ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ដឹកនាំបើកកិច្ចប្រជុំស្តីពីវឌ្ឍនៈភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅក្នុងបាតទន្លេ និងសមុទ្រ

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ។

កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល អង្គភាពស៊ីម៉ាក់ អង្គភាពកំពង់ផែស្វយ័តភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលខេត្តពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរដល់ក្រុមការងារ ជាពិសេសកងកម្លាំងប្រតិបត្តិការផ្ទាល់ ដែលមានកងកម្លាំងនៃអង្គភាព (អិនភីម៉ិច) អង្គភាព(ស៊ីម៉ាក់) បញ្ជាការដ្ឋានទ័ពពិសេស(៩១១) កងកម្លាំងនគរបាលជាតិ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ពុះពារគ្រប់ឧបសគ្គ ចុះមុជទឹកក្នុងបាតទន្លេ ដើម្បីរាវរកគ្រាប់ និងបីគ្រាប់ឡើងពីបាតទន្លេ ប្រកបដោយជោគជ័យជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ ក្រុមការងារបានសិក្សាស្រាវជ្រាវនូវទីតាំងនាវាដឹកគ្រាប់ដែលលិចតាមដងទន្លេមេគង្គ តាមដងទន្លេនានា និងក្នុងសមុទ្រជាច្រើនទីតាំង ក្នុងនោះបានបញ្ចប់ដោយជោគជ័យនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ១០៩.១០៤គ្រាប់ ស្មើនឹង ១៦តោន នាវាចម្បាំង១គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ក្រុមការងារក៏បាននិងកំពុងបន្តប្រតិបត្តិការនៅទីតាំងឃុំកោះចេក ស្រុមពាមជរ ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន នៅទីតាំងក្នុងឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង និងឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយរុករកឃើញនិងស្រង់គ្រាប់យុទ្ធភណ្ឌចំនួន២៣.៧២២គ្រាប់ ស្មើនឹង២០២,៥៩តោន បំណែកដែកនាវា ព្រមទាំងអំបែងយុទ្ធភណ្ឌសង្គ្រាម ទម្ងន់ ២៥,៤៩តោន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបញ្ជាក់ពីការត្រៀមដឹកនាំប្រតិភូអន្តក្រសួង ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្ដែងដែលកំពុងប្រតិបត្តិការនាពេលខាងមុខ និងបានណែនាំក្រុមការងារបន្តយកចិត្តទុកដាក់ស្រាវជ្រាវទីតាំងថ្មីៗបន្ថែមទៀត ព្រមទាំងបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុវត្ថិភាពក្រុមប្រតិបត្តិការ ទាំងការស្រង់ប្រមូលមកលើគោក ការដឹកជញ្ជូន និងការសម្អាត៕

Related Articles

Back to top button
error: Content is protected !!