មន្រ្ដីភូមិបាល និងសុរិយោដី ឈ្មោះ វ៉ន ចេក ធ្វើការនៅកន្លែងណាឱ្យប្រាដកទៅ មានឈ្មោះបំរេីការងារ នៅស្រុកអង្គស្នួល តែខ្លួនមកធ្វើសកម្មភាព នៅស្រុកស្អាងរាប់ឆ្នាំ ដូចជាចំឡែក..!
កណ្តាល៖ ប្រជាពលរដ្ឋ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ដាក់កាងើយឆ្ងល់ ហេីយលេីកតាំងជាសំនួរថា តេីលោក វ៉ន ចេក មានតួនាទីជាអ្វីឱ្យពិតប្រាកដ ហើយជាមន្ត្រីបំពេញភារកិច្ចនៅកន្លែងណាឱ្យពិតប្រាកទៅ?
ប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា ដោយសារតែមួយរយៈកាល កន្លងមកនេះ ហាក់មានភាពចម្រុងចម្រាស់ លេីបញ្ហាដីធ្លីជាច្រើនកន្លែង ស្ថិតនៅក្នុងស្រុកស្អាង ខេត្តកណ្តាល ក្នុងនោះមានដូចជា ឃុំខ្ពប ឃុំប្រាសាទ និងឃុំតាលុនជាដេីម គឺមានទំនាស់ដីធ្លីដ៏រាំរ៉ៃ ជាការគួឱ្យកត់សម្គាល់។
បើយោងតាម លោក លី វណ្ឍនី ប្រធានការិយាល័យភូមិបាល និងសុរិយោដី ស្រុកអង្គស្នួល បានឱ្យដឹងថា ឈ្មោះ វ៉ន ចេក គឺជាមន្ត្រី ភូមិបាល និងសុរិយោដី បំពេញកាតព្វកិច្ចនៅក្រុងអង្គស្នួល ត្រូវបានចាត់បញ្ជូនឱ្យទៅជួយការងារ នៅស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល ហើយរូបលោកពុំបានដឹងនោះទេថា លោក វ៉ន ចេក មានលិខិតចាត់បេសកកម្ម ឬមិនមាននោះទេក្នុងបច្ចុប្បន្ននេះ បេីតាមតែដឹង គឺគេបានចាត់ឱ្យ គាត់ទៅ កាលដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកម្ល៉េះ។
មហាជននៅតែមានចិត្តកេីតឆ្ងល់ និងចោទជាសំនួរយ៉ាងដូច្នេះថា តេីលោក ចាប ពលវឌ្ឍន៍ ប្រធានការិយាល័យភូមិបាល និងសុរិយោដី ស្រុកស្អាង ខេត្ដកណ្តាល ខ្វះមនុស្សមានសមត្ថភាពធ្វើការមែនឬទេ បានចាំបាច់អីយក ឈ្មោះ វ៉ន ចេក ជាមន្ត្រី មកពីស្រុកអង្គស្នួល ទៅធ្វើការនៅក្នុងមូលដ្ឋានរបស់លោកទៅវិញ?
ប្រជាពលរដ្ឋបានបន្តថា ទោះបីជាយ៉ាងណាក្តី ការចាត់មន្ត្រីឱ្យចុះទៅជួយកន្លែងណា គេ
សង្តេតឃើញដូចជាមានលិខិតបញ្ជាបេសកកម្ម ឬចាត់ឱ្យមន្ត្រីនោះទៅដោយស្របច្បាប់ និងមានកាលបរិច្ឆេទ អំពីថ្ងៃកំណត់វិលចូលត្រលប់មកទីកន្លែងការងាររវិញ។ ក៏ប៉ុន្តែហេតុអីបានជា ឈ្មោះ វ៉ន ចេក ឱ្យទៅចុះជួយការងារស្រុកស្អាង ក្នុងនាមជាប្រធានក្រុមវាល បានរហូតដល់រាប់ឆ្នាំ ដោយមិនមានកាលបរិច្ឆេទថ្ងៃកំណត់វិលត្រលប់ចូលមកទីកន្លែងការងាររវិញ ដូច្នេះអញ្ចឹង? ។
មហាជនបានដាក់កាសង្ស័យថា ប្រហែលជាដីនៅតំបន់ស្រុកស្អាង ខេត្តកណ្ដាល កំពុងត្រូវប៉ាន់ទេដឹង បានជា លោក វ៉ន ចេក សុខចិត្ដសម្ងំទីនោះ បានយូបែបនេះ? ឬមួយ លោក វ៉ន ចេក មានអ្វីបិទបាំង មិនឱ្យថ្នាក់ដឹកនាំកំពូលបានដឹង? ។
បេីតាមប្រភពពីប្រជាពលរដ្ឋម្នាក់ទៀត សូមមិនបញ្ចេញឈ្មោះបានប្រាប់អង្គភាពសារព័ត៌មានយើងថា ចាប់តាំងពី ឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង គេបានឃើញ លោក វ៉ន ចេក តែងតែធ្វេីការវាស់វែងដីធ្លី ឱ្យជាន់ឈ្មោះគ្នា លេីទីតាំងដីតែមួយកន្លែង បង្កើតបញ្ហាមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលដីរបស់ពួកគាត់ គឺកំពុងគ្រប់គ្រង និងបានធ្វេីការអាស្រ័យផលជាយូឆ្នាំមកហើយ ពោលពុំដែលមានបញ្ហាអ្វីនោះទេ ទើបតែពី ឈ្មោះ វ៉ន ចេក មកកាន់ជាប្រធានក្រុមវាលស្រុកស្អាង ប្រជាពលរដ្ឋចេះតែមានបញ្ហារឿងប្លង់ដីជាន់គ្នា មិនចេះចប់មិនចេះហើយទាល់តែសោះ និងរហូតមកដល់បច្ចុប្បន្ននៅតែគ្មានដំណោះស្រាយ ដែលជាកត្តាធ្វើឱ្យប្រជាពលរដ្ឋ មានការលំបាក ក្នុងការទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ជាប្រព័ន្ធចេញដោយរដ្ឋ ។
ជុំវិញករណីចុះផ្សាយខាងលើនេះ អង្គភាពយើងខ្ញុំ រងចាំទទួលការស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ពន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕