កីឡា និងសិល្បៈ

សហគមន៍កសិកម្មតាសីសាមគ្គីត្រៀមផលិតនិងផ្គត់ផ្គង់បន្លែឱ្យកើនដល់១០តោននៅក្នុងមួយថ្ងៃ

ខេត្តបាត់ដំបង៖ បើពុំមានការប្រែប្រួលនោះទេ សហគមន៍កសិកម្មតាសីសាមគ្គីនឹងធ្វើការសាងសង់ផ្ទះសំណាញ់ដាំបន្លែបន្ថែម សាងសង់ផ្លូវសម្រាប់ដឹកជញ្ជូន និងប្រព័ន្ធស្រោចស្រពសម្រាប់បម្រើដល់ការផលិតបន្លែរបស់ខ្លួននៅក្នុងខែឧសភានិងមិថុនា ហើយគ្រោងចាប់ផ្តើមដាំដុះទៅតាមផែនការនៅខែកក្កដានាពេលខាងមុខ ដោយរំពឹងថាការផ្គត់ផ្គង់បន្លែនៅលើទីផ្សារកើនដល់៨ទៅ១០តោនក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នការផ្គត់ផ្គង់បន្លែមានជាង២ទៅ៣តោនក្នុងមួយថ្ងៃ។

សហគមន៍កសិកម្មតាសីសាមគ្គី ដែលមានមូលដ្ឋានផលិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោលខេត្តបាត់ដំបងមានផែនការបង្កើនការផ្គត់ផ្គង់បន្លែឱ្យកើនទ្វេដងនៅក្នុងមួយថ្ងៃនាពេលដ៏ខ្លីខាងមុខនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ទទួលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជាមានថវិកាជិត២លានដុល្លារ កាលពីថ្ងៃទី២៨ខែមេសាកន្លងមកនេះ។

លោក ណុប នុន ប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានលទ្ធភាពផលិតនិងផ្គត់ផ្គង់បន្លែទៅលើទីផ្សារក្នុងមួយថ្ងៃចន្លោះពីជាង២តោនទៅ៣តោន តែនៅពេលដ៏ខ្លីខាងមុខការផ្គត់ផ្គង់អាចនឹងកើនដល់៨តោនទៅ១០តោតនៅក្នុងមួយថ្ងៃ នៅពេលដែលការសាងសង់ផ្ទះសំណាញ់ ការសាងសង់ផ្លូវដឹកជញ្ជូន និងការរៀបចំប្រព័ន្ធស្រោចស្រព សម្រាប់បម្រើដល់ដំណើរការផលិតកម្មបន្លែសម្រេចបានលទ្ធផលតាមការគ្រោងទុក។

ទន្ទឹមនិងសហគមន៍កសិកម្មតាសីសាមគ្គី ទើបទទួលបានគម្រោងពិពិធកម្មកសិកម្មកម្ពុជា , បើតាមលោក ណុប នុន បានធ្វើការវាយតម្លៃក្នុងដំណាក់កាលដំបូងៗនេះថា បើសិនជាគម្រោងទទួលបានជោគជ័យតាមការគ្រោងទុក ពិតណាស់ វានិងជួយឱ្យកសិករមានភាពល្អប្រសើរ ។ ការចំណាយទៅលើការទិញធាតុចូលរបស់កសិករ និងធ្លាក់ចុះកាន់តែទាប។ ជារួមនៅថ្ងៃអនាគត តាមរយៈគម្រោងមួយនេះ និងធ្វើឱ្យកម្រិតជីវភាពរបស់សមាជិកសហគមន៍ នឹងប្រសើរឡើងពី៥០%ទៅ៦០% បើប្រៀបធៀបនិងកាលពីមុន។

យោងតាមគម្រោងពិពិធកម្មកសិកម្មកម្ពុជាហៅកាត់ថា (ខាស់-CASDP) បានឱ្យដឹងថា សហគមន៍កសិកម្មតាសីសាមគ្គីនៅក្នុងខេត្តបាត់ដំបង ជាសហគន៍កសិកម្មដែលបានអនុវត្តធុរកិច្ចទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ សហគមន៍មានសមត្ថភាពសង់ផ្ទះសំណាញ់ជាង១,000 ខ្នងសម្រាប់សមាជិករបស់ខ្លួន និងកសិករផ្សេងទៀត ក៏ដូចជាសហការជាមួយកសិករចំនួន២៧២ នាក់ ដើម្បីនាំចេញបន្លែសរីរាង្គ។

គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ក្រោមហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។ គម្រោង CASDP ត្រូវបានអនុវត្តន៍ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួងធនធានទឹក និងឧតុនិយម។

មកទល់នឹងពេលនេះ សហគមន៍កសិកម្ម “តាសីសាមគ្គី” ស្រុកថ្មគោល ខេត្តបាត់ដំបង បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលមានតម្លៃជិត ១,៨៩ លានដុល្លារ ដែលភាគច្រើនសម្រាប់សង់ផ្ទះសំណាញ់ចំនួន២២៥ខ្នង កែលម្អផ្លូវកសិកម្មប្រវែងជាង៧គីឡូម៉ែត្រ ប្រព័ន្ធធារាសាស្ត្រ និងឧបករណ៍ផ្សេងៗទៀត។

កិច្ចព្រមព្រៀងខាងលើនេះផងដែរ ជាដំណាក់កាលទី២ នៃការអនុវត្តផែនការអាជីវកម្ម តាមរយៈការសាងសង់ផ្ទះសំណាញ់ចំនួន៥០ សម្រាប់ផលិតកម្មបន្លែសុវត្ថិភាពជាលក្ខណៈគ្រួសារ ដែលជាមធ្យមកសិករអាចផលិតបាន ៣៧ តោនក្នុង១វដ្តរដូវ ឬ ២៣០ តោនក្នុងមួយឆ្នាំ ដោយផ្តល់ប្រាក់ចំណូលជាមធ្យមជាង ២៩ពាន់ ដុល្លារ ក្នុងមួយវដ្តរដូវប្រមូលផល ឬ ១៦៩ពាន់ដុល្លារក្នុងមួយឆ្នាំសម្រាប់កម្រិតសមាជិកកម្នាក់ៗ។ សម្រាប់កម្រិតក្រុមផលិតវិញ កិច្ចព្រមព្រៀងនឹងផ្តល់ផ្ទះសំណាញ់ចំនួន ១៧៥ខ្នង សម្រាប់ផលិតផលបន្លែសុវត្ថិភាពដូចគ្នា ជាមធ្យមអាចផលិតបាន ១៣០ តោនក្នុង១វដ្តរដូវប្រមូលផល ឬ ៨១៨ តោនក្នុងមួយឆ្នាំ ដោយផ្តល់ប្រាក់ចំណូលជាមធ្យម ៧៧ពាន់ដុល្លារ ក្នុងមួយវដ្តរដូវ ឬ ៤៥៨ពាន់ ដុល្លារ ក្នុង១ឆ្នាំសម្រាប់លក់ឱ្យសហគមន៍កសិកម្ម។

លើសពីនេះ គម្រោង CASDP នឹងផ្តល់ការគាំទ្រ១០០% សម្រាប់ការកែលម្អផ្លូវកសិកម្ម ដែលមានប្រវែងជាង ៧ គីឡូម៉ែត្រ ដោយចំណាយថវិកាសរុបជាង ៨៥៨ពាន់ដុល្លារនិងប្រព័ន្ធធារាសាស្ត្រក្រៅកសិដ្ឋាន តាមរយៈការស្តារបឹងមួយកន្លែងមានទំហំ ៤៥ម៉ែត្រ x១១០ម៉ែត្រ x២ម៉ែត្រ ចំណាយថវិកាសរុបជាង ៧៦១ពាន់ដុល្លារ៕

Related Articles

Back to top button
error: Content is protected !!