មេឈ្មួញដឹកធ្យូង ឈ្មោះ រស្មី កំពុងបំពានច្បាប់ ដឹកធ្យូងដង្ហែដូចក្បួនទាំងកណ្ដាលយប់
ព្រៃវែង៖ អាជ្ញាធរ និងមន្ដ្រីសមត្ថកិច្ច នៅច្រក ម៉ឺនជ័យ ខេត្ដព្រៃវែង ហាក់ដូចជាពុំបានដឹង ឬ ធ្វេីជាមិនដឹង ពីសកម្មភាពដឹកជញ្ជូនធ្យូងយ៉ាងសកម្មរបស់ មេឈ្មួញធ្យូង ឈ្មោះ រស្មី ស្ទេីរតែរាល់ថ្ងៃ រាល់យប់។
បេីតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជិតច្រកម៉ឺនជ័យម្នាក់ ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានយេីងខ្ញុំថា សកម្មភាពដឹកដង្ហែដូចជាក្បួន ចូលតាមច្រកម៉ឺនជ័យ គឺស្ទេីរតែរាល់ថ្ងៃ រាល់យប់ លេីកលែងតែ មានការចុះពិនិត្យណាមួយ ទេីបគេឈប់សម្រាក មួយរយៈពេលខ្លី ការដឹកធ្យូងនេះ គឺមានបុរសម្នាក់ឈ្មោះ រស្មី ជាអ្នកដោះស្រាយ សម្រួលរត់ការណ៍ ដេីម្បីដឹកចូលទៅប្រទេសវៀតណាម បានយ៉ាងរលូន។
នៅយប់រំលងអធ្រាតថ្ងៃទី០២ ចូលថ្ងៃទី០៣ ខែមិថុនានេះ ភ្នាក់ងារសារព័ត៌មានយេីងបានផ្ដិតយករូបភាពដោយផ្ទាល់ ប្រទះឃេីញថាមានការដឹកជញ្ជូនធ្យូង តាមរយៈរថយន្ត សាំងយ៉ុង និងរថយន្តធន់ធំ ប្រភេទយីឌុប ជាច្រើនគ្រឿង ចូលតាមច្រកព្រំដែន ម៉ឺនជ័យ ដោយសុវត្ថិភាព ពោលគឺគ្មានការទប់ស្កាត់ ឬឃាត់ឃាំងអ្វី ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនោះទេ នេះប្រហែលជា អាចនឹងត្រូវដងត្រូវផ្លែ លុងស្នេហ៍ ដុល្លារ របស់មេឈ្មួញធ្យូងដ៏ល្បីឈ្មោះ លោក រស្មី អស់ទៅហេីយទេដឹង។
រូបភាពនេះ ជាការបំពានច្បាប់ យ៉ាងច្បាស់ក្រឡែត ពលរដ្ឋរស់នៅច្រកម៉ឺនជ័យ ស្នើសុំលោកស្នងការ និង ឯកឧត្ដម អភិបាលខេត្ត មេត្តាចុះពិនិត្យ និងបេីកការស្រាវជ្រាវលេីជនដែលបំពានច្បាប់ និងអ្នកដែលរួមគំនិតនៅត្រង់ចំណុចច្រក ម៉ឺនជ័យ ផងទាន។
អង្គភាពសារព័ត៌មានយេីងខ្ញុំ និងធ្វើតាមដាន ផ្ដិតយករូបភាព និងធ្វើព័ត៌មាន ជុំវិញករណីខាងលេីនេះជាប្រចាំ ដេីម្បីជាការរាយការណ៍ជូនថ្នាក់ដឹកនាំ ខេត្ត និងមហាជន ព្រមទាំងរង់ចាំទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់ម៉ោងធ្វេីការតាមរយៈលេខទូរសព្ទ ឬ តេឡេក្រាម 076 780 7777។