កងអាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣!
ភ្នំពេញ)៖ នារសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមបំពេញបេសកកម្មជាមួយកម្លាំងចម្រុះ ជាង១ម៉ឺននាក់ (ទាំង នគរបាល អាវុធហត្ថ យោធា និងអាជ្ញាធរពាក់ព័ន្ធ) ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយវិន័យសណ្តាប់ធ្នាប់ ស្វាហាប់ ការទទួលខុសត្រូវ ការលះបង់ និងមនោសញ្ចេតនាស្និទ្ធស្នាលទន់ភ្លន់ រយៈពេលកន្លងមក បានយ៉ាងល្អប្រសើរ និងបញ្ចប់ទៅដោយរលូនជោគជ័យ ដោយមានមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស មកចូលរួមទស្សនា និងដើរកម្សាន្តយ៉ាងច្រើនកុះករ ក្រោមការរៀបចំឡើងយ៉ាងអធឹកអធមដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕