ព័ត៌មានជាតិ

ទិវាជាតិអាហាររូបត្ថម្ភ ៦ វិច្ឆិកា៖ ក្រសួងបរិស្ថានត្រូវបន្តអនុវត្ត និងសម្របសម្រួល ក្នុងការលើកកម្ពស់ជីវភាព និងបង្កើនអាហារូបត្ថម្ភ ប្រជាសហគមន៍មូលដ្ឋាន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ចំនួន៨ នៅក្នុងសារលិខិតអបអរសាទរ ទិវាជាតិអាហាររូបត្ថម្ភ ៦វិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះអនុសាសន៍ទី៤ សម្តេចអធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងបរិស្ថាន ត្រូវបន្តអនុវត្ត និងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់ ជីវភាព និងបង្កើនអាហារូបត្ថម្ភប្រជាសហគមន៍មូលដ្ឋាន តាមរយៈ “អភិរក្ស និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ប្រកបដោយចីរភាព និងអភិវឌ្ឍគាំទ្រសហគមន៍អេកូទេសចរណ៍ “ដោយរៀបចំឱ្យមានសហគមន៍អេកូទេសចរណ៍ ផ្តល់សេវាល្អ ចងក្រងរបៀងសហគមន៍អេកូទេសចរណ៍ ។

តាមរយៈការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងបង្កើនការងារបៃតងផ្សេងៗទៀត តាមសហគមន៍មូលដ្ឋាន និងបន្តជំរុញយុទ្ធនាការដាំដើមឈើមួយលានដើម ក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើ និងសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ព្រមទាំងជំរុញ ការចូលរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និង ជំរុញឱ្យមានកំណើនបៃតង ធានាឱ្យមានការការពារបរិស្ថាន និងសេវាប្រព័ន្ធបរិស្ថាន និងប្រព័ន្ធស្បៀង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា រៀបចំទិវាជាតិអាហាររូបត្ថម្ភ លើកទី១០ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ផ្តោតលើប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទ នៃការប្រែប្រួលអាកាសធាតុ» ស្របពេលដែលអង្គការសហប្រជាជាតិ នឹងរៀបចំសន្និសីទកំពូលនៃបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌុយបៃ ប្រទេសអេមារ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៣០វិច្ឆិកា ដល់ ១២ខែធ្នូ ដើម្បីផ្តល់ឱកាសឲ្យរដ្ឋជាសមាជិក បង្ហាញពីការប្តេជ្ញាចិត្តចំពោះ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួឡអាកាសធាតុ និងគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ៕

Related Articles

Back to top button
error: Content is protected !!