ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលឃុំ-ស្រុកមេមត់ បន្តពិភាក្សាជាមួយតំណាងម្ចាស់ទីតាំងទិញជ័រកៅស៊ូទាំង ៤ទីតាំង
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន បានបន្តសហការជាមួយរដ្ឋបាល ឃុំ/ស្រុក មេមត់ និងកងកម្លាំងប៉ុស្តត៍នគរបាលក្នុងតំបន់ ចុះជួបពិភាក្សាជាមួយតំណាងម្ចាស់ទីតាំងទិញជ័រកៅស៊ូទាំង ៤ទីតាំង និងប្រមូលព័ត៌មានពាក់ព័ន្ធពីស្ថានភាពអាជីវកម្មទាំងនោះដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-ក្រុមការងារបានសិក្សាកំណត់ទីតាំងដាក់ថយន្តចល័តវិភាគគុណភាពខ្យល់ នៅកន្លែងទីប្រជាជនជុំក្បែរផ្សារមេមត់ដែលស្ថិតនៅក្រោមទិសខ្យល់ពីទីតាំង និងក្នុងទីតាំងទិញជ័រទាំងអស់ខាងលើ ដើម្បីវិភាគគុណភាពខ្យល់ជាក់ស្ដែង។
-ក្រុមការងារ បានជួបពិភាក្សាជាមួយតំណាងម្ចាស់ទីតាំងចំនួន ០៤ គឺទីតាំងទិញជ័រ ងួន មុនី ទីតាំងទិញជ័រឧកញ៉ា លឹម ប៊ុនណា ទីតាំងទិញជ័រ សុខ វណ្ណដេត និងទីតាំងទិញជ័រ សេង សុខសាន្ត និងបានប្រមូលព័ត៌មានពាក់ព័ន្ឋនឹងទីតាំងជ័រកៅស៊ូ ដោយបានរៀបចំកំណត់ហេតុ និងចុះហត្ថលេខាដោយក្រុមការងារ អាជ្ញាធរដែនដី និងតំណាងម្ចាស់ទីតាំងទាំងអស់ ។
-ក្រុមការងារបានធ្វើតេស្តគុណភាពទឹកបឋមនៅទីតាំងទិញជ័រនីមួយៗនៅក្នុងអាងស្តុក ដែលហូរចេញពីបរិវេនទិញស្តុកជ័រ និងបានយកសំណាកទឹកចំនួន ០៤សំណាក ដើម្បីយកទៅវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ។
-ទីតាំងទិញជ័រទាំង០៤ខាងលើ បានដំណើរការទិញជ័រដោយពុំមានច្បាប់អនុញ្ញាតនៅឡើយ លើកលែងតែទីតាំងទិញជ័រ សេង សុខសាន្ត មានប័នពន្ធប៉ាតង់អាជីវកម្ម ។
-កន្លងមក រដ្ឋបាល ឃុំ និងស្រុកមេមត់ បានចុះណែនាំឱ្យតំណាងម្ចាស់ទីតាំងទាំង៤ ចំនួន ៣លើក និងលើកទី៤ ជាមួយមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រួចហើយ ប៉ុន្តែម្ចាស់ទីតាំងមិនបានអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេ
-តំណាងម្ចាស់ទីតាំងទាំងពីរបញ្ជាក់ប្រាប់ក្រុមការងារក្រសួងបរិស្ថានថា ខ្លួនពុំបានដឹងការសុំច្បាប់នៅកន្លែងណានោះទេ ។
តំណាងម្ចាស់ទីតាំងទាំង០៤ យល់ស្របអនុវត្តតាមការណែនាំរបស់ក្រុមការងារក្រសួងបរិស្ថាន និងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាក្លិនឱ្យបានល្អប្រសើរ ៕