ឯកឧត្តម រដ្ឋមន្រ្តី អ៊ាង សុផល្លែត បានជុំរុញឲ្យប្រជាសហគមន៍ ដាំដើមឈើដើម្បីបង្កើនប្រាក់ចំណូល…
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣
កោះកុង : ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តាព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរទស្សនកិច្ច ចុះសួរសុខទុក្ខប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំថោះ ពស ២៥៦៧ ត្រូវនិងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ ។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានអះអាងថា សហគមន៍បានចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ដោយមិនមានទៀតទេការកាប់រានព្រៃ ឬការដកហូតអនុផលេព្រៃឈើលើសលប់ក៏មិនមានដែរ។ តំបន់នេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ ក្នុងការមកទស្សនាធនធានធម្មជាតិដែលមានរួមមាន ទឹកជ្រោះ ទេស ភាពដងព្រែក ភូមិបូរាណនិងការជិះទូកលេងកំសាន្ត ហើយប្រជាសហគមន៍កំពុងទទួលបានចំណូលតាមរយៈវិស័យទេសចរណ៍ធម្មជាតិនេះ ។
តែទន្ទឹមនឹងមានការគាំទ្រពីភ្ញៀវទេសចរណ៍លើធនធានធម្មជាតិ កត្តាផ្លូវ ចំណតឡាន ទឹកស្អាត និងមជ្ឈមណ្ឌលព័ត៌មាន សម្រាប់ភ្ញៀវទេសចរណ៍ក៏ជាតម្រូវការអភិវឌ្ឍបន្ថែមទៀត របស់សហគមន៍។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរណ៍នាពេលបច្ចុប្បន្ននេះ។
គួររម្លឹកដែលថា ការជំរុញឱ្យមានការដាំដើមឈើ ដើម្បីឱ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូល ពីការលក់កាបូននេះ គឺជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ដែលអនុវត្តស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងគោលដៅយុទ្ធសាស្រ្តទាំងប្រាំ ត្រង់ចំណុចទី១ ដែលធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយ ភាពធន់ និងវិបត្តិនានា។
សូមបញ្ជាក់ដែរថា សហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថាន តាមប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្តដា ឆ្នាំ ២០២៣ នេះ និងមានសមាជិកចំនួន១៧៧គ្រួសារ រស់នៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ដែលមានសក្តានុពលធម្មជាតិ ដូចជាព្រៃឈើ ព្រៃកោងកាង ទឹកធ្លាក់ ទេសភាពតាមដងព្រែក ភូមិបូរាណ រួមនឹងការនេសាទសមុទ្រ ដែលកំពុងទទួលបានការចាប់អារម្មណ៍អ្នកទេសចរណ៍មកទស្សនាជាបន្តបន្ទាប់៕