ព័ត៌មានជាតិ

ដើមឈើជាង​ ១លានដើម ត្រៀមចែកជូនប្រជាជនកម្ពុជា នាដេីមខែកក្ដដាខាងមុខនេះ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានបណ្ដុះកូនឈើបានចំនួន ១,២៩៣,៧១០ដើម ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ សាលារៀន និងតាមបណ្ដារដ្ឋបាលខេត្ដនានា ទូទាំងប្រទេសកម្ពុជា សម្រាប់ដាំស្ដារព្រៃឈើឡើងវិញក្នុងខែវស្សារខាងមុខនេះ។

ការចែកដើមឈើជាច្រើនប្រភេទ និងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺនឹងប្រព្រឹត្តិទៅនាថ្ងៃទី១០ ដល់ថ្ងៃទី១៦​ ខែកក្កដា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ផ្សព្វផ្សាយដាំដើមឈើ ក្រោមប្រធានបទ “ពន្លកបៃតង” ជាការរៀបចំឡើងដោយ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ស្ថិតនៅមុខអាគារទីស្ដីការក្រសួងបរិស្ថាន។ ព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយដាំដើមឈើ និងចែកដើមឈើនេះ គឺជាយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ក្នុង១ឆ្នាំ ដែលស្ថិតក្នុងយុទ្ធសាស្ត្រចក្រាបរិស្ថាន លើទិសដៅកម្ពុជា មានភាពបៃតង ៦០% នាឆ្នាំ២០៥០។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បានប្រាប់អ្នកសារព័ត៌មានថា ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គ្រប់មន្ទីរបរិស្ថាននៅតាមបណ្ដារាជធានី ខេត្ដ បានបណ្ដុះកូនឈើមកដល់ពេលនេះសរុបបានចំនួន ៩២៣,៧១០ ដើមរួចមកហើយ និងបន្ដបណ្ដុះបន្ថែមជាបន្ដបន្ទាប់ទៀត សម្រាប់ធ្វើចែកជូនប្រជាជន និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់រាជធានី ខេត្ត។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ដទៀតថាត្រឹមថ្ងៃទី០១ មិថុនានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបណ្ដុះកូនឈើដោយផ្ទាល់ចំនួន ៣៧ម៉ឺនដើម និងមន្ទីរបរិស្ថានខេត្តសៀមរាប មានចំនួន ១៨៣,០២៦ ដើម មន្ទីរបរិស្ថានខេត្ដកោះកុង ចំនួន ១០៤,២៥០ដើម មន្ទីរបរិស្ថានខេត្ដមណ្ឌលគីរី ចំនួន ៩៥,២៤៣ដើម, មន្ទីរបរិស្ថានខេត្ដបន្ទាយមានជ័យ ចំនួន ២៧,៥០៨ដើម, មន្ទីរបរិស្ថានខេត្ដបាត់ដំបង ចំនួន ៣២,៦៧៥ដើម, មន្ទីរបរិស្ថានខេត្ដកំពង់ចាម ចំនួន ១០,៤៥០ដើម, មន្ទីរបរិស្ថានខេត្ដកំពង់ឆ្នាំង ចំនួន ២២,៧១៥ដើម, មន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ ចំនួន ២២,៧១៥ដើម, មន្ទីរបរិស្ថានខេត្ដកំពង់ធំ ចំនួន ៤៧,៥៨០ដើម, មន្ទីរបរិស្ថានខេត្ដកំពត ចំនួន ១២,៩៩២ដើម, មន្ទីរបរិស្ថានខេត្ដកណ្ដាល ចំនួន ៣៧,៤៥២ដើម, មន្ទីរបរិស្ថានខេត្ដក្រចេះ ចំនួន ២១,៣៥០ដើម, មន្ទីរបរិស្ថានរាជធានីភ្នំពេញ ចំនួន ៥,៥០០ដើម, មន្ទីរបរិស្ថានខេត្ដព្រះវិហារ ចំនួន ១៣,១៧៦ដើម, មន្ទីរបរិស្ថានខេត្ដពោធិ៍សាត់ ចំនួន ១១,៧៦៤ដើម, មន្ទីរបរិស្ថានខេត្ដរតនគីរី ចំនួន ១៤,៧០២ដើម, មន្ទីរបរិស្ថានខេត្ដព្រះសីហនុ ចំនួន ៤៥,០៩៦ដើម មន្ទីរបរិស្ថានខេត្ដស្ទឹងត្រែង ចំនួន ៨,៩៨៨ដើម មន្ទីរបរិស្ថានខេត្ដស្វាយរៀង ចំនួន ៦,៤៤៣ដើម, មន្ទីរបរិស្ថានខេត្ដតាកែវ ចំនួន ១១,៧៨៥ដើម, មន្ទីរបរិស្ថានខេត្ដកែប ចំនួន ៤៥,០៥៩ដើម, មន្ទីរបរិស្ថានខេត្ដប៉ៃលិន ចំនួន ៩,៣៩៣ដើម, មន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ ចំនួន ៧៧,៩៥០ដើម, និងខេត្ដត្បូងឃ្មុំ ចំនួន ៣៧,៩៤៩ដើម ផងដែរ។

គួររលឹកផងដែរថា ក្រសួងបរិស្ថាន បានធ្វើការប្រកាសជាព័ត៌មាន និងជូនដំណឹង ដល់ប្រជាពលរដ្ឋ ក៏ដូចជាមន្ដ្រីរាជការ សាធារណៈជន អាចមកចុះឈ្មោះស្នើសុំដើមឈើដើម្បីយកទៅដាំ នៅទីធ្លាខាងមុខទីស្ដីការក្រសួងបរិស្ថានបាន ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយដាំដើមឈើ ចាប់ពីថ្ងៃទី១០​ ដល់ថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២៤ តាមស្ដង់ពិព័រណ៍របស់មន្ទីរបរិស្ថានគ្រប់ខេត្ដ រាជធានី ចាប់ពីម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ៥:០០នាទីរសៀល។

Related Articles

Back to top button
error: Content is protected !!