ប្រជាពលរដ្ឋភូមិឆាយលូក ទទូចស្នើសុំដល់ប្រមុខថ្នាក់ដឹកនាំខេត្ដពោធិ៍សាត់ មេត្តាជួយបើកផ្លូវ ខណៈមានបុគ្គលម្នាក់ចាក់ដី និងធ្វើរបងបិទផ្លូវ
ខេត្តពោធិ៍សាត់ ÷ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ពិតជាមានការកើតទុក្ខមិនសុខចិត្ត ត្បិតអីមានបុគ្គលម្នាក់ បានធ្វើការចាក់ដី និងធ្វើរបងបិទផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរ បន្ទាប់ពីបុគ្គលខាងលើ បានធ្វើការចាក់ដីលុបអាងទឹក វារីអគ្គីសនីអាតៃអូសោម ព្រមទាំងហាមឃាត់មិនឲ្យប្រជាពលរដ្ឋជិះឆ្លងកាត់ ធ្វើឱ្យមានផលលំបាកប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបររកស៊ី និងក្មេងៗធ្វើដំណើរទៅសាលា នៅចំណុចត្រពាំងប្រវឹកទីតាំងចំណុចនេះស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពពីប្រជាពលរដ្ឋ រស់នៅទីតាំងដែលមានបញ្ហាខាងលើ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា កន្លងមកទីតាំងនៅចំណុចខាងលើ គឺជាផ្លូវចាស់ពីដើមមកយូឆ្នាំណាស់មកហើយ ដែលប្រជាពលរដ្ឋធ្វើដំណើរអាស្រ័យលើផ្លូវនេះ ដើម្បីប្រកបមុខរបររកស៊ី និងក្មេងៗសិស្សសាលាធ្វើដំណើរជារៀងរាល់ថ្ងៃ ក្រោយមកក៏មានបុគ្គលម្នាក់បានចាក់ដីលុបអាងទឹកវារីអគ្គិសនីអាតៃអូសោម នៅចំណុចទល់មុខស្នាក់ការបរិស្ថានត្រពាំងប្រវឹក ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ហើយចំណុចដែលបានធ្វើការចាក់លុបនោះ ជាដីគ្រប់គ្រងដោយ បរិស្ថាន។
ក៏ប៉ុន្តែ បច្ចុប្បន្នបែរជាមានបុគ្គលម្នាក់ ដែលគេដឹងថា មានឈ្មោះ លៀង ពេជ្រ បានចេញមុខអះអាងថាដីខាងលើនេះ ជាកម្មសិទ្ធិជាប្លង់រឹង របស់រូបលោកទៅវិញ ព្រមទាំងធ្វើសកម្មភាពចាក់ដី និងធ្វើរបងបិទផ្លូវ ហាមឃាត់មិនឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បានធ្វើដំណើរដូច្នេះទៅវិញ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ពិតជាមានការងើយឆ្ងល់ជាខ្លាំង ថាតើបុគ្គលឈ្មោះ លៀង ពេជ្រ រូបនេះ ជានរណា មានតួនាទីអ្វី ហេតុអ្វីទទួលបានដីរបស់បរិស្ថាន បានមកដោយងាយៗដូច្នេះ ហើយជាកម្មសិទ្ធិប្លង់រឹង ដោយមានឈ្មោះរបស់ខ្លួនជាអ្នកកាន់កាប់គ្រប់គ្រងទៅវិញ ព្រមទាំងហ៊ានបិទផ្លូវ ហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរទៀតផង។
តើរឿងលោក លៀង ពេជ្រ ទទួលបានដីរបស់រដ្ឋ ដែលគ្រប់គ្រងដោយស្ថាប័នបរិស្ថាន មកធ្វើជាកម្មសិទ្ធិប្លង់រឹងនោះ មានភាពប្រក្រតី ដែរឬទេ? មាន សជណ កាត់ឃ្វាល់ស្របតាមនីតិវិធីច្បាប់ដែរឬទេ?ប្រជាពលរដ្ឋជាច្រើនគ្រួសារ ទទូចស្នើសុំដល់ប្រមុខថ្នាក់ដឹកនាំ ខេត្ដពោធិ៍សាត់ និងប្រមុខរាជរដ្ឋាភិបាល មេត្ដាពិតលើប័ណ្ណកាន់កាប់ដីធ្លី របស់លោក លាង ពេជ្រ ឡើងវិញផង និងជាពិសេសស្នើសុំទៅដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃអាណិតទី៧ និង ឯកឧត្តម ខូយ រីដា គណៈអភិបាល នៃអភិបាលខេត្តពោធិ៍សាត់ សូមជួយអន្តរាគមន៍ដើម្បីបើកផ្លូវ ដើម្បីឱ្យមានប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ឃុំ ខាងលើ មានភាពងាយស្រួលក្នុងការធ្វើដំណើរដើម្បីប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងកូនៗរបស់ពួកគាត់ធ្វើដំណើរទៅសាលាផង ។
អង្គភាពសារព័ត៌មានយើងខ្ញុំ មិនអាចធ្វើការសម្ភាសន៍ ទៅកាន់ លោក លៀង ពេជ្រ បាននោះទេ ព្រោះគ្មានលេខទូរសព្ទទំនាក់ទំនង និងរង់ចាំការបំភ្លឺពីគ្រប់ភាគី។
សូមបញ្ជាក់ថា អង្គភាពសារព័ត៌មានគឺគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋ ជូនទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ។