ជនអនាមិក ក្លាហានបោះបង្គោលហ៊ុមព័ទ្ធយកដី តំបន់ការពារសម្បត្ដិបេតិកភណ្ឌវប្បធម៌ជាតិ…
កណ្ដាល៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ស្នើសុំអាជ្ញាធរ និងមន្រ្តីជំនាញក្រសួងវប្បធម៌ និងវិចិត្រសិល្បះ មេត្ដាចុះពិនិត្យ និងការពារដីទួលបុរាណ ដែលជាសម្បតិ្ដបេតិកភណ្ឌ វប្បធម៌ជាតិ ដែលមានចែងក្នុងអនុក្រឹត្យ ស្ថិតត្រង់ចំណុចទួលកំផ្លុង ភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ផងទាន។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំខាងលើ បានរៀបរាប់ប្រាប់ថា ដីទួលបុរាណការពារដោយអនុក្រឹត្យ ដែលជាដីតំបន់ការពារសម្បត្ដិបេតិកភណ្ឌវប្បធម៌ជាតិ ត្រូវបានជនមិនស្គាល់អត្ដសញ្ញាណ បានបោះបង្គោលបេតុង ហុំព័ទ្ធលើផ្ទៃដីទួលបុរាណប្រមាណជា ៣ ហិកតា ទំនងជាចង់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលផ្ទុយពីអនុក្រឹត្យរក្សាការពារ ដោយពុំមានការលក់ដូរ ឬ ធ្វើប័ណ្ណកម្មសិទ្ធិជាឯកជននោះទេ។
ប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផល ធ្វើស្រែចំការ តាំងពីឆ្នាំ១៩៧៩ បានលើកឡើងថា ដីទួលបុរាណនេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានធ្វើការអាស្រ័យ ធ្វើស្រែ ធ្វើចំការ ក្រោយពីបែកសម័យប៉ុលពតមកម៉្លេះ ខ្លះក៏បានបន្ដមកដល់កូនចៅទៀតផង ហើយប្រជាពលរដ្ឋ ក៏បានធ្វើការឯកភាពគ្នាជារួម ដើម្បីរក្សាការពារដីទួលបុរាណនេះ ដោយយោងលើអនុក្រឹត្យ រក្សាការពារដីនេះជា តំបន់ការពារសម្បត្ដិបេតិកភណ្ឌវប្បធម៌ជាតិ កាលកន្លងទៅប្រមាណជា ១៥ឆ្នាំមុនមក ហើយការរស់នៅរបស់ប្រជាពលរដ្ឋក្នុងចំណុចខាងលើនោះ គឺពុំមានការដោះដូរ ឬលក់ដូរ និងធ្វើប័ណ្ណកម្មសិទ្ធិផ្ទាល់ខ្លួនអ្វីនោះទេ ពោលគឺអនុវត្ដតាមការណែនាំរបស់មន្ដ្រីជំនាញ និងអជ្ញាធរក្នុងមូលដ្ឋាន ដោយបន្ដអាស្រ័យផល ធ្វើស្រែ ធ្វើចំការ ចិញ្ចឹមជីវិត តែប៉ុណ្ណោះ។
ក៏ប៉ុន្ដែ កន្លងទៅប្រមាណជាជាង ១ខែនេះ ក្នុងខែតុលា ឆ្នាំ២០២៤ ក៏ស្រាប់តែប្រទះឃើញមានជនអានាមិក ដែលពុំស្គាល់អត្ដសញ្ញាណ ជានរណា មានសមាសភាពអ្វី បានបោះបង្គោលបេតុងធំៗ ចំនួនជិត ១០ដើម ហុំព័ទលើដីទួលបុរាណខាងលើនេះ ប្រជាពលរដ្ឋកើតការភ្ញាក់ផ្អើល និងបានរាយការណ៍ជូន អាជ្ញាធរក្នុងមូលដ្ឋាន ចុះត្រួតពិនិត្យ ឃើញថាពិតជាមានការបោះបង្គោលបេតុងប្រាកដមែន កាលវេលាថ្ងៃទី ២៦ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ។
ប្រជាពលរដ្ឋជាច្រើគ្រួសារ សូមសំណូមពរមក ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល និងលោកជំទាវ រដ្ឋមន្ដ្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ មេត្ដា វែកមុខជនខិលខូច ដែលមានមហិច្ចតា លោភលន់ ចង់យកដីទួលបុរាណជាសម្បត្ដិរដ្ឋ ដែលគ្រប់គ្រងដោយអនុក្រឹត្យមកធ្វើជាសម្បតិ្ដផ្ទាល់ខ្លួន មកផ្ទន្ដទារទោស ទៅតាមនីតិវិធីច្បាប់ផង។