ព័ត៌មានជាតិ

ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវិធីសង្ក្រាន្តអូររាំងឪ..

ខេត្តត្បូងឃ្មុំ÷ នៅសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម​ ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូររាំងឪ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ,ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកអូររាំងឪ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដែលប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុង​សួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចួលរួមយ៉ាងច្រើនកុះករពីសំណាក់ មន្ត្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ត្រីថ្នាក់ដឹកនាំខេត្ដ​ និងសាលាស្រុកអូរាំងឪ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន​ សសយក​ ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនបានមក​ពី​គ្រប់​ទិសទី​។

ក្នុងនោះដែរ​ ឯកឧត្តម ង៉ូវ បូរីណា បានអញ្ជើញដឹកនាំចូលរួម​ ពិធី​ពូនភ្នំខ្សាច់ និងស្រង់ទឹកព្រះ ព្រមទាំង​លេងល្បែងប្រជាប្រិយ​ ទាញព្រ័ត និងវាយក្អម និងបន្តទៅទស្សនាកីឡាបាល់ទះផងដែរ។

គូសបញ្ជាក់ផងដែរថា៖ ព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ​ ឆ្នាំ​២០២៤​ ដែល​ប្រារព្ធ​រយៈពេល ៥ថ្ងៃ​ ឃេីញ​មានប្រជាពលរដ្ឋ​ និងភ្ញៀវ​ទេសចរណ៍​ជាតិ និងអន្តរជាតិចូល​រួម​កម្សាន្តយ៉ាងច្រេីន​កុះករ​ សរុបប្រមាណ​ ១០៣,០០០​ នាក់​ សម្រាប់​ ថ្ងៃ​ទី​១២​ មេសា​ ១២,៥០០នាក់​ ថ្ងៃ​ទី​១៣​ មេសា​ ១៧,៥០០នាក់​ ថ្ងៃ​ទី​១៤​ មេសា​ ២១,៥០០​ នាក់
ថ្ងៃ​ទី​១៥​ មេសា​ ២៥,៥០០​ នាក់​ និងថ្ងៃ​ទី​១៦​ មេសា​ ២៦,០០០​ នាក់

ឯកឧត្តម បានមានប្រសាសន៍ទៀតថា សង្ក្រាន្តគឺជាពិធីបុណ្យប្រពៃណីជាតិ ដ៏សារៈសំខាន់សម្រាប់ជនជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក តែងមានទំនៀមទម្លាប់ជួបជុំគ្នាដើម្បីសំដែងនូវរបាំ និងលេងល្បែងប្រជាប្រិយ៍នានាជាច្រើនដើម្បីកំសាន្តសប្បាយ ប្រកបដោយសាមគ្គីភាព និងភាតរៈភាពមិនដែលអាក់ខានឡើយ ជាពិសេសដើម្បីលើកស្ទួយពីវប្បធម៌ប្រពៃណីជាតិខ្មែររបស់ប្រទេសកម្ពុជា ឲ្យទូលំទូលាយលើឆាកអន្តរជាតិ។

ចុងបញ្ចប់ឯកឧត្តមបានប្រគល់ប័ណ្ណសរសើរដល់ក្រុមការងារដែលបានរៀបចំកម្មវិធីសង្ក្រាន្តអូររាំងឪ រួមនឹងកីឡាករបាល់ទះដែលបានទទួលជ័យលាភីលេខ ១ លេខ២ និងលេខ៣ ផងដែរ។

Related Articles

Back to top button
error: Content is protected !!