បុគ្គលមានឥទ្ធិពល ក្នុងខេត្តពោធិ៍សាត់ម្នាក់ សាងសង់របងថ្មហ៊ុំព័ទ្ធរំលោភយកដីប្រឡាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន…
ពោធិ៍សាត់៖ កាលពីកន្លងទៅសម្តេចប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ថា ព្រែក ប្រឡាយ អូរ បឹង ស្ទឹង ទន្លេ និងអាងទឹកជាដើម សុទ្ធសឹងតែជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋក្រោមការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ឬមន្ទីរធនធានទឹកនិងឧតុនិយមរបស់ខេត្តនីមួយៗ។ បើទោះបីជាប្រជាពលរដ្ឋចូលទៅកាន់កាប់អាស្រ័យផលនៅតាមចំណីបឹង ព្រែក អូរ និងដីអាងទឹកក៏ដោយ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត និងមន្ទីរជំនាញមិនទទួលស្គាល់ចេញប័ណ្ណកម្មសិទ្ធិឱ្យ និងមិនអាចធ្វើការលក់ដូរបានឡើយ ប្រសិនបើប្រជាពលរដ្ឋ ឬបុគ្គលណាម្នាក់ហ៊ានរំលោភបំពានលក់ដីបឹង ព្រែក ទន្លេ អូរ ស្ទឹង ឬអាងទឹក ត្រូវមានទោសទណ្ឌ។
ដោយឡែកដីប្រឡាយទឹកមួយកន្លែងស្ថិតនៅក្នុងភូមិសា្វយចំបក់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលប្រើប្រាស់ទឹកក្នុងប្រឡាយនោះដើម្បីស្រោចស្រប់ផលដំណាំស្រូវ ត្រូវបានមនុស្សម្នាក់ ដែលមានឥទ្ធិពល ជាមន្ត្រីជាន់ខ្ពស់ក្នុងសាលាខេត្តពោធិ៍សាត់ ធ្វេីរបងថ្មហ៊ុំព័ន្ធប្រឡាយជុំវិញ ដែលអាចបណ្ដាឱ្យស្ទះចរន្តទឹកហូរ យកធ្វើការកម្មសិទ្ធផ្ទាល់ខ្លួនទៅវិញ នេះបេីតាមការលេីករាយការណ៍របស់មន្ដ្រីសាលាខេត្តពោធិ៍សាត់ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ការសាងសង់របងថ្ម ដ៏រឹងមាំ ពីសំណាក់បុគ្គលដែលមានឥទ្ធិពលម្នាក់នោះ សង្ស័យថាគ្មានច្បាប់ទម្លាប់អ្វីនោះទេ ពោល ព្រោះតែអាងអំណាច និងឥទ្ធិពលរបស់ខ្លួន ទេីបមន្ដ្រីជំនាញពាក់ព័ន្ធ ហាក់គ្មានឆន្ទៈ និងគ្មានវិធានការដើម្បីទប់ស្កាត់នោះឡើយ។
ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលេីនោះលើកឡើងថា ការដែលធ្វើអ្វីតាមតែអំពើចិត្ត ហ៊ានបំពាន្តច្បាប់ លួចសាងសង់របង និងហ៊ុំព័ទ្ធលើប្រឡាយយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន(មិនខុសពីការលើកឡើងតៗគ្នា អ្នកចេះច្បាប់ដឹងច្បាប់ រំលោភច្បាប់នោះទេ)។
ការសាងសង់របងថ្មហុំព័ទប្រឡាយទឹក របស់បុគ្គលនោះ ឯកឧត្ដមអភិបាលខេត្តពោធិ៍សាត់ និងក្រសួងធនធានទឹកនិងឧតុនិយម គឺពុំគួរបណ្តែតបណ្តោយតទៅទៀតបានទេ ប្រសិនបេីមិនមានវិធានការទប់ស្កាត់ នោះច្បាស់ណាស់ដីប្រឡាយទឹកនោះ នឹងក្លាយជាដីឯកជន (ជាកម្មសិទ្ធិរបស់បុគ្គលម្នាក់នោះ) ជាក់ជាមិនខានឡើយ។
អង្គភាពសារព័ត៌មានយេីងខ្ញុំ ពុំអាចសុំការបំភ្លឺពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តពោធិ៍សាត់បាននោះទេទូរសព្ទចូល ប៉ុន្តែពុំមានអ្នកលេីក។
ក្រោយពី អង្គភាពសារព័ត៌មានយេីងខ្ញុំ បានទទួលដំណឹងនេះ អង្គភាសារព័ត៌មានយេីងខ្ញុំ សូមធ្វេីជាព័ត៌មានរាយការណ៍ គោរពជូនពរ ឯកឧត្ដមអភិបាលខេត្ត និងមន្រ្ដីជំនាញ មេត្ដាចុះពិនិត្យ និងធ្វេីការចុះផ្សាយដេីម្បីជូនដំណឹងនេះ បានជ្រាបដល់មហាជន ក៏ដូចជាថ្នាក់ដឹកនាំមេត្ដាជ្រាប។
អង្គភាពសារព័ត៌មានយេីងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពសង្គម ផ្សាយចេញនូវព័ត៌មានពិត ស្របតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ពុំបានមូលបង្កាច់បង្ខូចកេរ្ដិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ មន្រ្ដីសាលាខេត្តពោធិ៍សាត់នោះឡេីយ។