ព័ត៏មានថ្មីៗ

ទោះជាក្នុងដូវបិទនេសាទ​ក៏ដោយ ក៏នៅតែមានឃេីញ​ ក្រុមអ្នកបន្តដឹកជញ្ជូនត្រីល្អិត​ ប្រភេទត្រីចំណីនុយ​ បានយ៉ាង​រលូន​ ពុំមាន​ឧបសគ្គ​អ្វីមករារាំងឡេីយ

ខេត្តពោធិ៍សាត់ ៖ បេីក្រឡេកទៅមួយជ្រុង​ នៅតាម​ដងទន្លេសាបវិញ​ បទល្មើសនេសាទនៅតែកើតមានជារៀងរាល់ថ្ងៃ ទោះជាក្នុងរដូវបិទនេសាទក៏ដោយ​ សកម្មភាព​នេះស្ថិតនៅចំណុចភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ បើទោះបីមានសេចក្តីជូនដំណឹងពី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល នាដូវបិទការនេសាទក៏ដោយក្តី ក៏សង្កេតឃើញថាក្រុមឈ្មួញនៅតែបន្ដប្រព្រឹត្តិ​ ធ្វើ​សកម្មភាពបទល្មើសនេសាទ ដឹកជញ្ជូនយ៉ាងសកម្មជារៀងរាល់ថ្ងៃ ពុំទាន់មានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធណា ធ្វេីការទប់ស្កាត់​ ឬបង្ក្រាបសោះឡើយ​ ឬមួយរក្សាភាពស្ថៀមស្ងាត​ ដែលធ្វើឱ្យក្រុមឈ្មួញមានភាពកក់ក្តៅ​ និងបន្ដដឹកជញ្ជូនគ្មានខ្លាចក្រែងញញើត នឹងអាជ្ញាធរមាន​សមត្ថកិច្ច​។

បើយោងទៅតាមសេចក្តីជូនដំណឹង​ ស្តីពីរដូវបិទនេសាទឆ្នាំ២០២៤ របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ចុះក្នុងលិខិតលេខ១៤៤១ សូមជូនដំណឹងដល់សាធារណៈជន និងអ្នកនេសាទទាំងអស់ឲ្យបានជ្រាបថា រដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម ៖ ចាប៉ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ចំពោះជននេសាទទឹកសាប រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាម កំពង់ធំ ព្រះវិហារ រតនៈគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ត្រង់ចំណុចមាត់ទឹក) បានប្រាប់មកអង្គភាពសារព័ត៌មានយើងឲ្យដឹងថា រាល់ថ្ងៃពួកគាត់ឃើញថា មានសកម្មភាពកាណូតក្រុមឈ្មួញដឹកជញ្ជូនត្រីចំរុះជាច្រើន ដើម្បីលើកឡើងម៉ូតូសណ្ដោងរឺម៉ក និងរថយន្តជាហូរហែរ យកទៅលក់​ និងចែកចាយបន្ត បើទោះបីជារដូវនេះ​ ជារដូវបិទនេសាទយ៉ាងណាក្តី

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនត្រីនារដូវបិទនេសាទនេះ ជាដែនសមត្ថកិច្ចរបស់ លោក យូ សុវិចិត្ត ដែលមានតួនាទីជា នាយសង្កាត់រដ្ឋបាលជលផល និងជានាយរងផ្នែករដ្ឋបាលជលផលស្រុកក្រគរ ។

ប្រជាពលរដ្ឋរស់នៅភូមិ-ឃុំខាងលើមានការងេីយថា ចំពោះនាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលស្រុកក្រគរ តេីលោក​ បានដឹងដែរឬយ៉ាងណា? ឬមួយក៏​លោក​ មិនហ៊ាន​ចុះអនុវត្ដច្បាប់លេី​ជន​ ដែលបានព្រព្រឹត្ដិបទល្មេីស​ផ្ទុយពីច្បាប់។

អង្គភាពសារព័ត៌មានយើងខ្ញុំបានរាយការណ៍ នឹងចុះផ្សាយជូនលោក យូ សុវិចិត្ត ម្តងរួចហើយតាមរយៈតេលេក្រាម ប៉ុន្តែពុំមានចំណាត់ការចុះទប់ស្កាត់បង្រ្កាបនោះទេ។

ថ្មីៗនេះភ្នាក់ងាអង្គភាពសារព័ត៌មានយើងខ្ញុំបានចុះផ្តិតរូបភាពវីឌីអូបន្ថែមទៀតក៏នៅតែប្រទះឃើញ ក្រុមឈ្មួញប្រមូលទិញត្រីនារដូវបិទនេសាទ រួចដឹកជញ្ជូនទៅលក់ចែកចាយខាងលើ រស់នៅផ្ទះផែបណ្ដែតលើផ្ទះទឹក ភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ នេះតែម្ដង ។ ហើយត្រីចំរុះដែលពួកគាត់ប្រមូលទិញនេះ គឺប្រមូលទិញពីប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ ខុសច្បាប់ស្ដីពីជលផល(របាំងសាច់អួនក្រឡាល្អិតៗ ឬរបាំងស្បៃមុងតែម្ដង) ម្យ៉ាងទៀតរដូវនេះជារដូវបិទនេសាទ។

តាមប្រភពបញ្ជាក់បន្តបន្ថែមទៀតថាបច្ចុប្បន្ន   នារដូវបិទនេសាទនេះ គេសង្កេតឃើញស្ថាប័នមានសមត្ថកិច្ចសហការ បង្រ្កាបការប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផលច្រើនដែរ ប៉ុន្តែឧបករណ៍ចាប់ត្រីប្រភេទ(របាំងសាច់អួនក្រឡាល្អិត និងរបាំងស្បៃមុង)នៅតែកើតមានច្រើនក្នុងភូមិសាស្រ្តស្រុកក្រគរ ជាពិសេសចាប់ពីឃុំកំពង់លួងទៅផ្នែកខាងកើតតែម្ដង ។

ពាក់ព័ន្ធករណី​ខាងលើនេះ​ ប្រជាពលរដ្ឋសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងបឹងនេសាបក៏ដូចជា មន្ត្រីជលផល មន្ត្រីថ្នាក់ជាតិ មេត្តា ជួយទប់ស្កាត់​ និងមានវិធានការផងទាន៕

Related Articles

Back to top button
error: Content is protected !!