ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានពង្រឹងកិច្ចសហការប្រតិបត្តិការជាមួយ Mekong Strategic Partner ដើម្បីជួយឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)

ក្រសួងបរិស្ថាន និង Mekong Strategic Capital កំពុងធ្វើការរួមគ្នា ដើម្បីទាក់ទាញហិរញ្ញប្បទានអាកាសធាតុ (climate finance) តាមរយៈការជួយជ្រោមជ្រែងឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្លាយទៅជាអង្គភាពដែលមានការទទួលស្គាល់ (Accredited Entity) ពីមូលនិធីអាកាសធាតុបៃតង (GCF)

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានពង្រឹងកិច្ចសហការប្រតិបត្តិការជាមួយ Mekong Strategic Partner ដើម្បីជួយឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity) ឆាប់ៗខាងមុខនេះ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ – ២០២៨ ឈានឆ្ពោះទៅទទួលបានហិរញ្ញប្បទានបៃតង ពីមូលនិធិអាកាសធាតុបៃតង (GCF) និងមូលនិធិបរិស្ថានសកល (GEF) របស់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់បម្រើឱ្យឧត្តមប្រយោជន៍ជាតិ ជាពិសេសប្រជាកសិករនៃប្រជាជាតិទាំងមូល។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីធ្វើឡើងក្នុងជំនួបជាមួយ លោក ចន មែកហ្គែលលី (John McGinley) ទីប្រឹក្សាគ្រប់គ្រងដៃគូនៃដៃគូយុទ្ធសាស្រ្តមេគង្គ (Mekong Strategic Partner)។

ការជួយឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity) នេះ គឺជាការរពង្រឹងភាពជាម្ចាស់ក្នុងការទទួលបានមូលនិធិបៃតងដោយផ្ទាល់របស់កម្ពុជា និងមិនមានការចំណាយលើថ្លៃកម្រៃជើងសារទៅស្ថាប័នមានសម្បទា (Accredited Entity) នៃប្រទេសដទៃឡើយ។

ស្ថាប័នមានសម្បទា (Accredited Entity) របស់កម្ពុជានេះ នឹងផ្តល់អត្ថប្រយោជន៍ទៅដល់ការអភិវឌ្ឍបៃតង ដែលរួមមានវិស័យកសិកម្ម ជីវៈចម្រុះ ការដាំ និងស្តារព្រៃឈើឡើងវិញ រួមចំណែកក្នុងគោលដៅអាព្យាក្រឹតកាបូន កាត់បន្ថយការបំពុលទៅក្នុងបរិយាកាស ការបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុជាដើម។ ស្ថាប័នមានសម្បទា (Accredited Entity) នឹងទទួលបានមូលនិធិបៃតងដោយផ្ទាល់មកកម្ពុជា ហើយមូលនិធិទាំងនោះ នឹងបន្តផ្តល់ជូនទៅដល់ដៃប្រជាពលរដ្ឋកម្ពុជា តាមរយៈប្រាក់កម្ចី ដែលមានអាត្រាការប្រាក់ទាប ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគបៃតងនៅកម្ពុជា។

សូមរម្លឹកជូនថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ សម្តេចបានស្នើឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់ការសហការជាមួយក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព ដើម្បីជំរុញឱ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) របស់រដ្ឋក្លាយទៅជាស្ថាប័នមានសម្បទា (Accredited Entity) សំដៅឈានដល់ការទទួលហិរញ្ញប្បទានបៃតង ដើម្បីជំរុញដល់ការអភិវឌ្ឍលើវិស័យបរិស្ថានដោយចីរភាព៕

Related Articles

Back to top button
error: Content is protected !!