រោងចក្របោកគក់ក្រណាត់ បង្កប់ទុយោលួចបង្ហូរទឹកស្អុយចូលក្នុងស្ទឹង ដែលបង្ករផលប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្បែរនោះ
កណ្តាល ៖ ថ្មីៗនេះអង្គភាពយើងខ្ញុំទទួលបានប្រភពព័ត៌មានច្បាស់ការមួយ ដោយលិចលឺមានរោងចក្រមួយកន្លែងបានលួចបង្ហូរទឹកស្អុយចូលក្នុងស្ទឹងស្ទើរតែរាល់ថ្ងៃនាពេលរាត្រី ដោយគ្មានការគោរពច្បាប់រដ្ឋ និងខ្លាចញញើត អាជ្ញាធរមូលដ្ឋានបន្តិចសោះឡើយ ដោយប្រភពបានបញ្ជាក់ថាក្រុមហ៊ុននេះបាន បើកដំណើរការបានរយៈពេលបានប្រហែលជាង ០៦ខែមកហើយ ដែលមានកម្មករធ្វើការជាប្រចាំរាល់ថ្ងៃប្រមាណជាង ២០០នាក់ ដោយក្រុមហ៊ុននេះមានឈ្មោះ វីន តា ហ្គាម៉ិន & ហ្វីនីស៊ីង ឯ.ក និងមានថៅកែ ជាជនជាតិ ដែលមានឈ្មោះ ស៊ូ ចុង ជាម្ចាស់ក្រុមហ៊ុនគ្រប់គ្រងដោយផ្ទាល់ផងដែរ ចំពោះករណីនេះមិនដឹងជាអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានទទួលជ្រាបដែរនោះរឺ យ៉ាងណា? ទីតាំងរោងចក្របង្ហូរទឹកស្អុយខាងលើ ស្ថិតនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បេីតាមការលេីកឡេីងរបស់បុរសម្នាក់ឈ្មោះ ហៀង ជាអ្នកបកប្រែផ្ទាល់ របស់ថៅរោងចក្រ បានអះអាងថាជាទុយោបូបទឹក សម្រាប់ប្រើប្រាស់តែប៉ុណ្ណោះមិនមែនជាទុយោបង្ហូរទឹកស្អុយទេ ។ ប៉ុន្តែប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ប្រសិនជាទុយោបូបទឹក តើទឹកកង្វក់ដែល បង្ហូរចេញចូលក្នុងស្ទឹងនោះហូរមកពីណា ហើយហេតុអ្វីបានជាមានក្លិនស្អុយ?
ពលរដ្ឋបានបន្ដលើកឡើងថា ករណីខាងលើនេះបានបង្ករអោយមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះជាខ្លាំង និងជាពិសេសព្រះសង្ឃ ដែលគង់ និងរស់នៅ រំពឹងការប្រើប្រាស់ទឹកស្ទឹងខាងលើនេះជាប្រចាំថ្ងៃ គឺអាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពបរិស្ថាន និងជាបំផ្លាញដល់ជីវចម្រុះផងដែរ នេះបង្ហាញអោយឃើញថាក្រុមហ៊ុនខាងលើមិនគោរពទៅតាមច្បាប់របស់ក្រសួងពាក់ព័ន្ធសោះឡើយ ជាពិសេសគឺជាបំពានលើសារាចរណ៍ណែនាំរបស់ក្រសួងបរិស្ថាន ដែលបានបំពានផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិនៅត្រង់ មាត្រា៤ មាត្រា៦ មាត្រា៩ថ្មី នៃអនុក្រឹត្រស្តីពីការបំពុលទឹក។
គូសបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានព្រមានចាត់វិធានការក្តៅចំពោះរោងចក្រ ក្រុមហ៊ុន សហគ្រាសណា នៅតែបន្តបង្កូរទឹកកកខ្វក់ចូលក្នុងប្រព័ន្ធទឹកសាធារណៈ ក៏ប៉ុន្តែរោងចក្រ សហគ្រាស មួយចំនួននៅមិនអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងបរិស្ថាននៅឡើយទេ តើមន្ដ្រីជំនាញបរិស្ថាន អាចទប់ស្កាត់រោងចក្រខាងបានដែរឬទេ ឬនៅបណ្ដែតបណ្ដោយបន្ដទៅទៀត?
ប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ ទទូចស្នើសុំ និងសំណូមពរទៅដល់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន មេត្តាអន្ដរាគមន៍ និងជួយទប់ស្កាត់ ព្រមទាំងបង្ក្រាបអោយខានតែបាននូវ ក្រុមហ៊ុនរោងចក្រខាងលើនេះ ដេីម្បីសុខភាពប្រជាពលរដ្ឋ បរិស្ថានរស់នៅស្អាត៕