ឯកឧត្ដមបណ្ឌិត ជា ដែន អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការ បណ្តាញសង្គម និងប្រព័ន្ធគ្រប់គ្រងសមាជិកសមាគម ក្នុងសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ភ្នំពេញ៖ ឯកឧត្ដបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សា សមាគមទីផ្សារកម្ពុជា បានអញ្ជើញចូលរួម ពិធីប្រកាសជាផ្លូវការ បណ្តាញសង្គមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសមាជិកសមាគមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាព លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការចូលរួមពី ប្រធានសមាគម ចំនួន ២៦ សមាគម និងសមាជិក សមាជិកា ប្រមាណជាង ១០០នាក់ ដែលប្រព្រឹត្ដទៅនៅភោជនីយដ្ឋាន The Ming Palace នារសៀលថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤។
ជាមតិចំណាប់អារម្មណ៍ ក្នុងពិធីប្រកាសជាផ្លូវការ បណ្តាញសង្គមសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសមាជិកសមាគមក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកឧត្ដមបណ្ឌិត ជា ដែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានខិតខំរៀបចំនូវព្រឹត្តិការណ៏នេះឡើង ក្នុងទិសដៅគាំទ្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា សំដៅលើការចូលរួមចំណែកកៀរគរសមាគមនានា ដើម្បីចុះឈ្មោះ សមាជិក សមាជិកា និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធគ្រប់គ្រងសមាជិក ដែលស្របតាមគោលការណ៍អភិវឌ្ឍន៍របស់ថ្នាក់ជាតិ និងជាពិសេស លើការចូលរួមបណ្ដុះបណ្ដាលចំណេះដឹង ជំនាញ និងការផ្សព្វផ្សាយព័ត៌មានលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្ដមបណ្ឌិតបានបន្ដទៀតថា ការបង្កើតបណ្ដាញសង្គមជាផ្លូវការនាពេលនេះ ជាការចូលរួមបង្ហាញនូវសកម្មភាពអាជីវកម្ម របស់បងប្អូនប្រជាពលរដ្ឋ ដែលលក់ដូរ តាមផ្ទះ តាមផ្សារ តាមផ្លូវ និងបណ្ដាអាជីវកម្មនានា ទៅកាន់ទីផ្សារ ជាការបង្កឱ្យមានភាពទទួលបាននូវដំណឹង និងមានទីផ្សារលើទិន្នផល ដែលអ្នកក្រៅប្រព័ន្ធប្រមូលបាន តាមរដូវកាល និងតាមការផលិត។ បណ្ដាញសង្គមដែលសម្ពន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកយកមកអនុវត្ដនាពេលនេះ ដែលមានដូចជា(Website) ,Cool App Group , Facebook Page, Telegram Channel & Group និង Tik Tok គឺពិតជាដើរតួរយ៉ាងសំខាន់លើការផ្សព្វផ្សាយដើម្បីជម្រុញឱ្យមានការចាប់អារម្មណ៍បានលឿន រហ័ស ដល់ភាគីដែលមានចំណាប់អារម្មណ៍ប្រើប្រាស់ ឬ ចែកចាយបន្ដ។