ថ្នាក់ដឹកនាំសមាគមយុវជនពន្លឺព្រះចន្ទ បានដឹកនាំសមាជិក សមាជិកា អមដំណើរ ឯកឧត្តម ហែម ប្រសើរ ចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំសមាគមយុវជនពន្លឺព្រះចន្ទ បានអមដំណើរ ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមទីប្រឹក្សាព្រះមហាក្សត្រ និង ជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូចូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់បានយាងចូលទិវង្គតកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះ ពិធីនេះត្រូវបានជួយរៀបចំ និង សម្របសម្រួលដោយ ឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងធម្មការនិងសាសនា ។
ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាទាំងអស់ នៃសមាគមយុវជនពន្លឺព្រះចន្ទ សូមសម្តែងនូវសមានចិត្តសោកស្តាយ និង ក្រៀមក្រំអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់ សម្តេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលជាធនធាន និង ជាវិរៈសង្ឃកំពូល ដែលបានស្តារនិងទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាអត្តសញ្ញាណជាតិខ្មែរយើង ។