ព័ត៏មានថ្មីៗ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងប្រតិភូ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នេះបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន បានសម្តែងនូវសមានទុក្ខ ក្រៀមក្រំ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក និងសូមចូលរួមរំលែកទុក្ខដ៏កៀមក្រំជាមួយលោកជំទាវ ដែលជាភរិយា ព្រមទាំងក្រុមគ្រួសារញាតិមិត្តបងប្អូនសាច់សាលោហិត របស់សព។ មរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីចូលរួមចំណែកការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបានដង្ហែតាមអង្គព្រះមហាក្សត្រ ក្នុងការដឹកនាំប្រទេសជាតិមាតុភូមិកម្ពុជាដ៏បវររុងរឿងឆ្ពោះទៅរកសេចក្តីសុខ សន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន សូមឧទ្ទិសបួងសួងជូនវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Related Articles

Back to top button
error: Content is protected !!