កីឡា និងសិល្បៈ

រោងចក្រផលិតដំណាប់ស្វាយ KRR Processing Food Co., Ltd. ហ៊ានបំពានក្រមបរិស្ថាន បង្ហូរសំណល់រាវមានពណ៌ ចូលប្រភពទឹកធម្មជាតិ

កំពង់ស្ពឺ ៖ គេនៅតែបន្ដឃើញថា មានរោងចក្រមួយចំនួន នៅតែគឃ្លើន មិនគោរព និងមិនព្រមអនុត្ដតាមច្បាប់ នៃក្រមបរិស្ថានដែលបានចែង តួយ៉ាងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ ក្រោយពីទទួលបានប្រភពព័ត៌មានច្បាស់ការណ៍ ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន បានចុះទៅពិនិត្យ ទីតាំងរោងចក្រផលិតដំណាប់ស្វាយ របស់ក្រុមហ៊ុន KRR Processing Food Co., Ltd. ពិតជាបានរកឃើញថា រោងចក្រផលិតដំណាប់ស្វាយមួយនេះ បានបំពានច្បាប់ និងសារចរណែនាំរបស់ក្រសួងបរិស្ថាន លួចបង្ហូរសំណល់រាវចូលទៅក្នុងប្រភពទឹកសាធារណៈចូលក្នុង ស្ទឹងសែនជ័យ ដែលភ្ជាប់ទៅស្ទឹងស្រែខ្លុង ពិតប្រាកដមែន ដែលរោងចក្រមួយនេះ មានទីតាំងស្ថិតនៅ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ការចុះទៅធ្វើការពិនិត្យ និងធ្វើអធិការកិច្ច របស់ក្រុមការងារក្រសួងបរិស្ថាន ក៏មានការចូលរួមពី តំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកភ្នំស្រួច និងអាជ្ញាធរឃុំយាយម៉ៅពេជ្រនិលផងដែរ ។

បើតាមការបង្ហើបប្រាប់របស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅខាងក្រៅទីតាំងរោងចក្រ ក្រុមការងារបានរកឃើញថា នៅក្នុងប្រឡាយដីស្ថិតនៅចំហៀងខាងកើត និងខាងក្រោយអគាររោងចក្រ ឃើញមានស្នាមទឹកសំណល់រាវ ហូរចូលទៅក្នុងស្ទឹងសែនជ័យ ចាប់ពីចំណុចក្រោយទីតាំងរោងចក្រ រហូតដល់ចំណុចស្ពានសែនជ័យ (ចម្ងាយពីរោងចក្រប្រមាណ ៣០០ម) បន្ទាប់មក ក្រុមការងារបានយកសំណាកទឹក នៅតាមដងស្ទឹងសែនជ័យចំនួន៣ ទីតាំង មកធ្វើការវិភាគនៅមន្ទីរពិសោធន៍។ ការបញ្ជាក់ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងផងដែរថា ក្រុមហ៊ុនមានការបង្ហូរសំណល់រាវ ចេញពីរោងចក្រផលិតដំណាប់ស្វាយចូលស្ទឹងជារៀងរាល់ថ្ងៃ បង្កឱ្យមានក្លិនស្អុយ ធ្វើឱ្យប៉ះពាល់បរិស្ថានសុខភាព ការរស់នៅរបស់ប្រជាពលរដ្ឋ នៅជុំវិញនោះ។

បន្ទាប់ពីបានពិនិត្យ និងបានរកឃើញថា រោងចក្រផលិតដំណាប់ស្វាយ KRR Processing Food Co., Ltd. ពិតជាបានធ្វើសកម្មភាពបង្ហូរសាធាតុរាវកខ្វល់ចូលស្ទឹងក្នុងស្ទឹងជ័យសែន ដែលផ្ទុយពីក្រមបរិស្ថាននោះ ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន បានចាត់វិធានការចំពោះរោងចក្រមួយនេះនូវ ៤ចំណុច ដែលមិនអាចអត់ឱនឱ្យបាន៖

ទី១. ត្រូវពិន័យអន្តរការណ៍ ចំពោះការប្រព្រឹត្តល្មើសរបស់រោងចក្រ ទៅតាមច្បាប់ជាធរមាន

ទី២. ត្រូវផ្តល់សំណង និងការស្តារបរិស្ថានឡើងវិញ នៅក្នុងព្រែក ដែលរងការប៉ះពាល់ (អនុលោមមាត្រ៧២៣ និង៧២៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ)។

ទី៣. តម្រូវឱ្យក្រុមហ៊ុនបិទភ្ជិតប្រឡាយ បង្ហូរសំណល់រាវ ដែលបានរកឃើញថា មានពណ៌សស្រអាប់ និងមានក្លិនឆួលចូលទៅក្នុងស្ទឹងនៅក្រោយរោងចក្រជាបន្ទាន់

ទី៤. តម្រូវឲ្យរោងចក្ររៀបចំរបាយការណ៍រាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម

ទី៥. តម្រូវរោងចក្រ ធ្វើការកែសម្រួលអាងប្រព្រឹត្តិកម្មឡើងវិញ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសបរិស្ថាន និងត្រូវរៀបចំឲ្យមានស្រះស្តុកបន្ថែមទៀត សម្រាប់ធ្វើការសម្អាតសំណល់រាវ និងដើម្បីជៀសវាងការហូរចូលទៅស្ទឹងបន្តទៀត។

សូមបញ្ជាក់ថា យោងលើភស្តុតាង នឹងផលប៉ះពាល់ខាងលើ ករណីការបំពុលបរិស្ថាននេះ បង្កឡើងដោយការបញ្ចេញ សំណល់រាវរបស់ក្រុមហ៊ុន   បង្កឱ្យមានផលប៉ះពាល់ ដល់គុណភាពទឹកសាធារណៈ ជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។ សកម្មភាពរបស់ក្រុមហ៊ុននេះ គឺល្មើសទៅនឹងមាត្រា១៥៦ ២៨៧ ២៨៩ និង២៩០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងមាត្រា៤ មាត្រា៦ និងមាត្រា៩ថ្មី នៃអនុក្រឹត្យ ស្តីពីការត្រួតពិនិត្យការបំពុលទឹក៕

អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងបន្ដតាមដាន និងធ្វើការផ្សព្វផ្សាយពីវឌ្ឍនភាព ជូនទស្សនិជន លើការអនុវត្ដក្រមបរិស្ថាន របស់រោងចក្រខាងលើជាបន្ដទៀត។

Related Articles

Back to top button
error: Content is protected !!