ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យដាំត្នោតជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ព្រំដែន និងដាំតាមតំបន់មួយចំនួនទៀត ដើម្បីភាពបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារកម្ពុជា​

ក្រសួងបរិស្ថាន បានខិតខំបណ្តុះនិងចែកកូនត្នោត ជូនប្រជាពលរដ្ឋដាំដុះ ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាននិងការពារទឹកដីកម្ពុជា។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ នៅក្នុងពិធីដាំដើមឈើ ក្នុងថ្ងៃតែមួយ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។

កន្លងមកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួន១ម៉ឺនដើម ជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ដើម្បីដាំជាបន្តបន្ទាប់ រួចហើយ នៅក្នុងភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ 

នៅថ្ងៃខាងមុខនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសផ្តល់ជូនកូនត្នោតចំនួនជាង៣ម៉ឺនដើមបន្ថែមទៀត ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅខែកញ្ញាឆ្នាំ​២០២៤ ខាងមុខ។

នៅក្នុងផែនការទៅអនាគត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកំបុងជំរុញការបណ្តុះកូនត្នោតឱ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋដំាជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់។ 

សូមបញ្ជាក់ថា ដើមត្នោតត្រូវបានចាត់បញ្ចូល ជារុក្ខាជាតិ គឺប្រភេទដើមឈើនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ដើមត្នោត បានផ្តល់ជាប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដូចជា ផ្តល់គម្របបៃតង និងអត្ថប្រយោជន៍ជាច្រើន សម្រាប់ការរស់នៅប្រចាំថ្ងៃ៕

Related Articles

Back to top button
error: Content is protected !!