អភិបាលខេត្តពោធិ៍សាត់ បានព្រមានចាត់វិធានតឹងរឹងបំផុត ចំពោះអ្នកពាក់ព័ន្ធករណីកាប់ទន្រ្ទាន រំលោភយកដីរដ្ឋរាប់ម៉ឺនហិកតា នៅនៅស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ
ពោធិ៍សាត់៖ ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបករណីកាប់ទន្ទ្រាន ឈូសឆាយ រុករាន រំលោភយយកដីព្រៃរបស់រដ្ឋរាប់ម៉ឺនហិកតាធ្វើជាកម្មសិទ្ធ ស្ថិតក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ព្រមទាំងព្រមានចាត់វិធានតាមផ្លូវច្បាប់ម៉ឺងម៉ាត់ដោយមិនលើកលែងចំពោះអ្នកពាក់ព័ន្ធ ឬនៅពីក្រោយនៃការរំលោភបំពាននេះឡើយ។នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារដឹកនាំរួមបានចុះត្រួតពិនិត្យដោយផ្ទាល់ ទៅលើទីតាំងមួយចំនួនដែលជាចំណុចក្តៅគគុក ក្នុងស្រុកវាលវែង និងបានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនល្មើស និងអ្នកពាក់ព័ន្ធ ដោយគ្មានការលើកលែង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមការងារទាំង៩ នៃអនុគណៈកម្មការទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ធ្លាប់បានចុះបង្ក្រាបឃ្លុំទុក និងដកហូតផ្ទៃដី ដែលជនល្មើសបានកាប់ទន្ទ្រាន បានប្រមាណជិត ២ម៉ឺនហិកតា យ៉ាងណាក្តី ក៏សកម្មភាពកាប់រាន ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិនៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យ នៅទីតាំងចាស់ និងទីតាំងថ្មី ពិសេសក្នុងរដូវប្រាំងនេះ។ឯកឧត្ដម អភិបាលខេត្តពោធិ៍សាត់ តែងតែរំលឹក នឹងធ្លាប់បានព្រមាននៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការថ្នាក់ខេត្ត និងអនុគណៈកម្មការទាំង ៩ក្រុម កាលពីរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថា «លោកនឹងជាសាច់ស្អុយ ចំពោះមន្ត្រីណាក៏ដោយដែលបានឃុបឃិតជាមួយជនល្មើសរួមគំនិតបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន ដោយធ្វើការស្នើសុំគោលការណ៍ ទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តអភិក្រមទី៥ គឺការវះកាត់ផ្ទាល់តែម្តង»។
ក្នុងនោះផងដែរ ឯកឧត្ដម បានបញ្ជាក់ថា «ស្រុកវាលវែង គឺស្រុកប្រឈមខ្ពស់ និងជាចំណុចក្តៅគគុក នៃមហន្តរាយធនធានធានធម្មជាតិ តាមរយៈការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងដុតបំផ្លាញព្រៃឈើ ដើម្បីហ៊ុំព័ទ្ធរំលោភយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ ពីសំណាក់ជនល្មើស និងមានមន្ត្រីគ្រាប់ល្ពៅមួយចំនួនដែលកំពុងជាប់ពាក់ព័ន្ធមានជាលក្ខណៈប្រព័ន្ធតែម្តង»។គួរជម្រាបជូនថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីសម្រេចលេខ ០៨៣/២៣ សសរ.ខពស ស្តីពី ការបង្កើតអនុគណៈកម្មការ និងក្រុមលេខាធិការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។
សេចក្តីសម្រេចខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ទាក់ទងនឹងការទប់ស្កាត់ការកាប់ព្រៃឈើទន្ទ្រានយកដី ពីសំណាក់ជនខិលខូច ដែលលួចឆ្លៀតឱកាស ស្របពេលដែលការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ខិតជិតមកដល់៕ជាបន្ត ឯកឧត្ដម ខូយ រីដា ជាអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្ដមនឹងប្រើប្រាស់ពេលវេលាមិនថាថ្ងៃឈប់សម្រាកក៏ដោយ ឯកឧត្ដម នឹងចុះទៅផ្ទាល់ដល់គ្រប់គោលដៅដែលប្រឈម ដើម្បីចាត់វិធានការក្តៅចំពោះជនល្មើស និងអ្នកពាក់ព័ន្ធដោយគ្មានការលើកលែងដាច់ខាត។
ជាចុងក្រោយ ឯកឧត្ដម ក៏សូមស្នើដល់អនុគណ:កម្មការទាំង ០៩ក្រុម ត្រូវបន្តចុះត្រួតពិនិត្យទីតាំងចាស់ ដែលបានដកហូត និងឃ្លុំទុកកន្លងមក ព្រមទាំងឡើងផែនទី និងធ្វើរបាយការណ៍ជាក់លាក់ ក្នុងការពិនិត្យករណីកាប់ទន្ទ្រាន រុករានថ្មី ដោយកំណត់មុខសញ្ញាស្រាវជ្រាវចាប់ខ្លួនជនប្រព្រឹត្តបទល្មើសមកផ្តន្ទាទោសឱ្យបានដាច់ខាត ទោះលំដាប់ណាក៏ដោយ។ បន្ថែមពីនោះត្រូវដាក់ទីតាំងឈរជើង និងត្រៀមកូនឈើសម្រាប់ដាំឡើងវិញផងដែរ។ ដោយ ៖ ដួង សុីថន