អភិបាលរងខេត្តស្ទឹងត្រែង ណែនាំម្ចាស់អាជីវកម្មរៀបចំបរិស្ថានស្អាត និងមានភាពបៃតង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍

ស្ទឹងត្រែង៖ លោក សែន វ៉ានលស៉ីម អភិបាលរងខេត្តស្ទឹងត្រែង បានណែនាំឱ្យអ្នកប្រកបមុខរបរពាក់ព័ន្ធលើវិស័យទេសចរណ៍ ត្រូវបង្កើនការរៀបចំបន្ថែមលើមូលដ្ឋានកំពុងធ្វើអាជីវកម្មឱ្យមានបរិស្ថានស្អាត មានភាពបៃតង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលបានមកលេងខេត្តស្ទឹងត្រែង មកម្តងហើយឱ្យចង់មកម្តងទៀត។
ក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់និងតម្រង់ទិសដើម្បីវាស់វែងអំពីបដិសណ្ឋារកិច្ចកម្ពុជាបៃតងធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ការជំរុញឱ្យម្ចាស់អាជីវកម្មបង្កើនការរៀបចំបន្ថែមលើមូលដ្ឋានកំពុងធ្វើអាជីវកម្ម ឱ្យមានបរិស្ថានស្អាត មានភាពបៃតងនេះជាគោលដៅចម្បង ព្រោះនៅពេលមានភ្ញៀវទេសចរណ៍មកលេងច្រើនប្រជាពលរដ្ឋយើង ក៏ដូចជាម្ចាស់អាជីវកម្មគ្រប់ប្រភេទ និងរកប្រាក់ចំណូលបានដោយប្រយោលពីវិស័យទេសចរណ៍។
លោកអភិបាករងបានបន្តទៀតថា ប្រការដូចនេះរាល់ម្ចាស់រមណីយដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ត្រូវបង្កើនការគ្រប់គ្រងផ្នែកបរិស្ថាន ឱ្យបានល្អទៅតាមស្តង់ដា។
រាល់ម្ចាស់អាជីវកម្មទាំងអស់យើងត្រូវរៀបចំយ៉ាងណា ឱ្យភោជនីយដ្ឋានយើង អាហារដ្ឋានយើង ឱ្យមានស្តង់ដា ហើយពាក់ព័ន្ធនឹងអនាម័យបរិស្ថានយើងត្រូវ គិតគូរ អំពីសំរាម ដែលយើងត្រូវចោលយ៉ាងណាកុំឲ្យមានសំរាមនៅខាងមុខភោជនីយដ្ឋានរបស់យើង និងនៅតាមបណ្ដាអាជីកម្មផ្សេងៗ។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ដែរថា៖កិច្ចការងារនេះកន្លងមកមន្ត្រីជំនាញផ្នែកសេវាកម្មទេសចរណ៍ បានចុះទៅណែនាំបងប្អូនប្រកបមុខរបរធ្វើអាជីវកម្មពាក់ព័ន្ធ និងវិស័យទេសចរណ៍នេះឱ្យផ្លាស់ប្តូរ កែច្នៃមូលដ្ឋានឱ្យមានសោភ័ណភាពនិងភាពបៃតង ។
លោក អ៊ន ប៉ោសឿន បានបន្ថែមបន្តទៀត ជាមួយគ្នានេះពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវធ្វើឱ្យមានភាពរីកចម្រើនទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុក ជាពិសេសធ្វើការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ នៅក្នុងខេត្តយើងនេះ(សំឡេង)អីចឹងនៅក្នុងនេះមូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ដែលកំពុងតែបម្រើ អាជីវកម្មនេះ ត្រូវតែចូលរួមចំណែកជាមួយមន្ទីរទេសចរណ៍ខេត្ត ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន និងការចូលរួមទាំងពីរគុណភាពសេវាកម្ម ហើយគិតគូរទាំងអស់គ្នា អំពីភាពបៃតងនេះ ដែលជាការរួមចំណែកទាក់ទាញភ្ញៀវទេសចរ មកខេត្តយើងឱ្យបានកាន់តែច្រើន។
លោកស្រី ផិត ហ្វោនតា ម្ចាស់ភោជនីយដ្ឋានស្រស់ស្រាយពេញចិត្ត នៅភូមិបាចុងសង្កាត់ព្រះបាទបានបញ្ជាក់ថា៖ ចំណុចនេះ អ្នកប្រកបអាជីវកម្មបានរួមគ្នាអនុវត្តព្រមៗគ្នា ព្រោះចង់បានអតិថិជនមកគាំទ្រ ឱ្យបានច្រើនជាប្រចាំ ក៏ដូចជានៅពេលមានបុណ្យទានផងដែរ (សំឡេង)ការលក់ដូរហ្នឹងខ្ញុំ ទោះជាមានកម្មវិធីអ្វីចូលឆ្នាំចូលអីឬក៏ភ្ញៀវ ទៅចូលមកលេងគឺតម្លៃនៅដដែលអត់ឡើងថ្លៃ ហើយក៏អត់ក្រោមហ្នឹងដែរ បរិមាណគឺនៅដូចដើម រសជាតិក៏នៅតែឆ្ងាញ់ដដែល។
សូមបញ្ជាក់ថា៖ កម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) ជាគម្រោងរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងសហការផ្តល់មូលនិធិដោយ ភ្នាក់ងារអភិវឌ្ឍន៍ (លីចតេនស្ទីន) ហៅកាត់ថា(LED)។ កម្មវិធី SDP ដំណាក់កាលទី៣ឆ្នាំ (២០២៤ – ២០២៨) ត្រូវបានអនុវត្តដោយ អង្គការស្វីសខន់ថាក់ (Swisscontact) ក្នុងសម្ព័ន្ធជាមួយ involas និង សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងទេសចរណ៍ នៅក្នុងខេត្តគោលដៅចំនួន១២ ក្នុងនោះមានខេត្តក្រចេះ- ស្ទឹងត្រែង- ព្រះវិហារ -មណ្ឌលគិរី- រតនគិរី- ពោធិ៍សាត់- បាត់ដំបង- បន្ទាយមានជ័យ- ឧត្តរមានជ័យ- ប៉ៃលិន- កំពង់ឆ្នាំង- និងខេត្តកោះកុង៕