិការណ៍នេះមានអ្នកចូលរួមចំនួន ៦០ នាក់ រួមមានថ្នាក់ដឹកនាំស្ត្រី មន្ត្រីរដ្ឋាភិបាល ក្រុមយុវជន ប្រជានេសាទ និងអាជ្ញាធរមូលដ្ឋាន និងមានសកម្មភាពរួមសំខាន់មួយចំនួនដូចជា ការជួបជុំបោះជំរុំនៅកោះហាន ការពិភាក្សាតុមូល និងការធ្វើដំណើរតាមទូកដើម្បីមើលព្រៃលិចទឹកទន្លេមេគង្គ។