ព័ត៌មានជាតិ

តុលាការខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសជនសង្ស័យ ២នាក់ ពីបទបំផ្លាញផលនេសាទ ដោយប្រើឧបករណ៍ឆក់ និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ ២នាក់ ម្នាក់ឈ្មោះ វើយ ចាន់រុំ អាយុ ៣១ ឆ្នាំ រស់នៅភូមិតារង ឃុំពន្លៃ ស្រុកភ្នំស្រុក និងឈ្មោះ ងួន យ៉ាន់ អាយុ ៣៩ ឆ្នាំ រស់នៅភូមិតាដួង ឃុំផ្គាំ ស្រុកស្វាយចេក ត្រូវតុលាការខេត្តបន្ទាយមានជ័យ ផ្តន្ទាទោសពីបទនេសាទផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ ដោយប្រើឧបករណ៍ឆក់ ធ្វើឲ្យខូចខាតធនធានធម្មជាតិ និងប្រើប្រាស់សារធាតុញៀន នៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ។

ជនទាំង ២ នាក់នេះ ត្រូវមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពអាងត្រពាំងថ្ម រួមសហការជាមួយកម្លាំងនរគរបាលស្រុកភ្នំស្រុក និងបុគ្គលិកអង្គារ WCS ចុះល្បាតនៅចំណុចត្រពាំងចកតូច បានប្រទះឃើញជនសង្ស័យ ៥ នាក់ ទូកស្មាច់ ៤ គ្រឿង កំពុងធ្វើសកម្មភាពឆក់ត្រីយ៉ាងអនាធិបតេយ្យ ។ ឃើញសភាពការណ៍បែបនោះ ក្រុមការងារបានសុំបន្ថែមកម្លាំង រួចចុះបង្ក្រាបភ្លាមៗទាន់ចិត្តដោយដេញចាប់ប្រផាប់ប្រភីង តែជនង្ស័យរត់រួច ៣ នាក់ ឃាត់ខ្លួនបាន ២នាក់ គឺ វើយ ចាន់រុំ និង ងួន យ៉ាន់ នេះឯង រួមនឹងវត្ថុតាង មានដូចជា ទូកស្មាច់ប្រវែង ៧,៩ ម៉ែត្រ ១ គ្រឿង ម៉ាស៊ីន HINOTA កម្លាំង ២៥ សេះ ១ គ្រឿង កន្ត្រកដាក់សម្ភារឆក់ ១ ធុងដាក់ត្រី ១ យកមករក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រុក ។

បន្ទាប់ពីចាប់ឃាត់ខ្លួនបានហើយ កម្លាំងអធិការស្រុកបានធ្វើតេស្តរកសសារធាតុញៀន ឃើញមានផ្ទុកសារធាតុញៀនក្នុងខ្លួន ។

វើយ ចានរុំ ជាអត្តសញ្ញាណចាស់ ដែលមន្ទីរបរិស្ថានខេត្តបានបញ្ជូនសំណុំរឿងទៅតុលាការ លើករណីបទល្មើសនេសាទដោយខុសច្បាប់ម្តងរួចមកហើយ កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៣ ក្នុងតំបន់ការពារអាងត្រពាំងថ្ម ។ មិនតែប៉ុណ្ណោះ ជននេះ បានប្រមូលគ្នីគ្នាជាច្រើននាក់មកឡោមព័ទ្ធ គំរាមកំហែងប្រមាថជីវិតលើសមត្ថកិច្ចជំនាញ និងបានយកថ្នោលទូកវាយមកលើលោក ផែ សុខន ជាមន្ត្រីមន្ទីរបរិស្ថាន និងលោក ស្មិញ ខ្មៅ សមាជិកគណៈកម្មាធិការសហគមន៍ រងរបួសធ្ងន់ និងបានប្លន់សម្ភារ និងប្រាក់យ៉ាងក្រាសក្រែលទៀតផង ។

យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ជំពូក១០ មាត្រា ៦១ ក្នុងចំណុចទី ៦ ចំណុចទី ៧ និងមាត្រា ៦៣ ត្រូវផ្តន្ទាទោសថ្នាក់ទី ៣ អវចីនៃជនល្មើសត្រូវតុលាការសម្រេចដាក់ពន្ធនាគារ ៕

Related Articles

Back to top button
error: Content is protected !!