ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញផែនការសកម្មភាពពង្រឹងសក្តានុពល សួនកេសរកូល សុខ អាន «ភ្នំគូលែន»
សៀមរាប ៖ ក្នុងឱកាសចុះពិនិត្យវឌ្ឍនៈភាពនៃសួនកេសរកូល សុខអាន ក្នុងឧទ្យានជាតិ «ភ្នំគូលែន» ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកោតសរសើរអំពីការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បន្ថែមទៀតនៅស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» នៃឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្ដម ភ្នំគូលែន ពិសេសអាគារស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ថ្មី តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ ពង្រីកផ្នែកសេវាកម្មអេកូទេសចរណ៍ តាមរយៈធនធាន ដោយក្រសួង និងគម្រោងបានជួយគាំទ្រនាពេលកន្លងមក៕
បន្ថែមលើនេះទៅទៀត ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្ត ដល់ការផ្គត់ផ្គង់លើម្ហូបអាហារ ពីបន្លែ ត្រី សាច់ ធម្មជាតិ ដែលបានកំពុងដាំដុះនៅក្នុងសួនបន្ថែមទៀត ជាពិសេសជ្រូកគូលែន និងបន្លែជាអនុផល ព្រៃឈើជាច្រើនទៀតពីប្រជាសហគមន៍ នៅក្នុង ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្ដម ភ្នំគូលែននេះ ៕
ជាមួយគ្នានេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានចូលទស្សនា សួនបណ្តុះកូនឈើ នៃស្នាក់ការឧទ្យានុរក្ស កេសរកូល និងជម្រុញអោយមន្ត្រីបរិស្ថាន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ នៅក្នុងឧទ្យានជាតិទាំងមូល ចូលរួមក្នុងយុទ្ធសាស្រ្ត ការដាំដើមឈើមួយលានដើម ជារៀងរាល់ឆ្នាំ ដើម្បីបង្កើនភាពបៃតង គឺបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ខាងមុខ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ៕
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានណែនាំដល់មន្រ្តីឧទ្យានុរក្ស ពង្រឹងអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ នឹងមិនលើកលែង ចំពោះអ្នកប្រព្រឹត្តិ បទល្មើសធនធានធម្មជាតិឡើយ៕
«យើងទាំងអស់គ្នាចូលរួមការងារបរិស្ថានកម្ពុជាទាំងអស់គ្នា»