ឯកឧត្តម ម៉ៅ ឌុង ចុះពិនិត្យបរិវេណឧទ្យានទន្លេស្ងួត ដេីម្បីត្រៀមរៀបចំពិធីអបអរសាទរ សង្ក្រាន្តអូររាំងឪ ២០២៥

ត្បូងឃ្មុំ៖ ឯកឧត្ដម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា សសយក បានចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស. ២៥៦៨ ដេីម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី ឆ្នាំ២០២៥ ដែលនឹងប្រារព្ធឡើងនៅតំបន់សួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោក ឈិន សុជា អភិបាលរងស្រុកអូររាំងឪ និងមន្រ្ដីភូមិ ឃុំ ជាច្រើនអ្នកទៀត។
ក្នុងដំណើរចុះពិនិត្យ និងទស្សនកិច្ច លេីវឌ្ឍនភាព ក្រោយពេលគណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪ បានដាក់ចេញជាផែនការរៀបចំពិធីអបអរសាទរ សង្ក្រាន្តឆ្នាំថ្មី ឯកឧត្ដម ម៉ៅ ឌុង បានចង្អុលបង្ហាញ និងណែនាំលេីការកំណត់ទីតាំងតុបតែងលម្អ ការដាក់បង្ហាញអំពី វប្បធម៌ សាសនា សួនផ្កាស្បៃលឿង១លានគុម្ព របាំ ល្បែងប្រជាប្រិយ តាមបែបប្រពៃណីជាតិខ្មែរ រួមទាំងស្ដង់ពិព័រណ៍ផលិតផល សមិទ្ធផល ស្នាដៃ ក្នុងស្រុកអូររាំងឪ ដែលមានឃុំទាំង៧ សហភាពសហព័ន្ធយុវជនកម្ពុជា ទីបញ្ជាការស្រាល ពេទ្យសង្គ្រោះបឋម សន្ដិសុខសណ្ដាប់ធ្នាប់ បរិស្ថាន ជាពិសេសតំបន់ត្រជាក់ចិត្ត និងឆាកតន្ត្រីផងដែរ។
ឯកឧត្ដមបានបន្ដទៀតថា សូមឱ្យស្មារតីនៃគណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪទាំងអស់គ្នា យកចិត្តទុកដាក់ និងខិតខំយ៉ាងណាដេីម្បី បង្កឱ្យមានលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋស្រុកអូររាំងឪ និងមកពីគ្រប់មជ្ឈដ្ឋានផ្សេងៗ។