ព័ត៌មានជាតិ

ឯកឧត្ដម ខូយ រីដា លើកឡើងថា អ្វីៗដែលមានសព្វថ្ងៃនេះ គឺបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ ព្រមទាំងអាយុជីវិត របស់អតីតយុទ្ធជន

(ខេត្តពោធិ៍សាត់) ៖  ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានលើកឡើងថា អ្វីៗដែលប្រទេសជាតិ និងប្រជាជនកម្ពុជា រស់នៅដោយសុខសាន្ត មានជីវភាពធូរធារ ប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ចាប់ពីទីក្រុងដល់ជនបទនោះ គឺបានមកពីការលះបង់កម្លាំងកាយចិត្ត ស្មារតី ឆន្ទៈ សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត របស់វីរៈយុទ្ធជន យុទ្ធនារី ពោលគឺរៀមច្បងដែលជាអតីតយុទ្ធជនកម្ពុជា រួមជាកម្លាំងមហាសាមគ្គី ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃ«សន្តិភាព»។ឯកឧត្ដម អភិបាលខេត្ត បានលើកឡើងបែបនេះ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនកម្ពុជា ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ប្រមាណ១១៥នាក់ ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៤។បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានរាយការណ៍ពីសកម្មភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តនោះរួចមក, ឯកឧត្តម ខូយ រីដា បានថ្លែងថា អតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីលះបង់ ពលីកម្ម ដើម្បីជាតិ និងជាអ្នកស្នេហាជាតិពិតប្រាកដដោយសកម្មភាពជាក់ស្តែង។ អតីតយុទ្ធជនកម្ពុជា ក៏ជាសក្ខីភាពនៃវីរភាពរបស់ប្រជាជនកម្ពុជាផង ដែរគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ចាំបាច់ត្រូវមានសកម្មភាពឆ្លើយតប និងត្រូវផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ឱ្យបានស័ក្តិសមបំផុត។ឯកឧត្តម បានលើកឡើងថា សង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ហើយបន្សល់ទុកផលវិបាកច្រើនរាប់មិនអស់ ជាក់ស្តែងអតីតយុទ្ធជន ជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើននាក់រហូតមកដល់សព្វថ្ងៃ។ ដោយឡែកវិស័យអតីតយុទ្ធជន ក៏ត្រូវបានបង្កើតឡើងនូវប្រព័ន្ធសន្តិសុខសង្គម សម្រាប់អតីតយុទ្ធជន តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយរៀបចំឱ្យមានរបបធានារ៉ាប់រងសង្គមជាជំហានៗ ស្របតាមការរស់ឡើងវិញរបស់ប្រទេសជាតិ និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិផងដែរ។ឯកឧត្ដមបានលើកឡើងថា បច្ចុប្បន្ននេះជនពិការ និវត្តជន និងជនបាត់បង់ សមត្ថភាពការងារ បានទទួលរបបគោលនយោបាយពីរដ្ឋ និងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខ្មែរ ចំនួន៥ម៉ឺនរៀល ព្រមទាំងបានដំឡើងប្រាក់ខែជាបន្តបន្ទាប់ ដោយតម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា។

ឯកឧត្ដម បានបន្ថែមថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កើតឡើង ក្នុងរយៈពេល១៧ឆ្នាំមកនេះ បានខិតខំធ្វើសកម្មភាពជាក់ស្តែង ប្រកបដោយលទ្ធផលផ្លែផ្កាជាច្រើន សម្រាប់រួមចំណែកក្នុងការ ពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលំអជីវភាព និងការពង្រឹងធ្លុងសាមគ្គីភាព ក្នុងជួរអតីតយុទ្ធជន រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ឱ្យមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល បន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់មាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជនគ្រប់ៗរូបចំពោះជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ខូយ រីដា ក៏បានចែកអំណោយជានិមិត្តរូប ជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនកម្ពុជា ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ប្រមាណ១១៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី១កេស ទឹកបរិសុទ្ធ១កេស សារុង១ និងថវិកា៤ម៉ឺនរៀល ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវឺរីជីស Khmer Beverages៕

ដោយ ៖ ដួង សុីថន

Related Articles

Back to top button
error: Content is protected !!