ព័ត៏មានថ្មីៗ

បែកធ្លាយរឿង បែងចែកផលប្រយោជន៍ជូនមេៗ ដើម្បីរត់ការបើកផ្លូវនាំចូលជ្រូកខុសច្បាប់ ពីប្រទេសថៃ

បន្ទាយមានជ័យ៖ ម្ដងនេះកាន់តែច្បាស់ការណ៍ ជុំវិញបុរសម្នាក់ឈ្មោះ ញឹម ប៉ក់ ដែលគេដឹងថាជាមន្ដ្រីយោធា ពាក់ស័ក ៤ ជាមេឃ្លោងរត់ការ បើកផ្លូវ នាំចូលសត្វជ្រូក សត្វមាន់ ខុសច្បាប់មកពីប្រទេសថៃ តាមច្រករបៀង ក្នុងទឹកដីក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ និងខេត្ដបាត់ដំបងផងដែរ។

តាមប្រភពច្បាស់ការណ៍មួយបានទំលាយ ពីការចំណាយរត់ការ បែងចែកផលប្រយោជន៍ ជូនសមត្ថកិច្ចពាក់ព័ន្ធរាប់សែនដុល្លារក្នុងមួយខែៗ ជាថ្នូរនឹងការនាំចូល សត្វជ្រូក និងសត្វមាន់ ខុសច្បាប់មកពីប្រទេសថៃ។

ប្រភពបានបង្ហាញយ៉ាងច្បាស់ថា លោក ញឹក ប៉ក់ ជាអ្នករត់ការ និងធ្វើការបែកចែក លុយកាក ទៅតាមគោលដៅផ្សេងៗ ដូចជាមន្ដ្រីអគ្គនាយដ្ឋានមួយនៅក្រសួងកសិកម្ម មន្ដ្រីគយ ពេទ្យសត្វ និងមន្ដ្រីជាន់ខ្ពស់ជាច្រើននាក់ទៀត ដើម្បីបិទបាំងនូវការនាំចូល សត្វជ្រូក និងសត្វមាន់។
បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព កាលពីឆ្នាំ២០២៣ បានលើកឡើងថា តើលោក ញឹម ប៉ក់ ជាមន្ដ្រីយោធា ហេតុអ្វីមានសិទ្ធិអំណាចខ្លាំងខ្លាម្ល៉េះ ហ៊ានឃាត់រថយន្ដ ដឹកជ្រូក មួយគ្រឿង បង្កការភ្ញាក់ផ្អើរពេញក្រុងប៉ោយប៉ែត ត្រង់ចំណុចកូនដំរី ឃុំនិមត្ដិ។

បើដូចទៅនឹងប្រភព បែកធ្លាយខាងលើ គឺមានមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ បាននឹងកំពុងគប់គិត បើកដៃឱ្យឈ្មោះ ញឹម ប៉ក់ និងមេឈ្មួញធំៗ ប្រព្រឹត្ដិបទល្មើនាំចូលសត្វខុសច្បាប់ ដែលបំពាន និងផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាល និងផ្ទុយពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ចំណុចនេះ ជាចំណុចហានិភ័យមួយដ៏ធំមួយ ដែលបង្កឱ្យមានផលប៉ះពាល់ដ៏ទីផ្សារក្នុងស្រុក លើការប្រកួតប្រជែកទីផ្សារ និងអាចបង្កឱ្យមានការប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែលបានទទួលទាន សត្វនាំចូលខុសច្បាប់ ខ្វះការត្រួតពិនិត្យ ពីមន្ដ្រីជំនាញពាក់ព័ន្ធ។

បើដូចទៅនឹងប្រភពខាងលើដែលបានទំលាយមែននោះ សូម រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដ ឌិត ឌីណា និងឯកឧត្ដមទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំអំពើពុករលួយ ជាពិសេស ឯកឧត្ដមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មេត្ដាបើការស្រាវជ្រាវ និងមានចំណាត់ការ ជុំវិញការរួមគំនិតគ្នានាំចូលសត្វជ្រូក សត្វមាន់ ខុសច្បាប់ ដែលមានលោកមន្ដ្រីយោធាស័ក៤ ញឹម ប៉ក់ ជាមេឃ្លោងរត់ការបើកផ្លូវឱ្យមានការនាំចូលដោយសេរីផងទាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ពុំអាចសុំការបំភ្លឺពីលោកយោធា ញឹម ប៉ក់ បានទេ ព្រោះពុំមានលេខទូរសព្ទទាក់ទង ហើយអង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺពីភាគីលោក ញឹម ប៉ក់ គ្រប់ម៉ោងធ្វើការ។

Related Articles

Back to top button
error: Content is protected !!