វីរកីឡាករ សាលី អ៊ូមើត បានប្រកាសប្រគល់ភាពជោគជ័យ ពីការចូលរួមប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet Ski World Series ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
(ភ្នំពេញ)៖ ការគូសបញ្ជាក់របស់ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមរូបនេះ បន្ទាប់ពីលោក និងសិស្សប្អូន បានធ្វើដំណើរមកដល់កម្ពុជានៅល្ងាចថ្ងៃទី២៤ ខែតុលានេះ អមជាមួយមេដាយសរុបចំនួន ៩គ្រឿង ក្នុងនោះមានមេដាយមាស ៤ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ ១គ្រឿង ដែលដណ្ដើមបានពីព្រឹត្តិការណ៍ Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅអាមេរិក ដែលធ្វើការប្រកួតពីថ្ងៃទី០៤-០៨ ខែតុលាកន្លងទៅ។
វីរកីឡាករ សាលី អ៊ូមើត ប្រធានក្រុមម៉ូតូទឹកកម្ពុជា បានប្រកាសប្រគល់ភាពជោគជ័យ ពីការចូលរួមប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជាការសងគុណ ចំពោះសម្ដេច ដែលបន្ដដឹកនាំប្រទេសប្រកបដោយសុខសន្ដិភាព។
បន្ទាប់ពីធ្វើដំណើរមកដល់មាតុភូមិ សាលី អ៊ូមើត បាននិយាយថា «ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយជោគជ័យនេះ ខ្ញុំសូមប្រគល់ជូនសម្ដេចនាយករដ្ឋមន្ដ្រី ដើម្បីជាការសងគុណ ដែលសម្ដេចខិតខំដឹកនាំប្រទេសប្រកបដោយសុខសន្ដិភាព ធ្វើឲ្យក្រុមកីឡាកររបស់យើង មានឱកាសយកទង់ជាតិទៅបង្ហាញឲ្យពិភពលោកបានឃើញ និងបានស្គាល់ ចំពោះស្នាដៃរបស់កូនខ្មែរ ថាសមត្ថភាពកូនខ្មែរយើង ទោះបីប្រទេសតូចមែន តែចិត្ដធំ អាចដណ្ដើមមេដាយមាសពិភពលោក ដែលមានអត្តពលិកខ្លាំងៗ ៣០ប្រទេសចូលរួម»។
បន្ថែមលើនេះ ក្នុងនាមប្រធានក្រុម អ៊ូមើត បានប្ដេជ្ញានឹងបន្ដខិតខំប្រឹងប្រែងបណ្ដុះបណ្ដាល និងដឹកនាំក្រុមកីឡាករម៉ូតូទឹកកម្ពុជា ឆ្ពោះទៅរកជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ ពិសេសនៅក្នុងការប្រកួតជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៤ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៣ ខាងមុខ៕