លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

វិមាន ៧មករា រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផែ្នកក្រៅប្រព័ន្ធ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អនុប្រធានផែ្នក សមាជិក និងផែ្នកជំនួយការ ប្រមាណជា ២១២នាក់។
បន្ដមក ឯកឧត្ដម ង៉ូវ បូរីណា អនុប្រធានផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអានរបាយការណ៍សរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់ឆ្នាំ២០២៥។
ជាកិច្ចបន្ដមកទៀតឯកឧត្ដម ម៉ឹង ពន្លក សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានផែ្នកក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានអានសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥។
អង្គប្រជុំនេះបានប្រព្រឹត្តទៅជាមួយកម្មវិធី ដូចជា ៖
– បានផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា
– បានពិនិត្យ ពិភាក្សាលើព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ដែលបានអាន និងសុំអនុម័ត្រ
– បានប្រកាសសមាសភាព ថ្នាក់ដឹកនាំនិងសមាជិកដែលបានចាត់តាំងថ្មីក្នុងនោះគឺ អនុប្រធានផ្នែក ចំនួន២ រូបគឺ ឯកឧត្តម ង៉ូវ បូរីណា និងឯកឧត្តម សរ សុពុត្រា និងសមាជិកផ្នែក ចំនួន ២រូប គឺ ឯកឧត្តម ប្រាក់ សោភ័ណ និងលោក ស៊្រន សំឬទ្ធី
– បានប្រជុំបានពិភាក្សា អំពីសកម្មភាព បទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្វះខាតបញ្ហាប្រឈម ឱកាស និងសំណូមពរ ក្នុងការកៀរគរយុវជនក្រៅប្រព័ន្ធ ឱ្យបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
មុននឹងបិទបញ្ចប់ ឯកឧត្ដម ងួន រតនៈ អនុប្រធានផ្នែក នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានចូលរួមជាមតិពិភាក្សា និងផ្ដល់នូវបទពិសោធន៍ការងារលើការដឹកនាំ និងកិច្ចការមូលដ្ឋានជាយុទ្ធសាស្ដ្រ ជូនអង្គប្រជុំផងដែរ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ បានបិទបញ្ចប់នៅវេលាម៉ោង ១១៖៥០នាទីព្រឹក ប្រកបដោយភាតរភាព និងសេចក្ដីរីករាយយ៉ាងក្រៃលែង ព្រមទាំងបានប្រគល់សេចក្ដីសម្រេចតែងតាំងសមាសភាពជូន ថ្នាក់ដឹកនាំ សមាជិក និង ជំនួយការផងដែរ។