ព័ត៌មានជាតិ

អាជ្ញាធរ និងប្រជាពលរដ្ឋអនុវត្ត ៤ចំណុចចនេះ នឹងធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ គឺស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ដោយកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតចន្លោះពី ១៨,០៣ µg/m3  ទៅ ២១,៤៣ µg/m3  ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង នៅខណៈដែលរបបខ្យល់មូសុងកំពុងបក់ពីទិសខាងជើងមកទិសខាងត្បូងនារដូវនេះ។ ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ជាយថាហេតុនៅក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ ក្រសួងបរិស្ថាន បានជូនដំណឹងនិងណែនាំដល់អាជ្ញាធរមូលដ្នាន និងប្រជាពលរដ្ឋចាំបាច់ត្រូវចូលរួមទប់ស្កាត់ការបំពុលខ្យល់តាមរយៈវិធានការ ៤ចំណុចដូចខាងក្រោម៖
ទី១. អាជ្ញាធរត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋមិនឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហឡើយ។
ទី២. អាជ្ញាធរ ត្រូវចាត់វិធានការទប់ស្កាត់សកម្មភាពដុតរានព្រៃ ដុតវាលស្មៅ ដុត
សំណល់ កសិកម្ម ដុតសំរាមសំណល់រឹងនៅទីចំហ និងការឆេះនៅទីលានចាក់សំរាម។
ទី៣. អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់។
ទី៤. អាជ្ញាធរ ត្រូវធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំ។

គួររម្លឹកជូនថា ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងបង្ការហានិភ័យធនធានធម្មជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏បានចេញសេចក្តីជូនដំណឹងម្តងរួចទៅហើយ ស្តីពីវិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ឱ្យបានយល់ច្បាស់អំពីករណីកិច្ចក្នុងការការពារ ទប់ស្កាត់ តាមរយៈការចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយអង្គភាពជំនាញក្រោមឱវាទរបស់ក្រសួងទាំងពីរ៕

Related Articles

Back to top button
error: Content is protected !!