ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋជួបបញ្ហប្រឈមកង្វះខាតទឹក​ប្រេីប្រាស់ប្រចាំ​ ប្រមាណជាង ៧ ពាន់គ្រួសារ

ពោធិ៍សាត់ ៖  ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងមន្ទីជំនាញនិងអាជ្ញាធរមូលដ្ឋានអញ្ជើញចុះទៅត្រួតពិនិត្យប្រជាពលរដ្ឋ ចំនួនប្រមាណជាង ៧ពាន់គ្រួសារ ដែលបានស្នើសុំជួយអន្តរាគមន៍ដោយកំពុងបានជួបប្រឈមបញ្ហាកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

នៅក្នុងការចុះត្រួតពិនិត្យជាក់ស្ដែងនៃទីតាំងខាងលើនោះលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបានលើកឡើងចំនួន៥ចំណុចថា៖ ១. អ្នកដែលមានអាជ្ញាបណ្ណអូសទឹកស្អាតឱ្យបានលឿន ត្រូវចាត់មន្ត្រីជំនាញដើម្បីចុះពិនិត្យមើល បន្ថែម លើទីតាំងដែលត្រូវប្រឈម បុកអណ្ដូងទឹកបន្ថែមជូនគាត់មួយចំនួនទៀត ស្រះទឹក និងមានវិធានការចាំបាច់ ព្រមទាំងផ្តល់ កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ទី២. ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយ រងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ។
៣. ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេសនិងក្នុងស្រុក ដើម្បីជួយមានវិធានការ និងផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។
៤. អាជ្ញាធរត្រូវឲ្យប្រជាពលរដ្ឋដែលចាក់ដីលប់ផ្លូវទឹកធ្វើលំនៅដ្ឋានត្រូវចាត់វិធានការឲ្យកាយផ្លូវទឹកវិញជាបន្ទាន់ និងពិនិត្យការផ្គត់ផ្គង់ទឹក និងចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណីប្រជាពលរដ្ឋ នៅជនបទត្រូវការ។
ទី៥. មធ្យោបាយតែមួយគត់ត្រូវប្រើម៉ាសុីនប៉ូមទឹកចេញពីស្ទឹងពោធិ៍សាត់ដាក់ចូលមេប្រឡាយរូចហើយបើកទ្វាទឹកបញ្ជូនឲ្យមកដល់គ្រប់ទីតាំងដែលកំពុងខ្វះខាតទឹកប្រើប្រាស់នេះតែម្ដង ហើយត្រូវធ្វើរបាយការណ៍ និងរាយការណ៍ជាប្រចាំ មកអាជ្ញាធរស្រុកនិងខេត្តដើម្បីមានវិធានការបន្ទាន់។

ជាការកត់សម្គាល់ ការខ្វះខាតទឹកប្រើប្រាស់ និងបរិភោគ នៅខេត្តពោធិ៍សាត់មិនមែនជាលើកទីមួយនោះទេ កន្លង មក ឱ្យ តែដល់រដូវប្រាំងម្តងៗ ជាពិសេសនៅក្នុងខែមេសា ឆ្នាំ២០២៤ ហើយសម្រាប់ ឆ្នាំ ២០២៤ អាកាសធាតុនារដូវប្រាំងឆ្នាំនេះ មានការឡើងកម្ដៅខ្លាំងជាងឆ្នាំមុនៗ ហើយកម្ពុជា និងប្រឈមនឹងគ្រោះរាំងស្ងួត ធ្ងន់ធ្ងរ ក្នុងក្របខណ្ឌ នៅទូទាំង ប្រទេស ដោយសារបរិមាណទឹកភ្លៀង ក្រោមមធ្យមភាគប្រចាំឆ្នាំ។


ជាចុងក្រោយ លោក យាំ យ៉េន មេឃុំតាលោរូមទាំងប្រជាពលរដ្ឋទាំង ៧.៥៧៦ គ្រួសារ និងអាជ្ញាធរស្រុកបានសម្ដែងការត្រេកអរយ៉ាងខ្លាំងដល់លោកអភិបាលខេត្តនិងមន្ទីរពាក់ព័ន្ធទាំងអស់ដែលបានមកជួយអន្តរាគមន៍នៅក្នុងឃុំតាលោចំនួន ២២ភូមិកំពុងប្រឈមនិងកង្វះខាតទឹកសម្រាប់ការប្រើប្រាស់និងបរិភោគ ព្រោះបើសិនជាមេឃនៅតែបន្តរាំងស្ងួតមិនមានភ្លៀងរយៈពេល ១៥ថ្ងៃ ឬ ២០ ថ្ងៃខាងមុខទៀតពលរដ្ឋនៅទីនេះនឹងជួបការលំបាកហើយ៕

ដោយ : ដួង សុីថន

Related Articles

Back to top button
error: Content is protected !!