ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ….

ភ្នំពេញ៖ មួយជំហានបន្ទាប់ ក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសម្រេច និងឯកភាពជាមួយគ្នាលើវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីការពារ អភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជា ។ សេចក្តីសម្រេច និងការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ នាថ្ងៃសុក្រនេះ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានអោយដឹងថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានសម្រេចរួចហើយ នូវគោលការណ៍ យន្តការ និងការពង្រឹងលើការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលដែលមានជាធរមាននេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

ជាមួយគ្នានេះកងរាជអាវុធហត្ថបានត្រៀមកម្លាំង រួមនឹងមធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច និងអាជ្ញាធររាជធានី ខេត្ត ចំពោះករណី បទល្មើសទាំងឡាយណាដែលមានការលំបាក ហើយដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដោយប្រសិទ្ធភាព ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាំបាច់ត្រូវមានការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដារ “SOP” ។

សូមជម្រាបជូនផងដែរថា កិច្ចពិភាក្សានិងមានការឯកភាពនូវគោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងសហការី បានធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ និងគ្រឿងបំពាក់មធ្យោបាយ ដែលត្រៀមសម្រាប់កិច្ចអន្តរាគមន៍ទូទាំងប្រទេស…៕

Related Articles

Back to top button
error: Content is protected !!