សមត្ថកិច្ចចុះបង្រ្កាបទីតាំងកែច្នៃស្ងោរលៀស គ្មានលិខិតអនុញ្ញាត
ខេត្តពោធិ៍សាត់ ៖ លោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចម្រុះខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ សហការជាមួយកំលាំងគណៈបញ្ជាឯកភាពរដ្ឋបាលស្រុកក្រគរ ចុះត្រួតពិនិត្យទីតាំងស្ងោរកែច្នៃលៀសចំនួន០៣ ទីតាំង ដោយបានធ្វើការដកហូតសម្ភារៈជាវត្ថុតាងមួយចំនួន និងតម្រូវឲ្យម្ចាស់ទីតាំងនីមួយៗបន្តរុះរើដោយខ្លួនឯង ។
ករណីកម្លាំងសហការដឹកនាំដោយលោក ព្រះរាជអាជ្ញាខាងលើ ធ្វើឡើងនារសៀលថ្ងៃអង្គរ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ ត្រង់ចំណុចគុជនប់ ស្ថិតនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមប្រភពព័ត៌មានពីក្រុមមន្រ្តីចុះអនុវត្តផ្ទាល់បង្ហើបថា លទ្ធផលៈ កម្លាំងសហការរកឃើញទីតាងកែច្នៃស្ងោរលៀសចំនួន០៣ ទីតាំង ដែលមានម្ចាស់ទី-១ ឈ្មោះ លឿង សំខាន់ ទី-២ ឈ្មោះ ហ៊ិន សៀម និងទី-៣ ឈ្មោះ ឡេ យ៉ាំងទៀង ទីតាងកែច្នៃស្ងោរលៀសទាំងនេះ មិនមានលិខិតអនុញ្ញាតិនោះទេ ទើបសមត្ថកិច្ចយើងសម្រេចធ្វើការដកហូតសម្ភារជាបណ្ដោះអាសន្ន ។
ប្រភពបង្ហើបទៀតថា សម្ភារៈដែលជាវត្ថុតាងត្រូវបានដកហូត រួមមាន ទីតាំង ទី១របស់ឈ្មោះ លឿង សំខាន់ ឡស្ងោរលៀសចំនួន២៦ (រុះរើ)សម្ភារៈដកហូត គម្រប់ឆ្នាំងចំនួន១៨ ដងកូចំនួន២៣ និងកន្រ្តងចំនួន១៣ ។ ទីតាំង ទី២របស់ឈ្មោះ ហ៊ិន សៀម ឡស្ងោរលៀសចំនួន០៦ (រុះរើ)សម្ភារៈដកហូត ធុងទឹកកកចំណុះ ៨០០លីត្រចំនួន០២ ធុងទឹកចំនួន០២ កញ្ចែងចំនួន០៦ និងរថយន្ត០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 7710 ។ និងទីតាំង ទី៣ របស់ឈ្មោះ ឡេ យ៉ាំងទៀង ឡស្ងោរលៀសចំនួន០៦ (រុះរើ)ធុងទឹកកកចំណុះ ៨០០លីត្រចំនួន០២ ធុងទឹកចំនួន០២ ឆ្នាំងចំនួន០១ និងកញ្ចែងចំនួន១៥ ។
សម្ភារៈដែលជាវត្ថុតាងត្រូវបានដកហូត សមត្ថកិច្ចយកមករក្សាទុកជាបណ្ដោះអាសន្ន នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដើម្បីរងចាំបន្តនីតិវិធី ចំណែកសម្ភារៈ និងឧបករណ៍ផ្សេងៗដែលនៅសេះសល់ កម្លាំងសមត្ថកិច្ចតម្រូវឱ្យម្ចាស់ទីតាំងនីមួយៗ រុះរើដោយខ្លួនឯងដោយទុកត្រឹមយៈពេល២០ថ្ងៃ ៕ ដោយ សុី ថន