ព័ត៏មានថ្មីៗ

អភិបាលខេត្តពោធិ៍សាត់ លើកឡើងថា វិស័យអប់រំ គឺជាវិស័យមួយ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ

(ពោធិ៍សាត់)៖ ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ បានលើកឡើងថា វិស័យអប់រំ គឺជាវិស័យមួយ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាច ខ្វះបាន របស់ប្រទេសជាតិ។ យ៉ាងណាម៉ិញ ចំពោះប្អូនៗក្មួយៗសិស្សានុសិស្សទាំងអស់ នៅចំពោះមុខនេះ គឺជាធនធានមនុស្សសម្រាប់បន្តវេនរបស់យើង។ ដូច្នេះប្អូនៗក្មួយៗ ត្រូវកែប្រែអប់រំខ្លួន ឱ្យក្លាយជាកូនល្អ ជាសិស្សល្អ ជាមិត្តល្អ និងជាមនុស្សពេញលេញ ប្រកបដោយឥរិយាបថ សមត្ថភាព ជំនាញ ពេញបរិបូរណ៍ ដើម្បីជាសសរទ្រូង របស់ប្រទេសជាតិ។

ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងបែបនេះ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ និងប្រគល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្ស ចំនួន៣រូប ដែលទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំណាត់ថ្នាក់លេខ១ លើមុខវិជ្ជាគណិតវិទ្យា, រូបវិទ្យា ថ្នាក់ទី១២ និងចំណាត់ថ្នាក់លេខ៤ លើមុខវិជ្ជារូបវិទ្យា ថ្នាក់ទី៩ ក្នុងខេត្តពោធិ៍សាត់។

ឯកឧត្ដម ខូយ រីដា បានសម្តែងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរ ជ័យលាភីសិស្សទទួលបានមេដាយមាស លើមុខវិជ្ជា រូបវិទ្យា និងគណិតវិទ្យា នៅខេត្តពោធិ៍សាត់ នាឱកាសនេះ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកមានចិត្តរំភើប រីករាយក្រៃលែង ចំពោះសិស្ស ដែលបានខិតខំ ប្រឹងប្រែង ព្យាយាមរៀនសូត្រ រហូតទទួលបានលទ្ធផលមួយជូនខេត្ត គួរជាទីមោទនៈ ហើយក៏ជាធនធានមនុស្ស សម្រាប់គ្រួសាររបស់ប្អូន សម្រាប់ខេត្តពោធិ៍សាត់ និងសង្គមជាតិ ទាំងមូលផងដែរ។

ឯកឧត្ដមអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែលបានខិតខំលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ក្នុងការបង្ហាត់បង្រៀន ជាមួយនឹងការផ្ទេរចំណេះដឹង វិធីសាស្ត្រ និងបទពិសោធន៍ល្អៗ ដល់ប្អូនៗ សិស្សានុសិស្សកន្លងមក និងពេលបច្ចុប្បន្ន ដោយប្រើប្រាស់គ្រប់មធ្យោបាយ ក្នុងការបង្ហាត់បង្រៀន ដែលនេះជាការលះបង់ដ៏ធំធេងបំផុត ដើម្បីឱ្យប្អូនៗក្មួយៗសិស្សានុសិស្សរបស់យើង ឱ្យទទួលចំណេះដឹង និងជំនាញ ព្រមទាំងឥរិយាបថ សម្រាប់យកទៅអនុវត្ត ក្នុងជីវភាពរស់នៅរបស់ពួកគេ។


ឯកឧត្ដមអភិបាលខេត្ត ខូយ រីដា បានបន្តថា សមិទ្ធផលដែលយើងមាននាពេលនេះ គឺបានមកពីការខិតខំប្រឹងប្រែង ពីគ្រប់ភាគីទាំងអស់ ជាពិសេសក្រោមការឧបត្ថម្ភ និងយកចិត្តទុកដាក់ ពីសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានរាជរដ្ឋាភិបាល អាណត្តិថ្មី ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសព្វ ក្នុងការដោះស្រាយទាន់ពេលវេលា ក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។


ឯកឧត្ដមបានបន្ថែមថា ស្ថិតនៅក្រោមម្លប់សន្តិភាព រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍ ប្រទេសជាតិ និងការកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តល់លិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ចំនួន៣រូប មកពីវិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យពោធិ៍សាត់ រួមមាន៖
ទី១៖ សិស្សឈ្មោះ លឹម ប៉លី ភេទប្រុស ចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យា ថ្នាក់ទី១២ ទទួលបានលិខិតសរសើរ១ និងម៉ូតូ Honda Dream ២០២៤ មួយគ្រឿង។
ទី២៖ សិស្សឈ្មោះ រស់ សេរីឧស្សាហ៍ ភេទប្រុស ចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យា ថ្នាក់ទី១២ ទទួលបានលិខិតសរសើរ១ និងម៉ូតូ Honda Dream ២០២៤ មួយគ្រឿង។
ទី៣៖ សិស្សឈ្មោះ រស់ សិរីហ្ការីស្សា ភេទស្រី ចំណាត់ថ្នាក់លេខ៤ ផ្នែករូបវិទ្យា ថ្នាក់ទី៩ ទទួលបានលិខិតសរសើរ១ និងម៉ូតូ Honda Wav ២០២៤ មួយគ្រឿង និងបានដង្ហែក្បួនអបអរសាទរ ជុំវិញក្រុងពោធិ៍សាត់ផងដែរ៕
ដោយ ៖ ដួង សុីថន

Related Articles

Back to top button
error: Content is protected !!