ព័ត៌មានជាតិ

លោក រស់ សារ៉េម សម្តែងការមិនពេញចិត្តចំពោះ លោក ឯម ទី ចៅសង្កាត់បារុង ដែលបានរារាំងមន្រ្តីសូរិយោដី មិនឲ្យចុះវាស់វែង ធ្វើប្លង់កម្មសិទ្ធិរបស់គាត់..!

ខេត្តកណ្តាល ៖ លោក រស់ សារ៉េម រស់នៅភូមិបារុង សង្កាត់បារុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានសម្តែងការមិនពេញចិត្ត ព្រមទាំងបានរិះគន់ទៅដល់លោក ឯម ទី ចៅសង្កាត់បារុង យ៉ាងចាស់ដៃ កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះថា រូបគាត់បានរងភាពអយុត្តិធម៌យ៉ាងខ្លាំងនៅចំណុចដីរបស់គាត់មួយកន្លែង ដោយសារមានឈ្មោះ រិត ផាត បច្ចុប្បន្នរស់នៅសង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ មកជំទាស់ដីរបស់គាត់ដែលអាស្រ័យផល និងគ្រប់គ្រងដីដែលមានទំហំទទឹង៧២ម៉ែត្រ និងបណ្តោយប្រវែង១៦៧ម៉ែត្រ ដែលជាដីរបស់គាត់បានកាន់កាប់ចាប់តាំងពីឆ្នាំ១៩៨៨ រហូតមកដល់បច្ចុប្បន្ននេះរូបគាត់មានអាយុ៧០ឆ្នាំហើយ។ ប៉ុន្តែនៅពេលដែលមន្ត្រីសុរិយោដី ក្រុងអរិយក្សត្របានចុះវាស់វែងធ្វើប្លង់ប្រព័ន្ធ ស្រាប់តែមានបុគ្គល ឈ្មោះ រិត ផាត បានមកធ្វើការរារាំងជំទាស់ទៅវិញ ធ្វើឲ្យមានការអាក់ខានការវាស់វែងលើដីកម្មសិទ្ធរបស់គាត់។

លោកអ៊ុំ រស់ សារ៉េម បានបន្តទៀតថា តើហេតុអ្វីភាគីដែលមកជំទាស់ គ្មានឯកសារអ្វីបន្តិចសោះ បែរជាមកជំទាស់ទាំងងងឹតងងុលបែបនេះ។ ដោយរងភាពអយុត្តិធម៌ រូបគាត់បានរត់រក និងផ្ដល់ប្រភពព័ត៌មានជូនអ្នកសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយរឿងពិត ឲ្យបានដឹងដល់ថ្នាក់ដឹកនាំ ពិសេសក្រសួងពាក់ព័ន្ធ និង រាជរដ្ឋាភិបាល បានជ្រាបជុំវិញករណីដីរបស់គាត់។

លោក អ៊ុំ មានចម្ងល់ចង់សួរទៅថ្នាក់នាំថា តើភាពអយុត្តិធម៌ដែលបុគ្គលមកជំទាស់នេះ កើតចេញពីប្រភពណាដែរ ឲ្យមករារាំងជំទាស់លើដីរបស់គាត់ ដែលគ្រប់គ្រងតាំងតែពីឆ្នាំ១៩៨៨ មកម្លេះ រហូតមកទល់ពេលនេះ។

លោក អ៊ុំ បានបន្ថែមទៀតថា ដីទាំងអស់មិនមែនជាដីរបបរបស់រដ្ឋដែលចែកឲ្យនោះទេ មានកន្លែងខ្លះរូបគាត់បានកាប់រុករានដើម្បីបន្តអាស្រ័យផល និងមានការផ្លាស់ប្តូរគ្នាទៅវិញទៅមកដើម្បីប្រមូលផ្តុំយកដីនេះ។

លោក អ៊ុំ សូមស្នើសុំដល់មន្ត្រីសូរិយោដី សូមមេត្តាពិចារណាដីរបស់គាត់ ដែលបានកាន់កាប់ជាក់ស្តែង រីឯភាគីជាប់ព្រំ គេមិនដែលមានជំទាស់អ្វីនោះទេ គឺរស់នៅសុខសាន្តរហូតមកដល់សព្វថ្ងៃនេះ ហើយជាក់ស្តែងនៅលើដីរបស់គាត់មានទ្រុងជ្រូក០១ គាត់បានធ្វើជាង១០ឆ្នាំមកហើយផងដែរ។

បើតាមលោកអ៊ុំ រស់ សារ៉េម  ក៏បានបន្តទៀតផងដែរថា៖ អ្នកដែលមកធ្វើការជំទាស់នោះ គឺប្រហែលជាបានអំណាចឥទិ្ធពលពី លោក ឯម ទី ចៅសង្កាត់បារុង ហើយមើលទៅ បើមិនមានអ្នកនៅពីក្រោយខ្នង បុគ្គលឈ្មោះ រិត ផាត នោះទេ ប្រហែលមិនហ៊ានមកបង្កបញ្ហានោះទេ ព្រោះដីគាត់អាស្រ័យផលតាំងតែពីអាណត្តិទី១ រហូតមកដល់អាណត្តិទី៤ អាជ្ញាធរគេទទួលស្គាល់ជាដីកម្មសិទ្ធិស្របច្បាប់របស់គាត់។

នៅមានថ្ងៃមួយលោកអ៊ុំ រស់ សារ៉េម បានសុំឲ្យលោក លាស់ មាស មេភូមិបារុងបញ្ជាក់ពីប្រវត្តិដី លោកមេភូមិបានឆ្លើយថា គាត់មិនហ៊ានបញ្ជាក់ទេព្រោះមានបទបញ្ជាពី លោក ឯម ទី ចៅសង្កាត់បារុង មិនឲ្យបញ្ជាក់នោះទេ។ ក្នុងការលើកឡើងរបស់លោកមេភូមិនេះហើយ ជាឥទ្ធិពលដែលមកជំទាស់ គឺផ្តើមចេញពីលោកចៅសង្កាត់ ដែលបានបញ្ជា ដោយប្រយោល បង្កហេតុបង្កើតរឿង ដើម្បីឲ្យគាត់រត់រក ដើម្បីផលប្រយោជន៍ ធ្លាក់ទឹកលុយម្ខាងៗ។

លោកអ៊ុំ រស់ សារ៉េម ពិតជាមានការងឿយឆ្ងល់ថា ក្នុងនាមជាមន្ត្រីអាជ្ញាធរមូលដ្ឋាន ចាំបាច់ប្រើល្បិចកលខ្ពស់ គ្រប់ជំពូកធ្វើយ៉ាងនេះធ្វើអ្វី  តើមូលហេតុអ្វីបានជាឲ្យប្រជាពលរដ្ឋត្រូវបង់ប្រាក់ ដោយគេអនុវត្តទៅតាមច្បាប់ ក៏ប៉ុន្តែប្រជាពលរដ្ឋគាត់អត់យល់ ប្រជាពលរដ្ឋខ្លះគ្រប់គ្រងដីគ្មានឯកសារក្នុងការទិញលក់ គ្មានភាគីណាជំទាស់ទេកន្លងមក តាំងពីឆ្នាំ១៩៨៨ មកម្លេះ។

ជាចុងក្រោយ លោក អ៊ុំ រស់ សារ៉េម ក៏បានសំណូមពរទៅដល់លោកអភិបាលក្រុងអរិយក្សត និងលោក អភិបាលខេត្តកណ្តាល សូមមេត្តាជួយផ្តល់ភាពយុត្តិធម៌ដល់រូបគាត់ ដែលបានរស់នៅក្រោមម្លប់ តេជោសន្តិភាព ធ្វើឱ្យប្រជាជនរស់នៅបានសុខសាន្ត និងមានភាពសុខដុមរមនា ក្នុងគ្រួសារគ្រប់ៗគ្នា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ រាជរដ្ឋាភិបាល។

ទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ លោក ឯម ទី ចៅសង្កាត់បារុង បានបំភ្លឺប្រាប់សារព័ត៌មានយើង តាមរយៈទូរស័ព្ទនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះថា ការធ្វើប្លង់ជាប្រព័ន្ធគឺត្រូវវាស់ជូនប្រជាពលរដ្ឋទាំងអស់ មិនថាដីទំនាស់ ឬមិនទំនាស់នោះទេ។ ប៉ុន្តែដីទំនាស់យើងដាក់ថាដីទំនាស់ រងចាំការដោះស្រាយហើយ យើងបានចេញកន្ទុយប័ណ្ណ និងបន្តចេញប្លង់រឹងជូនប្រជាពលរដ្ឋ ។ តើហេតុអ្វីការវាស់វែងដីលោកអ៊ុំ រស់ សារ៉េម លោកមេភូមិបារុងបានទូរស័ព្ទហៅគាត់មកដោះស្រាយ ប៉ុន្តែត្រូវបានគាត់បដិសេធទៅវិញ?

ចំនុចដែលមានភាពងឿយឆ្ងល់កាន់តែខ្លាំង ឈ្មោះ រិត ផាត បានទៅដាក់ពាក្យនៅសាលាសង្កាត់ គឺគាត់មិនមានឯកសារអ្វីនោះទេ ប៉ុន្តែជាដីកេរ្ត៍របស់ឪពុកគាត់ដែលរដ្ឋចែកឲ្យឆ្នាំ១៩៨៩ មិនមានឯកសារអ្វីនោះទេ លើកលែងអ្នកភូមិបានលក់ទៅឲ្យអ្នកដទៃទើបបានមានឯកសារឲ្យកាន់កាប់ ដើម្បីខ្ចីលុយធនាគារបាន។ គាត់មិនមានឯកសារអ្វីយោងនោះទេ យើងអាជ្ញាធរស្គាល់ ពួកគាត់បានរស់នៅតាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ រដ្ឋបានចែកដីធ្លីឲ្យប្រជាពលរដ្ឋបានកាន់កាប់បន្តរហូតដល់គាត់ស្លាប់ ដល់ពេលឪពុកស្លាប់កេរ្ត៍មរតក ត្រូវធ្លាក់មកកូន តែមិនមានទំនាស់ជាមួយកូនរបស់ រស់ សារ៉េម ដែលជាចៅ ជាមួយចៅតា រិត ឈ្មោះ រ៉ែម សំរ៉ង ចៅតារិត។

ក្រោយពីជីតាបានស្លាប់ទៅឪពុកមា បានឲ្យក្មួយកាន់កាប់អាស្រ័យផលរហូតមកដល់ដំណាក់កាលវាស់វែងធ្វើប្លង់ជាប្រព័ន្ធបានគាត់មកធ្វើ ប៉ុន្តែឈ្មោះ រ៉េម សំរង មិនចូលរួមសហការនោះទេ អញ្ជឹងឪពុកចេញមុខជាអ្នកផ្តល់បញ្ហា។

ជុំវិញការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីគ្រប់ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ស្តីពីរបបអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕

Related Articles

Back to top button
error: Content is protected !!