ឈ្មួញដឹកជញ្ជូនត្រីល្អិតៗ ជាប្រភេទចំណីនុយ នៅឃុំកំពង់លួង នារដូវបិទនេសាទ នៅតែបន្តដឹកជារៀងរាល់ថ្ងៃ
ខេត្តពោធិ៍សាត់ ៖ តាមប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើកឡើង ស្រដៀងៗគ្នាថា បច្ចុប្បន្ន គេសង្កេតឃើញមានសកម្មភាពកាណូតក្រុមឈ្មួញដឹកជញ្ជូនត្រីចំរុះ ដើម្បីលើកឡើងម៉ូតូសណ្ដោងរឺម៉ក និងរថយន្តជាហូរហែ យកទៅលក់ចែកចាយបន្ត បើទោះបីជារដូវនេះជារដូវបិទនេសាទហើយនោះក្ដី គេមិនដឹងថាបញ្ហានេះពាក់ព័ន្ធលោក យូ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ និងជានាយរងផ្នែករដ្ឋបាលជលផលក្រគរ ដឹងដែរឬយ៉ាងណានោះទេ ព្រោះនេះជាដែនសមត្ថកិច្ចរបស់គាត់ ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងទៀតថា សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនត្រីនារដូវបិទនេសាទ ជាដែនសមត្ថកិច្ច លោក យូ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ ខាងលើនេះ ត្រង់ចំណុចមាត់ទឹក(កំពង់ដរ)ស្ថិតនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ដដែលបន្តឱ្យដឹងទៀតថា ក្រុមឈ្មួញប្រមូលទិញត្រីនារដូវបិទនេសាទ រួចដឹកជញ្ជូនទៅលក់ចែកចាយខាងលើ រស់នៅផ្ទះផែបណ្ដែតលើផ្ទះទឹក ភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ នេះតែម្ដង ។ ហើយត្រីចំរុះដែលពួកគាត់ប្រមូលទិញនេះ គឺប្រមូលទិញពីប្រជានេសាទដែលប្រើប្រាស់ឧបករណ៍ ខុសច្បាប់ស្ដីពីជលផល(របាំងសាច់អួនក្រឡាល្អិតៗ ឬរបាំងស្បៃមុងតែម្ដង) ម្យ៉ាងទៀតរដូវនេះជារដូវបិទនេសាទ ប្រសិនបើប្រមូលទិញចុះក្រែងលោកចន្លោះភ្នែក លោក យូ សុវិចិត្ត នាយសង្កាត់រដ្ឋបាលជលផលក្រគរ ចុះដឹកជញ្ជូនឡើងគោកដើម្បីដឹកបន្ត ហេតុអ្វីមើលមិនឃើញ ? ។
តាមប្រភពបញ្ជាក់បន្តបន្ថែមទៀតថាបច្ចុប្បន្ន នារដូវបិទនេសាទនេះ គេសង្កេតឃើញស្ថាប័នមានសមត្ថកិច្ចសហការ បង្រ្កាបការប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផលច្រើនដែរ ប៉ុន្តែឧបករណ៍ចាប់ត្រីប្រភេទ(របាំងសាច់អួនក្រឡាល្អិត និងរបាំងស្បៃមុង)នៅតែកើតមានច្រើនក្នុងភូមិសាស្រ្តស្រុកក្រគរ ជាពិសេសចាប់ពីឃុំកំពង់លួងទៅផ្នែកខាងកើតតែម្ដង ។
ពាក់ព័ន្ធករណីសេចក្ដីរាយការណ៍ខាងលើ ប្រជាពលរដ្ឋសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធនៅក្នុងបឹងនេសាបក៏ដូចជា មន្ត្រីជលផល មន្ត្រីថ្នាក់ជាតិ មេត្តា ជួយទប់ស្កាត់និងមានវិធានការផងទាន៕
សូមបញ្ជាក់ថា អង្គភាពសារព័ត៌មានគឺគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋ ជូនទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ។