ព័ត៌មានជាតិព័ត៌មានអន្តរជាតិ

COP-28៖ កម្ពុជាលើឆាកអន្តរជាតិក្នុងការរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ

ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។ កម្ពុជាមានកិត្តិយសគួរជាទីមោទនៈ នៅលើឆាកអន្តរជាតិពីសន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) ដោយទទួលបានការចុះហត្ថលេខាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលើឯកសារ របស់ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ស្តីពីតួនាទី និងភារកិច្ចសម្រាប់សហស្ថាបនិក និងសមាជិក  ក្រោមប្រធានបទ ស្តីពីសម្ព័ន្ធភាពជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធស្បៀង ។

បន្ថែមពីនេះ កម្ពុជាទទួលការអញ្ជើញពីសន្និសីទកំពូលនេះ ឱ្យថ្លែងសុន្ទរកថាគន្លឹះ ស្តីពីការពន្លឿនការផ្លាស់ប្តូរនៅបណ្តាញអាកាសធាតុ និងអាហារូបត្ថម្ភ (Nutrition-Climate Nexus)។  នៅក្នុងសុន្ទរកថាគន្លឹះ កម្ពុជាដែលតំណាងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ចាក់លើការងារអាទិភាពថា ដើម្បីឆ្លើយតបនឹងប្រធានបទនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពរួចទៅហើយ នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលយុទ្ធនាការនេះបានធ្វើឱ្យកម្ពុជាស្អាត និងឈានសំដៅដល់កាត់បន្ថយលំហូរប្លាស្ទិកចូលទៅក្នុងដែនទឹក ដែលត្រីជាប្រភពប្រូតេអុីនសម្រាប់ប្រជាពលរដ្ឋកម្ពុជាផង និងប្រជាពលរដ្ឋសកលផង។ ការបណ្តុះដើមឈើជាង១លានដើមក្នុង១ឆ្នាំ សំដៅលើការបង្កើនគម្របព្រៃឈើឱ្យបាន ៦០% ត្រឹមឆ្នាំ២០៥០ និងចូលរួមកែប្រែគុណភាពដីសម្រាប់ដំណាំកសិកម្ម ។

លទ្ធផលគួរជាទីមោទនៈមួយទៀតនៅថ្ងៃដដែលនេះ កម្ពុជានឹងត្រៀមដាក់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពទៅជាអង្គភាពទទួលស្គាល់ដែលមានលក្ខណៈឯករាជ្យភាព អធិបតេយ្យភាពកម្ពុជា និងភាពជាម្ចាស់(Accredited Entity) ដោយមានការគាំទ្រ និងសន្យាជួយសម្របសម្រួលពីលោកស្រី Nonhlanhla Zindela អគ្គនាយិការង និងជាប្រធានកម្មវិធីមូលនិធិបរិស្ថានបៃតង Green Climate Fund (GCF) ឱ្យបានក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ហើយនឹងឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។

សូមរម្លឹកជូនថា សន្និសីទកំពូលបណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៨ (COP28) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួមនាឆ្នាំនេះ មានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ៕

Related Articles

Back to top button
error: Content is protected !!