ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញមកពីប្រទេសវៀតណាម ចូលមក កម្ពុជា តាមរយៈទូក និងដឹកជញ្ជូនយកទៅលក់ចែកចាយបន្ត តើទំនិញទាំងអស់នេះបានត្រួតពិនិត្យពីគយ និងរដ្ឋាករជ្រៃធំដែររឺទេ?
ខេត្តកណ្តាល ÷ ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនទំនិញ នំកញ្ចប់ និងទំនិញផ្សេងៗទៀតរាប់សិបកេស តាមរយៈទូកឈើ ចេញពីផ្សារ (ឡុងបិន ប្រទេសវៀតណាម) យកមកស្តុកទុកនៅចំនុចភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្តាល យ៉ាងអនាធិបតេយ្យ ដោយពុំដឹងថាទំនិញខាងលើនេះ បានត្រួតពិនិត្យតាមស្តង់ដារបច្ចេកទេស របស់សាខាគយ និងរដ្ឋាករជ្រៃធំ សាខាគយនិងរដ្ឋាករព្រែកជ្រៃ-កោះទន្លា ដែររឺមួយយ៉ាងណា?
ជាក់ស្ដែងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ មានសកម្មភាពដឹកជញ្ជូនទំនិញតាមទូកមកពីប្រទេសវៀតណាម ចូលមកកម្ពុជា អ្នកសារព័ត៌មានបានសាកសួរទៅអ្នកបើកទូកឈើដឹកទំនិញខាងលើ ( មិនស្គាល់អត្តសញ្ញាណ ) បានរៀបរាប់ថា ចំពោះទំនិញដែលនាំចូលមកពីប្រទេសវៀតណាមនេះបានបង់ពន្ធរួចរាល់ហើយ ហើយក៏មិនមែនបង់តែមួយស្ថាប័ននោះទេ គឺបង់ ០៦-០៧ ស្ថាប័នឯណោះតាមតិច តាមច្រើន ចាប់ពី ១០មុឺនរៀល ទៅ ៦០មុឺនរៀល តាមកន្លែង ប៉ុន្តែមិនមានវិក័យប័ត្រត្រួតពិនិត្យត្រឹមត្រូវនោះទេ។
មជ្ឈដ្ឋានជុំវិញបានលើកជាសំណួរថា បើទំនិញទាំងអស់នេះស្របច្បាប់ ហេតុម្តេចមិនដឹកជញ្ជូនតាមច្រកផ្លូវធំ ងាយស្រួលក្នុងការដឹកជញ្ជូន? ហើយមួយវិញទៀតបើទំនិញទាំងអស់នេះស្របច្បាប់ និងបានត្រួតពិនិត្យតាមស្តង់ដារ ហេតុអ្វីបានជាត្រូវបង់លុយគ្រប់កន្លែង? ហើយដឹកជញ្ជូនតាមទូក លិបលរៗដូចចោរលួចសេះយ៉ាងនេះ?
តាមការអះអាងពីប្រជាពលរដ្ឋម្នាក់ដែលរស់នៅទីនោះ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ចំពោះទីតាំងស្តុក និងការដឹកជញ្ជូនខាងលើនេះ ហាក់មិនប្រក្រតីនោះទេ ប្រហែលជាត្រូវដងត្រូវផ្លែ អស់ហើយមើលទៅ ដោយសារគេសង្កេតឃើញថា បន្ទាប់ពីដឹកទំនិញយកមកស្តុកទុកនៅពេលល្ងាចរួចរាល់ លុះដល់យប់ម៉ោងប្រមាណ ៨.៩យប់ មានឡានកូរ៉េបិតជិតឈឹង ពាក់ស្លាកលេខ ភ្នំពេញ 3E- 7471 និងមួយគ្រឿងទៀត ពាក់ស្លាកលេខភ្នំពេញ 3E- 0772ចូលមកដឹកយកទៅលក់ចែកចាយបន្ត នៅតាមដេប៉ូនានាក្នុងរាជធានីខេត្ត ជារៀងរាល់ថ្ងៃ ដោយពុំមានមន្ត្រីជំនាញពាក់ព័ន្ធ ចុះមកត្រួតពិនិត្យម្តងណាឡើយ។
តាមការបង្ហើបពីប្រជាពលរដ្ឋបានប្រាប់អោយដឹងទៀតថា មិនមែនមានតែចំនុចភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅខាងលើនោះទេ នៅចំនុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃឯណោះក៏អញ្ចឹងដែរ មានទាំងទាហ៊ាន ដាក់កុងត្រូលមិនដឹងជាទាហ៊ានខាងណាអោយពិតប្រាកដ មានទាំងស្នាក់ការនគរបាលការពារព្រំដែនគោក តែមិនដែលឃើញអនុវត្តច្បាប់ក្នុងនាមខ្លួនជាអាជ្ញាធរឡើយ។
ពាក់ព័ន្ធការលើកឡើងខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងមិនសុំការបកស្រាយពីស្ថាប័នពាក់ព័ន្ធណាមួយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង។
ជុំវិញការចុះផ្សាយខាងលើនេះប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមន្ត្រីអត់លិឌ្ឍ ដែលមានការព្រួយបារម្ភជាខ្លាំង ចំពោះចំណីអាហារដែលចូលមកគ្មានការត្រូតពិនិត្យជាពន់ពេក មិនដឹងថាចំណីអាហារទាំងនោះ មានគុណភាពយ៉ាងណា រឺហួសការកំណត់ ដែលបណ្តាលអោយប៉ះពាល់ដល់សុខភាព មនុស្សចាស់ និងកូនក្មេងគ្រប់រូប គ្រប់មជ្ឈដ្ឋាន បានធ្វើការសំណូមពរ និងគោរពស្នើរសុំដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់កំលាំងក្រោមឱវាទត្រួតពិនិត្យឡើងវិញនូវគ្រឿងឧបភោគបរិភោគ នៅចំនុចទីតាំងខាងលើផងទាន! ។
អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ ដែលសារព័ត៌មានយើងខ្ញុំគ្មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធរមូលដ្ឋាន ឬបុគ្គលណាម្នាក់នោះឡើយ ក្រៅពីផ្សព្វផ្សាយជាព័ត៌មានពិត និងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើ លោកបានជ្រាបជាព័ត៌មាន ពីមន្ត្រីថ្នាក់ក្រោម មានភាពកម្សោយមិនគោរពតួរនាទី និងកាតព្វកិច្ចដែលខ្លួនគ្រប់គ្រងនោះឡើយ ធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេកជាមួយក្រុមឈ្មួញតែប៉ុណ្ណោះ ។
អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយបំភ្លឺ ពីស្ថាប័នពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការ ជុំវិញបញ្ហាចុះផ្សាយខាងលើនេះ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា គឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕