ព័ត៌មានជាតិ

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីពិធីក្រុងពាលី សាងសង់ឧទ្យានទន្លេស្ងួត ជាសមិទ្ធផលថ្មី ក្នុងស្រុកអូររាំងឪ

ត្បូងឃ្មុំ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្ដត្បូងឃ្មុំ ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក និងលោកជំទាវ ជា សុផាកន្នី ព្រមទាំង ឯកឧត្ដម ចាយ បូរិន  រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ រួមជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលីបើកឱ្យដំណើរការសាងសង់ឧទ្យានទន្លេស្ងួត ដែលស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពស ២៥៦៧ ដែលត្រូវនឹងថ្ងៃទី២០ មករា ឆ្នាំ២០២៤។

គូសបញ្ជាក់ផងដែរថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្នុងដំណាក់កាលទី១ ដើម្បីឈានឆ្ពោះទៅកាន់ប្រទេស មានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ជាមួយគោលដៅអាទិភាពទី២ ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការបង្កើនប្រាក់ចំណូល ពីតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ អព្យាក្រឹតកាបូន។

ទន្ទឹមជាមួយគ្នានេះដែរ ឧទ្យានទន្លេស្ងួត មិនត្រឹមតែជាកន្លែងកម្សាន្តសម្រាប់កុមារ និងប្រជាសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចផ្តល់នូវប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានថែមទៀតផង តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ដ៏សម្បូរបែបដូចជា កញ្ចុះសម្រាប់អង្គុយលេង  និងកន្លែងស្ទូចត្រីកម្សាន្ត មគ្គុទេសក៍ទេសចរណ៍ក្នុងតំបន់វប្បធម៌ធម្មជាតិនេះ ព្រមទាំងសេវាកម្មម្ហូបអាហារ ការលក់ដូរកសិផលក្នុងស្រុកជូនភ្ញៀវទេសចរណ៍ ប្រកបដោយចិត្តស្អាត ស្មោះត្រង់ និងផ្ដល់នូវផាសុកភាពជូនភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ និងជាការចូលរួមកាត់បន្ថយការបំពុលនានាទៅក្នុងបរិយាកាស ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកស្ទួយការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។

គួររំលឹកផងដែរថា ទីតាំងឧទ្យានទន្លេស្ងួត គឺជាទឹកដីប្រវត្ដិសាស្ដ្រ និងមានវប្បធម៌ចំណាស់ ស្ថិតក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ដែលប្រជាពលរដ្ឋស្ទើរគ្រប់ទិសទីនៃប្រទេសកម្ពុជាបានស្គាល់ បានដឹង និងតែងតែទៅលេងកម្សាន្ដតាមលក្ខណៈទេសចរណ៍ និងក្នុងពិធីបុណ្យប្រពៃណីផ្សេងៗ។

Related Articles

Back to top button
error: Content is protected !!