ព័ត៌មានជាតិ

ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​ ឯកឧត្តម​នាយឧត្ដម​សេនីយ៍​ សៅ​ សុខា​ មេបញ្ជាការ​កង​រាជអាវុធហត្ថ​លេី​ផ្ទៃ​ប្រទេស​ រួម​បញ្ជា​ការ​ឯកាភាព​ បានឱ្យអនុវត្ដបង្ក្រាបបទល្មើសធនធានធម្មជាតិនៅមូលដ្ឋានខេត្តពោធិ៍សាត់

ពោធិ៍សាត់​៖​ ក្រោយ​ពី​ដាក់​បទបញ្ជា​ក្ដៅ​នៅថ្ងៃ​ទី១៥​ ខែមីនា​ ឆ្នាំ​២០២៤​ នេះ​ កងកម្លាំង​ចម្រុះធ្វេីប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឃ្លុំដីចំនួន​ ១៥០,៩៤ហិកតា​ និងឃាត់មនុស្សខ្លួន ៤នាក់, កសាងសំណុំរឿង ព្រមទាំងបញ្ជូនជនសង្ស័យ ចំនួន ១ករណី ទៅតុលាការ។

បេីតាមរយៈរបាយការណ៍ បានបញ្ជាក់ថា មន្ត្រីអនុវត្តច្បាប់បានកំណត់អត្តសញ្ញាណជនសង្ស័យ ៣នាក់ ដើម្បីកសាងសំណុំរឿង បន្តនីតិវិធី ១ករណី, បានដកហូត ម៉ាស៊ីនកាត់ស្មៅ ៥គ្រឿង ម៉ាស៊ីនបាញ់ថ្នាំស្មៅ ២គ្រឿង ផ្លែឡាមម៉ាស៊ីនង៉ោង ២ផ្លែ, បានរុះរើខ្ទមបណ្ដោះអាសន្ន៖ ៣៤រោង និងរោងប្រក់សង្ក័សី៖ ១ខ្នង បានកម្ទេចចោលវត្ថុតាងមានរោងប្រក់សង្ក័សី៖ ៤ គុណ៦ម៉ែត្រ ចំនួន ១២ខ្នង រោងតង់កៅស៊ូ៖ ២ គុណ៣ម៉ែត្រ ចំនួន ៥ខ្នង រោងប្រក់ស្លឹក ១ខ្នង ដំឡូងមី ចំនួន ៣៦៨០បាច់ កម្ទេចដំណាំចេក និងដំឡូងមី ចំនួន ៣៨៤គុម្ព និងបានអប់រំណែនាំចំនួន៨នាក់។

ប្រតិបត្តិ​ការ​ការនេះ​ អាជ្ញាធរខេត្ត បានប្រើប្រាស់កម្លាំង សរុប ៧៨៩នាក់ អភិបាលរងខេត្តពោធិ៍សាត់ ៩នាក់ និងនាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ១នាក់។

គួររំលឹក​ផងដែរថា កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ក្នុងនោះ​ ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖

១៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស
២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ
៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
និង៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើន ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។

ទន្ទឹម​នឹង​នោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថប្រមាណ៣០០នាក់ ខណៈនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជូនកម្លាំងនគរបាលចំនួន២៥០នាក់ ដើម្បីចូលរួមអន្តរាគមន៍ជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅមូលដ្ឋានខេត្តពោធិ៍សាត់៕

Related Articles

Back to top button
error: Content is protected !!