ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តយុវជនឱ្យខិតខំពង្រឹងសមត្ថភាព កុំផ្ដេកផ្ដួលតែលើសមិទ្ធផលអ្នកជំនាន់មុនខំកសាង

ភ្នំពេញ : ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី          រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តយុវជន និងសិស្សានុសិស្ស បន្តខិតខំថែរក្សាការពារសុខសន្តិភាព និងមនុញ្ញផលទាំងឡាយដែលកើតចេញពីការខិតខំប្រឹងប្រែងកសាង និងបន្សល់ទុក ដោយថ្នាក់ដឹកនាំ និងចាស់ទុំជំនាន់មុន រាប់ទាំងឪពុកម្ដាយ និងបុព្វការីជន ដែលបានធ្វើឱ្យប្រទេសជាតិ និងក្រុមគ្រួសារ មានភាពប្រសើរឡើងដូចសព្វថ្ងៃ។ ការលើកទឹកចិត្តនេះ ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងក្លោងទ្វារវត្តចំប៉ាសួស្ដី ហៅវត្តអន្លង់ទ្រា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

គួររំលឹកផងដែថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលជាថ្នាក់ដឹកនាំបន្តវេនមួយរូប នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានរម្លឹកបន្ថែមថា ក្នុងនាមជាទំពាំងស្នងឬស្សី យុវជនមិនត្រូវផ្ដេកផ្ដួលសំងំសុខស្រួលតែជាមួយនឹងមនុញ្ញផលដែលកើតចេញពីការបន្សល់ទុករបស់អ្នកជំនាន់មុន ដោយភ្លេចគិតគូរពីការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងចំណេះដឹងនោះឡើយ។

សបញ្ជាក់ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបអង្គពិធី និងយុវជនអំពីគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវ័យរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត    នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះក៏ដៅយកការពង្រឹងធនធានមនុស្សជាអាទិភាព។ ធនធានមនុស្ស ដែលបើតាមប្រមុខក្រសួងមហាផ្ទៃ ជាកត្តាគន្លឹះដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បានប្ដេជ្ញាចិត្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត បន្តពីរាជរដ្ឋាភិបាលនីតិកាលកន្លងទៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដោយផ្ដោតលើការពង្រឹងគុណភាពអប់រំទាំងថ្នាក់មូលដ្ឋាន ក្រោយឧត្តមសិក្សា ការផ្ដល់អាហារូបករណ៍ និងការពង្រីកទីផ្សារការងារជាដើម៕

Related Articles

Back to top button
error: Content is protected !!