លោក ពោ ផាន្នី ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខពលរដ្ឋមានជីវភាពខ្វះខាតចំនួន 5 គ្រួសារនៅឃុំស្ទឹងកែវ ស្រុកទឹកឈូ

ខេត្តកំពត÷ លោក ពោ ផាន្នី ប្រធានសាខាសមាគមយុវជនខ្មែររួមគ្នាដើម្បីអភិវឌ្ឍន៍សង្គម ខេត្តកំពត តំណាងឱ្យ ឯកឧត្តម សៀង បូរិទ្ធ ប្រធានសមាគមយុវជនខ្មែររួមគ្នាដើម្បីអភិវឌ្ឍន៍សង្គមស្នាក់ការកណ្តាល បានដឹកនាំក្រុមការងារសមាគមសាខាខេត្តកំពត ចុះសួរសុខទុក្ខពលមានជីវភាពខ្វះខាតចំនួន 5 គ្រួសារនៅឃុំស្ទឹងកែវ ស្រុកទឹកឈូ ដោយមានការចូលរួមពី សមជិក សមាជិកា និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃពុធ ទី៧ ខែឧសភាឆ្នាំ២០២៥ ស្ថិតនៅឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងឱកាសនេះផងដែរ លោកប្រធាន ពោ ផាន្នី បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម វ៉ាន់ ដារ៉ាអ្នកតំណាងរាស្រ្តមណ្ឌលកំពតនិង ឯកឧត្តមសៀង បូរិទ្ធប្រធានសមាគមយុវជនខ្មែររួមគ្នាដើម្បីអភិវឌ្ឍន៍សង្គម ចំពោះអាជ្ញាធរនិងប្រជាពលរដ្ឋយើងទាំងមូលក្នុងឃុំស្ទឹងកែវនេះផងដែរ។
លោក ពោ ផាន្នី បានថ្លែងអំណរគុណដល់សប្បុរសជនជាម្ចាស់ជំនួយ ដែលរស់នៅប្រទេសកូរ៉េខាងត្បូង ដែលបានផ្តល់ជំនួយមនុស្សធម៌តាមរយះ សមាគមខ្មែរជួយខ្មែរ ឆាំង វ៉ុន ដែលមានលោកស្រី អូម បុប្ផា ជាតំណាងសមាគមខ្មែរជួយខ្មែរនៅប្រទេសកូរ៉េខាងត្បូង ដើម្បីចែកជូនដល់ពលរដ្ឋក្រីក្រនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ចំនួន៥គ្រួសារ សម្ភារះជាអំណោយដែលយកមកចែកជូន ដល់បងប្អូនដែលជួបការលំបាកទាំង៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានរួមមាន÷ មុង អង្ករ មី ទឹកត្រី ទឹកសុីអ៉ីវ សៀង ស្ករស ប៊ីចេង ខ្ទឹមសរ ប្រេងឆា អំបិល សាប៊ូលាងចាន នឹងថវិកា៤០០០០រៀល ផងដែរ។
ចុងក្រោយលោក ពោ ផាន្នី ក៏បានអំពាវនាវ និងសំណូមពរដល់ពលរដ្ឋក្នុងឃុំស្ទឹងកែវទាំងមូលតាមរយះលោកមេភូមិ មេឃុំ សូមជួយក្រើនរំលឹកឲ្យបងប្អូនយើងដែលមិនទាន់ចុះឈ្មោះបោះឆ្នោត សូមឲ្យពលរដ្ឋយើងទៅចុះឈ្មោះដើម្បីបោះឆ្នោតឲ្យបានគ្រប់ៗគ្នាគឺសន្លឹកឆ្នោតមួយសន្លឹកមានតម្លៃណាស់ រីឯបងប្អូនដែលបានចុះឈ្មោះហើយក៏ត្រូវទៅសាលាឃុំដើម្បីផ្ទៀងផ្ទាត់មើលផងដែរ។