រោងចក្រកែច្នៃដំណាប់ស្វាយ ស្ថិតក្នុង ឃុំស្រែចា ស្រុកស្នួល ហាក់ដូចជាមិនអើពើ និងវិធានការក្ដៅ របស់ក្រសួងបរិស្ថាននោះទេ…

ខេត្តក្រចេះ ÷ ទោះបីជាក្រសួងបរិស្ថាន មានចំណាត់ការក្ដៅលើករណីរោងចក្រលួចបង្ហូទឹកកខ្វក់ ចូលប្រព័ន្ធទឹកសាធារណៈយ៉ាងក៏ដោយ ក៏នៅតែមានរោងចក្រនៅតាមបណ្ដាខេត្ដមួយចំនួន នៅតែបន្ដលួចបង្ហូរទឹកកខ្វក់ ស្អុយ ឬសារធាតុរាវមានព័ណ៌ចូលប្រព័ន្ធទឹកសាធារណៈ តួយ៉ាងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា រោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងពុំមានស្លាកយីហោ បានបង្ហូរទឹកស្អុយទឹកកខ្វក់ ចូលទៅក្នុងប្រឡាយ និងអូរ យ៉ាងអាណាធិបតេយ្យ ដោយពុំគោរពនូវក្រមបរិស្ថាន និងបំពានសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដោយរោងចក្រកែច្នៃដំណាប់ស្វាយខាងលើ មានទីតាំង ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ ៧ ភូមិក្បាលត្រាច ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ។
ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ បានរៀបរាប់ថា ជារៀងរាល់ថ្ងៃពួកគាត់ កំពុងតែរងនៅផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សុខភាព មិនថាមនុស្ស ឬសត្វនោះទេ ដោយរោងចក្រខាងលើនេះបានបង្ហូរទឹកស្អុយគគ្រុក ចូលទៅតាមប្រឡាយ អូរ នៅក្បែរមូលដ្ឋានរស់នៅរបស់គាត់ ។
យោងតាមការលើកឡើងរបស់លោកមេឃុំ ស្រែចារ បាននិយាយថា ចំពោះករណីនេះលោកបានដឹងហើយ ហើយសុំឲ្យក្រុមការងារទាក់ទងទៅប្រធានមន្ទីរបរិស្ថានខេត្តក្រចេះចុះ។
ប្រជាពលរដ្ឋម្នាក់ក្នុងលក្ឋខណ្ឌសូមមិនបញ្ចេញឈ្មោះ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា កន្លងទៅថ្មីនេះ ឃើមានមន្ដ្រីមន្ទីរបរិស្ថានខេត្ដ បានចុះមកពិនិត្យ ហើយក៏បានចេញទៅវិញ ក៏ប៉ុន្ដែ ហាក់ដូចពុំមានឃើញថា មន្ដ្រីបរិស្ថានមានវិធានការយ៉ាងទេចំពោះរោងចក្រកែច្នៃដំណាប់ស្វាយខាងលើ ហើយរោងចក្រនោះនៅតែបន្ដបង្ហូរទឹកក្លិនមានស្អុយចូលប្រព័ន្ធទឹកសាធារណៈដដែល។ ប្រជាពលរដ្ឋឆ្ងល់ថា តើមន្ដ្រីបរិស្ថាន ចុះទៅធ្វើអី ហើយមានបញ្ហាអ្វី បានជាមិនព្រមអនុវត្ដច្បាប់តាមនីតិវីធី ដូចជាការលើកឡើងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថានថា គឺពុំមានការលើកលែងនោះទេ និងត្រូវអនុវត្ដតាមច្បាប់ ១០០% តើករណីនេះមានការលាក់បាំងអ្វីទេដឹង។
ការបង្ហូរទឹកស្អុយជារៀងរាល់ បង្កឱ្យមានផលប៉ះពាលយ៉ាងអាក្រក់ដល់ប្រជាពលរដ្ឋ ដែលចេញពីរោងចក្រដំណាប់ស្វាយ ស្ថិតក្នុងឃុំស្រែចា ធ្វើឱ្យប្រជាពលរដ្ឋ មានការត្អូញត្អែរយ៉ាងខ្លាំង ហើយក៏ពុំឃើញមានមន្ដ្រីជំនាញបរិស្ថាន ឬមន្ដ្រីអាជ្ញធរ រូបណាអើពើនោះទេ។
ជុំវិញករណីការបង្ហូរទឹកស្អុយខាងលើនេះ ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន មេត្ដាពិនិត្យមើលមន្ដ្រីថ្នាក់ក្រោម ជាពិសេស លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ទើបចូលកាន់តំណែងថ្មីៗ និងចាត់មន្ដ្រីជំនាញ ចុះត្រួតពិនិត្យ និងធ្វើការទប់ស្កាត់ រាល់សកម្មភាពការបង្ហូរទឹកស្អុយចូលក្នុងប្រឡាយក្នុងអូរ របស់រោងចក្រ នៅចំណុចទីតាំងខាងលើនេះផងទាន។