ព័ត៌មានជាតិពាណិជ្ជកម្ម

ឃ្លាំងស្តុបចែកចាយគ្រឿងអេឡិចត្រូនិច និងកុំព្យួទ័រដ៏ធំមួយកន្លែង សង្ស័យថាគ្មានច្បាប់អនុញ្ញាត តើអាជ្ញាធរនិងជំនាញពាក់ព័ន្ធមានបានដឹងដែលឬទេ.?

ភ្នំពេញ៖ ឃ្លាំងលក់គ្រឿងអេឡិចត្រូនិច មួយកន្លែងពុំមានលើកស្លាកយីហោ ស្ថិតនៅលើផ្លូវ ២០០៤ ភូមិអូរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺកំពុងធ្វើសកម្មភាពចែកចាយគ្រឿងអេឡិចត្រូនិច និងកំព្យូទ័រ យ៉ាងសកម្មនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមប្រភពព័ត៌មានបានអោយដឹងថា ឃ្លាំងខាងលើនោះ មានថៅកែ ជាជនជាតិចិនចំនួន ២នាក់ បានធ្វើសកម្មភាពប្រមាណជាង កន្លះឆ្នាំមកហើយ ពួកគេបានធ្វើការផ្គត់ផ្គង់ សម្ភារៈគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និងកុំព្យូទ័រ ឱ្យទៅក្រុមហ៊ុន និងកាស៊ីណូ ដែលគ្រប់គ្រងដោយជនជាតិចិនតែប៉ុណ្ណោះ ពោលគឺធ្វើសកម្មភាពចែកចាយជាលក្ខណៈបោះដុំ ទូទាំងប្រទេស តាមរយៈការដឹកជញ្ជូន ជារថយន្ដទៅដល់ទីកន្លែងតែម្ដង។បើយោងតាមប្រភពបានផ្ដល់មកឲ្យដឹងទៀតថា ការធ្វើសកម្មភាពចែកចាយ និងផ្គត់ផ្គង់ គ្រឿងអេឡិចត្រូនិចរបស់ជនជាតិចិនខាងលើ គេសង្ស័យថាប្រហែលគ្មានអាជ្ញាប័ណ្ណ ឬ ការចុះបញ្ជីការណាមួយ ពីក្រសួងពាក់ព័ន្ធទេមើលទៅ។

ចុះបើគ្មានអាជ្ញាប័ណ្ណ ហេតុអ្វី បានជាជនជាតិចិន ជាថៅកែឃ្លាំងខាងលើ ហ៊ានធ្វើសកម្មភាពចែកចាយទំនិញគ្រឿងអេឡិចត្រូនិចដោយរលូនបែបនេះទៅវិញ។

តើក្រសួងពាណិជ្ជកម្ម និងអជ្ញាធរពាក់ព័ន្ធពុំបានដឹងរឿងដែលជនជាតិចិន បានធ្វើសកម្មភាពការចែកចាយទំនិញនេះមែនឬទេ?បើតាមការលើកឡើងរបស់ស្ដ្រីម្នាក់ឈ្មោះ លីម វាយភីង ដែលអះអាងថាខ្លួនជាប្រធានរដ្ឋបាល ធ្វើការនៅក្នុងឃាំងនោះបាននិយាយដូច្នេះថា មេរបស់គាត់ គឺកំពុងតែធ្វើការរត់ឯកសារ ស្នើសុំច្បាប់អនុញ្ញាត ឬ ច្បាប់អាជីវកម្ម ក៏ប៉ុន្ដែពេលនេះ នៅពុំទាន់បានទទួលឯកសារនៅឡើយទេ។

បើដូចសម្ដីរបស់ស្រី្ដជាប្រធានរដ្ឋបាលនោះលើកឡើងពិតមែន តើការធ្វើសកម្មភាពចែកចាយ ឬ ផ្គត់ផ្គងទំនិញ មុននឹងទទួលបានការអនុញ្ញាតបែបនេះ វាត្រឹមត្រូវតាមច្បាប់របស់ប្រទេសកម្ពុជាដែរឬទេ? ហើយទំនិញដែលបាននាំចូលពីក្រៅប្រទេសនោះ មានការបង់ពន្ធជូនរដ្ឋនាំចូល ត្រឹមត្រូវដែលឬទេ?

តាមប្រភពដដែល បានរៀបរាប់ថា ទីតាំងខាងលើនេះធ្វើសកម្មភាពផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ដឹកចេញ ដឹកចូល ទាំងយប់ ទាំងថ្ងៃ និងមិនដែលប្រទះឃើញថា មានមន្ដ្រីជំនាញណាមួយ ចុះមកពិនិត្យម្ដងណានោះទេ និយាយជារួម ជនជាតិចិនពីរនាក់ ដែលជាថៅកែគ្រប់គ្រងនៅទីនោះ ហាក់ដូចជាមានឥទ្ធិពលខ្លាំង ប្រហែលជាមានខ្នងបង្អែកធំនៅពីក្រោយខ្នងហើយមើលទៅ ទើបអាចធ្វើសកម្មភាពបានដោយរលូនបែបនេះ។

អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំការបំភ្លឺជំវិញព័ត៌មានខាងលើគ្រប់ម៉ោងធ្វើការ ស្របតាមវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន។

 

Related Articles

Back to top button
error: Content is protected !!