ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោត នៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម

ភ្នំពេញ​ ៖​ នារសៀលថ្ងៃសុក្រ ៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោប្រមុខរដ្ឋស្តីទី បានអបអរសាទរចំពោះ ឯកឧត្តម Prabowo Subianto ដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូនេស៊ី។ សម្ដេចតេជោក៏បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។

ឯកឧត្តម Prabowo Subianto បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលឯកឧត្តមបានចាត់ទុកសម្តេចតេជោជាមិត្តដ៏ល្អ។ ឯកឧត្តមបានជម្រាបជូនសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ផងដែរអំពីលទ្ធផលល្អប្រសើរនៃជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមក៏បានស្នើគោរពអញ្ជើញសម្ដេចអធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ចូលរួមក្នុងឱកាសដែលឯកឧត្តមចូលកាន់មុខតំណែងជាប្រធាប្រធានាធិបតីនា នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តមបានកោតសរសើរ និងចាត់ទុកសម្ដេចតេជោដែលបានដឹកនាំប្រទេសកម្ពុជាបានល្អប្រសើរ ជាពិសេសក្នុងពេលដែលប្រទេសជួបនូវភាពស្មុគស្មាញ និងបានកសាងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តមក៏បានរៀនសូត្រច្រើនពីការដឹកនាំរបស់សម្ដេចតេជោ ហើយក្នុងនាមសម្ដេចជាប្រធានព្រឹទ្ធសភាឯកឧត្តមសង្ឃឹមថា នឹងធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា ទស្សនកិច្ចរយៈពេលខ្លីរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីបង្កើនមិត្តភាព និងពង្រឹងទំនាក់ទំនង រវាងសាធារណរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តមបានបង្ហាញបំណងពីការបន្តនូវកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច និងវិស័យជាច្រើនទៀតរួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងចង់ឱ្យយុវជនកម្ពុជាទៅបន្តការសិក្សានៅប្រទេសឥណ្ឌូនេស៊ី។ ឯកឧត្តមក៏មានបំណងពង្រីកបន្ថែមទៀតនៅវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងបង្កើនជើងហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៃប្រទេសទាំងពីរ ដែលនឹងសម្រួលដល់ការផ្លាស់ប្ដូរការធ្វើដំណើររបស់ប្រជាជន និងប្រជាជន។ ឯកឧត្តមបានប្តេជ្ញាថា នៅក្នុងពេលឯកឧត្តមក្លាយជាប្រធានាធិបតីនៅពេលខាងមុខ នឹងបន្តនូវចំណងទាក់ទងមិត្តភាពជាមួយកម្ពុជាឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ជាកិច្ចឆ្លើយតប សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានអបអរសាទរចំពោះឯកឧត្តម ដែលនឹងបន្តដឹកនាំសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាមិត្តរបស់កម្ពុជា ហើយសម្ដេចចាត់ទុកថាឥណ្ឌូនេស៊ីគឺជាមិត្តចាស់ ហើយឥណ្ឌូនេស៊ីបានចូលរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរបស់កម្ពុជាជា ពិសេសក្នុងការដើរតួនាទីសហប្រធានសន្និសីទ នៃទីក្រុងប៉ារីស។ ប្រទេសឥណ្ឌូនេស៊ីបានផ្ដល់ជាទីកន្លែង សម្រាប់កិច្ចប្រជុំរវាងភាគីកម្ពុជា និងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ។ សម្ដេចតេជោបានសម្តែងនូវការពេញចិត្តចំពោះមតិយោបល់របស់ឯកឧត្តម Prabowo Subianto​ ក្នុងបំណងដែលជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងឥណ្ឌូនេស៊ី នៅក្នុងសមាគមអាស៊ាន។សម្តេចតេជោក៏បានសម្ដែងនូវការពេញចិត្តផងដែរចំពោះទំនាក់ទំនងក្នុងវិស័យការពារជាតិដែលឥណ្ឌូនេស៊ីបន្តការហ្វឹកហ្វឺនដល់យោធារបស់កម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពរបស់ប្រទេស ក៏ដូចជារួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ផងដែរ។

ទាក់ទងទៅនឹងការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ី មកកាន់ប្រទេសកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា គួរត្រូវបង្កើនថែមទៀតដើម្បីលើកកម្ពស់ទំនាក់ទំនងឲ្យកាន់តែប្រសើរឡើង ហើយសម្ដេចតេជោសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍សាធារណរដ្ឋឥណ្ឌូនេស៊ីនិងក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជានឹងពិនិត្យមើលក្នុងការបន្ថែមជើងហោះហើររវាងទីក្រុងធំៗនៃប្រទេសទាំងពីរ ដើម្បីនាំទេសចរណ៍ទាំងប្រជាជនឥណ្ឌូនេស៊ី និងនាំទេសចរណ៍ពីបណ្ដាប្រទេសផ្សេងៗផងដែរមកកម្ពុជា។ សម្ដេចតេជោបានសម្ដែងនូវការលើកទឹកចិត្តដល់ឥណ្ឌូនេស៊ីក្នុងការបង្កើនទំហំពាណិជ្ជកម្មបន្ថែមទៀតជាពិសេសក្នុងវិស័យសន្តិសុខស្បៀងដែលឥណ្ឌូនេស៊ីត្រូវការស្បៀងពីកម្ពុជាដូចជា ស្រូវ អង្ករ និងផលិតផលកសិកម្មដទៃទៀត។ សម្តេចតេជោបានចាត់ឱ្យឯកឧត្តម Prabowo Subianto ពិចារណាក្នុងការឲ្យក្រុមហ៊ុនឥណ្ឌូនេស៊ីមកដាក់ទុន១០០% ក្នុងការបង្កើតឃ្លាំងការប្រមូលទិញស្រូវ បង្កើតជាម៉ាស៊ីនកិនស្រូវ និងការវិចខ្ចប់ដើម្បីដឹកជញ្ជូននាំចេញទៅសាធារណរឥណ្ឌូនេស៊ី និងបណ្ដាប្រទេសផ្សេងទៀត។

ទាក់ទងទៅនឹងការអញ្ជើញសម្ដេចទៅចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ឯកឧត្តម ជាប្រធានាធិបតីនាពេលខាងមុខនេះ សម្តេចតេជោប្រមុខរកស្ដីទីបានទទួលយកការអញ្ជើញ ហើយនឹងផ្ដល់ជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីទៅចូលរួម ហើយក្នុងករណីសម្តេចធិបតីជាប់ភារកិច្ច សម្តេចនឹងអញ្ជើញទៅចូលរួម។ សម្តេចតេជោ និងឯកឧត្តម Prabowo Subianto បានពិភាក្សាគ្នាអំពីការផ្លាស់ប្ដូរយោបល់ ជុំវិញសុភាពការណ៍ក្នុងតំបន់ មានបញ្ហានៅសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាម៉ាដែលទាំងសម្ដេចតេជោ និងឯកឧត្តម​Prabowo Subianto សុទ្ធតែមានទស្សនៈក្នុងការធ្វើឲ្យតំបន់ទាំងនោះ មានសុខសន្តិភាព ស្ថិរភាពដែលបម្រើផលប្រយោជន៍ជូនដល់ប្រជាជនទាំងមូល។

ជាចុងក្រោយ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានជូនពរឯកឧត្តម Prabowo Subianto សូមឲ្យឯកឧត្តមទទួលបាននូវភាពជោគជ័យ សម្រាប់ភារកិច្ចជាប្រធានាធិបតីដឹកនាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងបន្តទំនាក់ទំនងល្អជាមួយកម្ពុជា និងសហការក្នុងការលើកកម្ពស់សហប្រតិបត្តិការ សហគមន៍អាស៊ានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Related Articles

Back to top button
error: Content is protected !!