ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១

ស្ទឹងត្រែង ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃយោធភូមិភាគទី១ នៅបញ្ជាការដ្ឋានយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ព្រមទាំងបាននាំយកនូវ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ សម្រាប់ប្រើប្រាស់ នាក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៦នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីរួមចំណែកកិច្ចការពារជាតិ ការពារប្រជាជន រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ស្របតាមពាក្យស្លោក « ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ» ស្ថិតនៅខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៃយោធភូមិភាគទី១ទាំងអស់ ពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងពីរបានយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ ព្រមទាំងគិតគូដល់សុខភាព និងជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទ ឈរជើងនៅសមរភូមិមុខ និងក្រុមគ្រួសារទ័ពនៃយោធភូមិភាគទី១ ក៏ដូចនាយទាហាន នាយទាហានរង និងពលទាហានតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា ដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាងរួមទាំងជីវិត និងសេចក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិ និងបូរណភាពដែនដី។

គួររម្លឹកបន្ថែមទៀតថា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ សម្រាប់ទីបញ្ជាការដ្ឋានយោធភូមិភាគទី១ និងមន្ត្រីឧទ្យានុរក្សដែលប្រចាំការក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រួមមាន អង្ករ មី ប្រេងឆា ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ទឹកដោះគោខាប់ ស្ករស ប៊ីចេង អំបិល ឆៃប៉ូវប្រៃ ខ្ទឹមស ទឹកក្រូចចម្រុះ និងទឹកសុទ្ធព្រមទាំងឧបត្ថម្ភ ជូនកងយោធភូមិភាគទី១ ជាថវិកាសរុបចំនួន ២៥,០០០,០០០ រៀល និងមានការរួមចំណែកពីអ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន អាន ម៉ារឌី គ្រុប ផ្ដល់ថវិកាជួសជុលអគារស្នាក់នៅរបស់កងទ័ពចំនួន ០១ខ្នង តម្លៃ២៥០០ដុល្លារ ឃ្លាំងសម្ភារៈ ចំនួន០១ខ្នង តម្លៃ២៥០០ដុល្លារ និងអាគុយកម្លាំង ១០០អំពែ ចំនួន ២០ធុង ដែលសរុបទឹកប្រាក់អស់ ៦១ ៤០០ ០០០រៀល និង៧០០០ដុល្លារសហរដ្ឋអាមេរិក។    

Related Articles

Back to top button
error: Content is protected !!